អ្នកនាំចេញអង្ករកម្ពុជាកំពុងស្វះស្វែងរកដំណោះស្រាយ ខណៈពាណិជ្ជករអាមេរិក ស្នើឱ្យរដ្ឋាភិបាលខ្លួនលុបចោលប្រព័ន្ធអនុគ្រោះពន្ធ GSP លើអង្ករនាំចូល

1738

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃច័ន្ទនេះ បានបើកកិច្ចប្រជុំពិភាក្សា និងប្រមូលធាតុចូលជាបន្ទាន់ ទាក់ទងនឹងការស្នើរបស់សហព័ន្ធស្រូវអង្ករអាមេរិក (USA Rice Federation) ទៅកាន់គណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិអាមេរិក (USITC)

លើគម្រោងញត្តិលុបចោលកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម (GSP) លើអង្ករនាំចូលអាមេរិក ដែលក្នុងនោះមានអង្ករកម្ពុជាផងដែរ។

ការរៀបចំកិច្ចប្រជុំបន្ទាន់នេះ គឺដើម្បីឆ្លើយតបទៅនឹងការដែលសហព័ន្ធស្រូវអង្ករអាមេរិក បានស្នើដល់គណៈកម្មការពាណិជ្ជកម្មអន្តរជាតិអាមេរិក (USITC) ឱ្យលុបចោលបញ្ជីទំនិញដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្ថិតក្រោមប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម (GSP) លើប្រភេទអង្ករនាំចូល ខណៈដែលកន្លងមកសហរដ្ឋអាមេរិករួមមាន ប្រទេសថៃ វៀតណាម ប្រេស៊ីល ឥណ្ឌា ភូមា និងកម្ពុជា។

ឧកញ៉ា សុង សារ៉ន ប្រធានសហព័ព្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ការនាំចូលអង្ករកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមិនបានប៉ះពាល់ដល់កសិករសហរដ្ឋអាមេរិកនោះទេ ដោយហេតុថា ទីមួយ បរិមាណនាំចេញអង្ករកម្ពុជាទៅកាន់សហរដ្ឋអាមេរិក គឺមានត្រឹមតែប្រមាណ ២០០០តោនប៉ុណ្ណោះក្នុងមួយឆ្នាំ និងទីពីរ គឺប្រភេទអង្ករដែលកម្ពុជានាំចូលទៅអាមេរិកជាប្រភេទ Indica Rice  ប្រភេទសរីរាង្គ និងអង្ករក្រអូបរំដួលដែលខុសពីប្រភេទអង្ករដែលកសិករសហរដ្ឋអាមេរិកដាំដុះ ពោលគឺ Japonica Rice និង Carlrose Rice។

ជាមួយគ្នានេះលោក យ៉ន សុវណ្ណ សមាជិកក្រុមប្រឹក្សាភិបាលក៏បានផ្តល់ធាត់ចូលមួយចំនួននៃគុណសម្បត្តិអង្ករកម្ពុជាដែលជួយដល់សុខភាពអ្នកប្រើប្រាស់ ហើយមិនគួរលុបចោលប្រព័ន្ធGSP លើការនាំចូលអង្ករកម្ពុជាក្នុងទីផ្សារសហរដ្ឋអាមេរិកនោះឡើយ។

តាមឧកញ៉ា សុង សារ៉ន បន្ទាប់ពីអង្គប្រជុំបានពិភាក្សាផ្លាស់ប្តូរយោបល់ និងបន្តយកទៅពិភាគ្សាបន្ថែមជាមួយស្ថាប័នគោលនយោបាយ និងក្រសួងពាក់ព័ន្ធនានានៅពេលខាងមុខ ដើម្បីរកដំណោះស្រាយសមស្របមួយ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា លទ្ធផលនៃការនាំចេញអង្ករដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ ២០២០ សម្រេចបានជិត ៤០ម៉ឺនតោន បានកើនឡើង ៤១,២៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមថា ការនាំចេញអង្កររបស់កម្ពុជានៅឆ្នាំ ២០២០នេះ នឹងអាចសម្រេចបានប្រហែល ៨០ម៉ឺនតោន ឬក៏អាចច្រើនជាងនេះ៕

អត្ថបទ៖ សៀម ប៊ុនធី