ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងជ្រើសរើសសាលាចំនួន ២០ ដើម្បីអនុវត្តគម្រោងបំពាក់កុំព្យូទ័រ និងសម្ភារៈបច្ចេកទេសគាំទ្រការបង្រៀន មុខវិជ្ជា បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) នៅកម្រិតមធ្យមសិក្សាទុតិយភូមិ។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ថីពីការចុះកិច្ចព្រមព្រៀងអនុវត្ត គម្រោងបំពាក់កុំព្យូទ័រ និងសម្ភារៈបច្ចេកទេស គាំទ្រការបង្រៀនបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅកម្រិតមធ្យមសិក្សាទុតិយភូមិ រវាង ក្រុមប្រឹក្សាមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យា-គមនាគមន៍និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិ ស.អ.) និងក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន Viettel (Cambodia) កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមអធិបតីភាព លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោក បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានមានចំណាប់អារម្មណ៍ថា “ការបំពាក់បន្ទប់កុំព្យូទ័រ និងការបណ្តុះ-បណ្តាលមុខវិជ្ជា ICT គឺស្របតាមគោលដៅគោលនយោបាយ របស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគោលបំណងធានាឱ្យបានថា សិស្សានុសិស្សដែលបញ្ចប់មធ្យមសិក្សាទុតុយភូមិ មានចំណេះដឹងមូលដ្ឋានផ្នែកបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ បម្រើការងារ និងការបន្តការសិក្សានៅកម្រិតឧត្តមសិក្សា។”

ចំណែកលោក ត្រាំ អ៊ីវតឹក បានមានប្រសាសន៍ថា “ការអនុវត្តគម្រោងនេះ គឺជាការអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបាននូវចក្ខុវិស័យវែងឆ្ងាយ ក្នុងការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍-ឧស្សាហកម្មជំនាន់ទី៤។ ធនធានមនុស្សជំនាញខាងផ្នែកបច្ចេកវិទ្យា និងផ្នត់គំនិតឌីជីថល គឺជាសសរទ្រទ្រង់ដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរឌីជីថលនេះ ។ នាពេលបច្ចុប្បន្ន ធនធានមនុស្ស ក៏ដូចជាអ្នកជំនាញផ្នែកនេះ នៅមានកម្រិតនៅឡើយ ហេតុនេះហើយ បានជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ស្នើសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងពាក់ព័ន្ធផ្សេងទៀត រួមជាមួយវិស័យឯកជន ដាក់ចេញនូវសកម្មភាពជាក់លាក់ សម្រាប់អន្តរាគមន៍លើបញ្ហាធនធានមនុស្សនេះ។”

នាឱកាសនោះដែរ លោក ង្វៀន ថាន់ ញួង អគ្គនាយកក្រុមហ៊ុន Viettel (Cambodia) បានមានប្រសាសន៍ថា “ក្នុងនាមជាប្រតិបត្តិករទូរគមនាគមន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន Viettel (Cambodia) ពិតជារីករាយក្នុងការសហការ ជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សនិងជំរុញទៅលើការអភិវឌ្ឍ ការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។ ក្រុមហ៊ុន Viettel (Cambodia)ប្តេជ្ញាថានៅតែបន្តរក្សាតុល្យភាពក្នុងការរួមចំណែករវាងការជំរុញការអភិវឌ្ឍវិស័យបច្ចេកវិទ្យា និងការអភិវឌ្ឍសង្គម។”

សូមជម្រាបផងដែរថា ការអនុវត្តគម្រោងនេះ មានគោលដៅចម្បងគឺបំពាក់បំណិនវិជ្ជាជីវៈខាងផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដល់សិស្សមធ្យមសិក្សា ក៏ដូចជាដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ពួកគាត់ក្នុងការចាប់យកជំនាញបច្ចេកវិទ្យានៅថ្នាក់ឧត្តមសិក្សា។ បន្ថែមពីលើនេះ គម្រោងនេះមានបំណងផ្តល់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា សម្រាប់បម្រើដល់គោលដៅអប់រំផ្សេងទៀតរបស់ក្រសួងអប់រំ យុវជន និងកីឡាដែរ។ ការបំពាក់ឧបករណ៍សម្ភារៈនៃគម្រោងនេះនឹងធ្វើនៅសាលាមធ្យមសិក្សាទុតិយភូមិចំនួន ២០ ដែលជ្រើសរើសដោយក្រសួងអប់រំ យុវជន និងកីឡា ហើយការជ្រើសរើសនឹងរួចរាល់ក្នុងឆ្នាំ២០១៩ នេះ។ រីឯថវិកាប្រើប្រាស់សម្រាប់អនុវត្តគម្រោងនេះ គឺជាថវិកាមូលនិធិ ស.អ. ដែលជាចំណែកវិភាគទានបង់ដោយក្រុមហ៊ុន Viettel (Cambodia)៕