ភ្នំពេញ៖ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) បានប្រកាសអំពីការរៀបចំកម្មវិធីថ្នាក់ជាតិដ៏ធំមួយ ដែលមិនធ្លាប់មានកាលពីមុនមក ឈ្មោះថា “ឌីជីថលកម្ពុជា ២០១៩ (Digital Cambodia 2019)” ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នៅសាលពិព័រណ៍កោះពេជ្រ។
ការប្រកាសនេះបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្ថីអំពីកម្មវិធី “ឌីជីថលកម្ពុជា ២០១៩ (Digital Cambodia 2019)” កាលពីសប្ដាហ៍មុន ក្រោមអធិបតីភាព លោក កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក្រសួង ប.ទ.) និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាមូលនិធិស.អ. តំណាងដ៏ខ្ពង់ខ្ពស់ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង ប.ទ. និងជាប្រធានក្រុមប្រឹក្សាមូលនិធិ ស.អ. អមដោយលោក ជុន វ៉ាត អគ្គនាយកនៃអគ្គនាយដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននិងជាប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សាមូលនិធិ ស.អ. លោក សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT និងជាសេនាធិការអនុវត្តគម្រោង ស.អ. តំណាងក្រុមហ៊ុន Smart Axiata និងតំណាងក្រុមហ៊ុន Viettel (Cambodia)។
នៅក្នុងសន្និសីទសារព័ត៌មានបានបញ្ជាក់ថា កម្មវិធី Digital Cambodia 2019 នឹងត្រូវបានរៀបចំចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នៅសាលពិព័រណ៍កោះពេជ្រ ដែលមានវិទ្យាស្ថានជាតិ NIPTICT ជាម្ចាស់កម្មវិធី, គាំទ្រដោយក្រសួងចំនួន ០៦ រួមមាន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងឧស្សាហកម្មនិងសិប្បកម្ម, ក្រសួងពាណិជ្ជកម្ម, និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយប្រើប្រាស់កញ្ចប់ថវិកាមូលនិធិ ស.អ. ដែលជាចំណែកវិភាគទានធំទី១បង់ដោយក្រុមហ៊ុន Smart Axiata និងចំណែកវិភាគទានធំទី២បង់ដោយក្រុមហ៊ុន Viettel (Cambodia) ព្រមទាំងមានការឧបត្ថម្ភពីក្រុមហ៊ុន Huawei Technology (Cambodia) Co., Ltd. និងដៃគូមួយចំនួនទៀត។ ព្រឹត្តិការណ៍នេះត្រូវបានសហការរៀបចំដោយក្រុមហ៊ុន Sabay Digital Corp. និងក្រុមហ៊ុន Two Way Public Relations ។
ការផ្ដួចផ្ដើមឲ្យមាន កម្មវិធី Digital Cambodia 2019 នេះឡើងក្នុងគោលបំណងបង្កើត Platform ថ្នាក់ជាតិដើម្បី៖
១. បង្ហាញអំពីបរិយាកាស និង Ecosystem ប្រកបដោយអំណោយផល និងភាពទាក់ទាញសម្រាប់ការវិនិយោគវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅកម្ពុជា,
២. បង្ហាញអំពីវឌ្ឍនភាពនៃការអភិវឌ្ឍក្របខណ្ឌគោលនយោបាយនិងគតិយុត្ត និងផលិតផលនិងសេវាពាក់ព័ន្ធនឹងបច្ចេកវិទ្យា-គមនាគមន៍និងព័ត៌មាន,
៣. បញ្ជ្រាបអំពីសារៈសំខាន់និងភាពមិនអាចខ្វះបាននៃវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានដល់គ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជននិងស្ត្រី ក្នុងន័យធ្វើឱ្យប្រសើរឡើងនៃការអប់រំសម្រាប់សិស្ស-និស្សិត និងជំនាញបច្ចេកទេស បង្កើនប្រសិទ្ធភាពការងារនិងផលិតភាព និងពង្រឹងភាពប្រកួតប្រជែងសហគ្រាសធុនតូចបំផុត ធុនតូច និងមធ្យមរបស់កម្ពុជាលើឆាកតំបន់និងអន្តរជាតិ,
៤. កៀរគរគ្រប់តួអង្គពាក់ព័ន្ធក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យា-គមនាគមន៍និងព័ត៌មាន រួមមាន ស្ថាប័នរាជរដ្ឋាភិបាល អ្នកវិនិយោគជាតិនិងអន្តរជាតិ អាជីវកម្មចាប់ផ្ដើមថ្មី (Startup) អ្នកវិជ្ជាជីវៈ និងគ្រឹះស្ថានសិក្សាស្រាវជ្រាវ ព្រមទាំងសង្គមស៊ីវិល ដើម្បីផ្លាស់ប្តូរបទពិសោធន៍និងឧត្តមានុវត្តន៍ និងពិភាក្សាយោបល់អំពីនិន្នាការថ្មីៗ ក៏ដូចជាអំពីបញ្ហាប្រឈមនានាលើវិស័យឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានក្នុងក្របខណ្ឌជាតិនិងអន្តរជាតិ,
៥. ជំរុញអំពីសហគ្រិនភាព និងនវានុវត្តន៍ថ្មីៗ,
និង៦. អភិវឌ្ឍបណ្តាញអាជីវកម្មរវាងអាជីវកម្មចាប់ផ្តើមថ្មី (Startup) ជាមួយសហគ្រាសធុនតូចបំផុត ធុនតូច និងមធ្យម។
លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានផ្តល់ចំណាប់អារម្មណ៍ចំពោះកម្មវិធី Digital Cambodia 2019 ថា “Digital Cambodia 2019 គឺជាកម្មវិធីដែលរៀបចំឡើងក្នុងគោលបំណងបង្ហាញពីសក្តានុពល និងភាពរីកដុះដាលនៃអាជីវកម្មបច្ចេកវិទ្យាក្នុងស្រុក ក៏ដូចជាដើម្បីបង្កើតបណ្តាញទំនាក់ទំនងនិងទាញយកចំណាប់អារម្មណ៍អ្នកវិនិយោគខាងក្រៅប្រទេសឱ្យងាកសម្លឹងមកកម្ពុជា។ នេះជាការបោះជំហានសម្រាប់ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថលនិងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ដែលមានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៦។ ក្រសួងប.ទ. គាំទ្រនូវការបង្កើតនូវកម្មវិធីទំនាក់ទំនងបែបនេះក្រោមការប្រើប្រាស់មូលនិធិ ស.អ.។ ក្នុងឆ្នាំ២០១៩ និង២០២០ ខាងមុខ មូលនិធិ ស.អ. បានលៃលកថវិកាមួយផ្នែកសម្រាប់ធ្វើឱ្យកាន់តែប្រសើរឡើងនូវ Ecosystem នៃការបង្កើតមុខរបរខាងផ្នែកបច្ចេកវិទ្យាក្នុងស្រុក។ យើងសង្ឃឹមថាប្រជាជនកម្ពុជាជាច្រើននឹងទទួលបានប្រយោជន៍ពីការផ្តួចផ្តើមទាំងនេះ។”
ចំណែកលោក កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ថា “ដើម្បីឆ្លើយតបនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២០ និងក្របខណ្ឌផែនការនិងក្របខណ្ឌគតិយុត្តមួយចំនួនទៀត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានប្រឹងប្រែងអនុវត្តនូវផែនការពង្រីកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ទូទាំងផ្ទៃប្រទេសរួមទាំងការពង្រឹងនូវគុណភាពសេវាស្របតាមការវិវត្តន៍របស់បច្ចេកវិទ្យាទំនើប, បានចូលរួមជំរុញការបណ្តុះបណ្តាលធនធានមនុស្សជំនាញបច្ចេកទេស, ព្រមទាំងបានបង្កើតបទដ្ឋានគតិយុត្តមួយចំនួនដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍផ្នែកឌីជីថល។ អ្វីដែលសំខាន់នោះគឺយើងបានបង្កើតយន្តការសហការយ៉ាងស្អិតរមួតជាមួយវិស័យឯកជនដើម្បីជំរុញការអភិវឌ្ឍវិស័យនេះ។ ជាជំហានបន្ទាប់ ក្រសួងនឹងបន្តប្រើប្រាស់យន្តការដែលបានអនុវត្តប្រកបដោយជោគជ័យនាពេលកន្លងមក និងគិតគូរបន្ថែមលើការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាក្នុងស្រុកឱ្យកាន់តែមានភាពសម្បូរបែបតាមរយៈការទាក់ទាញការវិនិយោគឧស្សាហកម្ម ប.គ.ព ខ្នាតធំ និងការធ្វើឱ្យប្រសើរឡើងនូវបរិយាសកាសអំណោយផលដល់ការបង្កើតអាជីវកម្មចាប់ផ្តើមថ្មី (Startup)ខាងផ្នែកបច្ចេកវិទ្យាក្នុងស្រុក។”
វិទ្យាស្ថានជាតិ NIPTICT ដែលជាម្ចាស់កម្មវិធីនេះ និងមានលោក សេង សុភាព ជាប្រធាន បានលើកឡើងផងដែរថា “Digital Cambodia 2019 នេះ មានសារៈសំខាន់យ៉ាងខ្លាំងដល់ការជួយជំរុញកម្ពុជាឆ្ពោះទៅកាន់ឧស្សាហកម្មជំនាន់ ៤ តាមរយៈ ការពិភាក្សានិងចែករំលែកបទពិសោធន៍ពីអ្នកជំនាញជាតិនិងអន្តរជាតិដើម្បីឈានទៅបង្កើតនូវបរិដ្ឋានអំណោយផលសម្រាប់ការបំលាស់ប្តូរទៅកាន់ឌីជីថលនៅកម្ពុជាដែលនឹងជះឥទ្ធិពលជាវិជ្ជមានដល់វិស័យសេដ្ឋកិច្ចនិងសង្គមតាមរយៈការនាំមកនូវគំរូអាជីវកម្មដែលមានលក្ខណៈនវានុវត្តន៍ ការបង្កើនលទ្ធភាពប្រកួតប្រជែង និងការបង្កើតការងារកាន់តែច្រើនដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។”
គួរបញ្ជាក់ផងដែរថា Digital Cambodia 2019 នឹងមានការចូលរួមពីរដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ាន តំណាងមកពី Regional ITU តំណាងមកពីលេខាធិការដ្ឋានអាស៊ាន ព្រមទាំងមានវាគ្មិនប្រមាណ ៧០ រូប។ កម្មវិធីនេះក៏មានការតាំងពិព័ណ៌ប្រមាណ ១៥០ ស្តង់ និងសង្ឈឹមថានឹងមានអ្នកចូលរួមប្រមាណ ២០, ០០០ នាក់មកពីស្ថាប័នរាជរដ្ឋាភិបាល ប្រតិបត្តិករទូរគមនាគមន៍ ក្រុមហ៊ុនផ្តល់សេវាកម្មបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យា ធនាគារ មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនចាប់ផ្តើមធុរកិច្ចថ្មី (startup) អង្គការក្រៅរដ្ឋាភិបាល គ្រឹះស្ថានអប់រំ និងដៃគូអភិវឌ្ឍន៍៕