ស្វាយរៀង៖ ដោយមានការសម្របសម្រួលពីរដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានធ្វើបទបង្ហាញ ស្តីពីលទ្ធភាពផ្តល់ឥណទានដល់កសិករចញ្ចឹមត្រី មាន់ ទា និងដាំបន្លែ និងដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្មជូនដល់ប្រជាពលរដ្ឋដែលប្រកបរបរកសិកម្ម ប្រមាណ ជិត២០០នាក់។
លោក កៅ ថាច បានឱ្យដឹងថា ដោយទទួលបានការគាំទ្រ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បាននិងកំពុងអនុវត្តតួនាទីជាអន្តរការីទទួលនូវកិច្ចការគ្រប់គ្រង និងអនុវត្តកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលមានទឹកប្រាក់រហូតដល់ ៥០លានដុល្លារអាមេរិក ដើម្បីផ្តល់ឥណទានដែលមានអត្រាការប្រាក់ទាប ជូនដល់ប្រជាកសិកររបរចញ្ចឹមត្រី មាន់ ទា ដាំបន្លែ និងសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម។
លោក កៅ ថាច បានបញ្ជាក់ថា ការផ្តល់ឥណទានការប្រាក់ទាបនេះ គឺដើម្បីឱ្យពលរដ្ឋ មានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលនៅក្នុងដំណាក់កាល ដែលសេដ្ឋកិច្ចកម្ពុជាជួបប្រទះបញ្ហាប្រឈមមួយចំនួន កើតចេញពីជំងឺឆ្លង COVID-19 និងបញ្ហា EBA។
លោក កៅ ថាច បានបន្ថែមទៀតថា ជាគោលការណ៍ កម្មវិធីហិរញ្ញប្បទានពិសេសនេះ នឹងផ្តល់ឥណទានពីចំនួន ៥០០០ ដុល្លារអាមេរិក រហូតដល់ ៣០០,០០០ ដុល្លារអាមេរិក ដែលមានអត្រាការប្រាក់ទាប ចំនួន ៥ភាគរយប្រចំាឆ្នាំ សម្រាប់ជាទុនបង្វិល (រយៈពេលខ្លីចំនួន២ឆ្នាំ) និងសម្រាប់ទុនវិនិយោគ (រយៈពេលវែងចំនួន៧ឆ្នាំ) ក្នុងអត្រាការប្រាក់ចំនួន ៥.៥ភាគរយ ក្នុងមួយឆ្នាំ។
ជាមួយគ្នានេះ ពាក់ព័ន្ធនឹងទ្រព្យធានាឥណទានក្រោមកម្មវិធីពិសេសនេះ លោក កៅ ថាច បានបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អាចផ្តល់ជូនរហូតដល់ ៨០ភាគរយនៃតម្លៃទ្រព្យធានាបំណុល ដែលជាអចលទ្រព្យ ហើយការទទួលយកទ្រព្យធានាបំណុល ក៏មានភាពបត់បែនច្រើន ដោយទទួលយក៖ ឧបករណ៍-គ្រឿងម៉ាស៊ីន, សន្និធិ, លិខិតធានាសងបំណុលពីភាគីអ្នកទិញ ឬលិខិតធានាផ្សេង, វិញ្ញាបនបត្រប្រាក់បញ្ញើ ក្រៅពីអចលនទ្រព្យ ជាដើម។
លោក កៅ ថាច បានបន្ថែមទៀតថា លើការអនុវត្តនូវកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលមានទឹកប្រាក់រហូតដល់ ៥០ លានដុល្លារអាមេរិកនេះ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ក៏មានផលិតផលឥណទានផ្សេងទៀតដែលមានអត្រាការប្រាក់អនុគ្រោះដល់ប្រជាកសិករផងដែរ ហើយលោក ក៏បានលើកទឹកចិត្តដល់កសិករ ក្នុងករណីប្រសិនបើមិនអាចបំពេញបានតាមលក្ខខណ្ឌតម្រូវរបស់កម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ពលរដ្ឋ អាចធ្វើការពិចារណាធ្វើកម្ចីពីកញ្ចប់ឥណទានផ្សេងទៀតរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានផងដែរ។
លោក កៅ ថាច បានធ្វើការស្នើសុំ និងសំណូមពរដល់កសិករចញ្ចឹមត្រី ចញ្ចឹមសត្វ ដាំដុះបន្លែ ឱ្យរៀបចំផែនការដាំដុះ ផែនការចញ្ចឹមឱ្យបានច្បាស់លាស់ ដើម្បីធ្វើការផ្គត់ផ្គង់ក្នុងទីផ្សារឱ្យបានតាមតម្រូវការ និងមាននិរន្តរភាព ដើម្បីចូលរួមកាត់បន្ថយការនាំចូលពីប្រទេសជិតខាង៕