សម្តេចតេជោ ហ៊ុន សែន មិន​ឯកភាព ​ចំពោះ​សំណើ​ នាំចូលជ្រូក ១លានក្បាល ​ពីប្រទេសថៃ

1196

ព្រៃវែង៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការមិនឯកភាពចំពោះសំណើសុំនាំចូលជ្រូកចំនួន ១លានក្បាលក្នុងមួយឆ្នាំ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញបន្តទៅកាន់ប្រទេសវៀតណាម។

ការមិនឯកភាពនេះ ត្រូវបានលើកឡើងជាសាធារណៈក្នុងឱកាសដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៤ ខែកក្កដា បានទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ក៏ដូចជាសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកពាមរក៍ ខេត្តព្រៃវែង។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មានក្រុមហ៊ុនមួយ បានដាក់សំណើមកកាន់សម្តេចតេជោ ដើម្បីនាំចូលជ្រូករស់ចំនួន ១លានក្បាលក្នុងមួយឆ្នាំ ហើយសម្តេច បានបញ្ជូនសំណើនេះឱ្យទៅក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម ដើម្បីពិភាក្សាគ្នា។

សម្តេចតេជោ បានបង្ហាញពីជំហរថា សម្តេចមិនចង់ឱ្យមានការនាំចូលនោះទេ ដោយសម្តេចចង់ជំរុញឱ្យមានការបង្កើនការចិញ្ចឹមក្នុងស្រុកដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបើអាច ឈានទៅដល់ការនាំចេញតែម្តង ដែលមានផលចំណេញច្រើនជាងការនាំចូលពីប្រទេសថៃ។

សម្តេចតេជោ បានបញ្ជាក់ថា ប្រសិនបើសម្តេចឯកភាពឱ្យមានការនំាចូល ហាក់បីដូចជាសម្លាប់កសិករចិញ្ចឹមសត្វជ្រូកក្នុងស្រុក។

បើតាមសម្តេចតេជោ ហ៊ុន សែន ក្នុងមួយឆ្នាំ កម្ពុជា មានតម្រូវការសាច់ប្រមាណ ២៩ម៉ឺនតោន ខណៈកម្ពុជា អាចផ្គត់ផ្គង់សាច់ដោយខ្លួនបានត្រឹម ២៣ម៉ឺន ៩ពានតោនប៉ុណ្ណោះ គឺ​ប្រមាណ៨២ភាគរយ នៅខ្វះប្រមាណ ១៨ភាគរយទៀត។ ដូចនេះ សម្តេចតេជោ ជំរុញឱ្យកសិករ បង្កើនការចិញ្ចឹមសត្វក្នុងស្រុកឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក៕

អត្ថបទ៖ សិរី វឌ្ឍ