ភ្នំពេញ៖ លោក ឈឹម ផល្លា ប្រធានយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសាធារណការនិងដឹកជញ្ជូន បានថ្លែងឲ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ឬស្ពានជ្រោយចង្វារទី១ ត្រូវបានវិស្វករជំនាញធំៗរបស់ប្រទេសជប៉ុន ធ្វើការវាយតម្លៃថា បន្ទាប់ពីធ្វើការជុសជុលរួច ស្ពាននេះអាចប្រើប្រាស់បានប្រមាណជា ៥០ឆ្នាំតទៅទៀត នៅក្នុងលក្ខខណ្ឌប្រើប្រាស់ត្រឹមត្រូវ និងមានការចូលរួមថែទាំទាំងអស់គ្នា។
លោក ឈឹម ផល្លា បានលើកឡើងថា៖ “សូម្បីតែសំរាមបន្ថិចក៏ពួកខ្ញុំរើសដែរ… គឺថាស្រឡាញ់ណាស់ ស្រឡាញ់ជាងគ្រួសារទៀត… បន្ទាប់ពីយើងប្រើប្រាស់ទៅ ទាល់តែយើងជួយថែទាំទាំងអស់គ្នា… ការឌីហ្សាញនេះគឺសម្រាប់ប្រើប្រាស់ ៥០ឆ្នាំទៅមុខទៀត”។
លោក ឈឹម ផល្លា បានបន្តទៀតថា ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ឬស្ពានជ្រោយចង្វារទី១ នឹងដាក់ឲ្យដំណើរការឡើងវិញ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតិភាពសម្ដេចតេជោ ហ៊ុន សែន បន្ទាប់ពីបានផ្អាកមិនឲ្យប្រើប្រាស់ ដើម្បីធ្វើការជួសជុលនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧កន្លងមក។ បន្ទាប់ពីការខិតខំប្រឹងប្រែងធ្វើទាំងថ្ងៃទាំងយប់ អស់រយៈពេលប្រមាណ ២ឆ្នាំរួចមក គម្រោងជួសជុលស្ដារឡើងវិញ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ឬស្ពានជ្រោយចង្វារទី១ បានបញ្ចប់មុនកាលកំណត់រយៈ ២ខែ ដោយរលូន ពុំមានគ្រោះថ្នាក់ដល់អ្នកណាម្នាក់ឡើយ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩នេះ បានអំពាវនាវទៅដល់អ្នកដឹកជញ្ជូន ជួយចូលរួមថែរក្សាស្ពានដោយកុំដឹកលើសទម្ងន់ ហើយក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយការប្រុងប្រយ័ត្ន កុំមានការមានគ្រោះថ្នាក់ដល់អាយុជីវិត ក្នុងពេលបើកបរទៅលេងកម្សាន្តនៅស្រុកកំណើត ក្នុងពេលបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។
សូមបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ជប៉ុន មានប្រវែង ៩៧១ម៉ែត្រ ទទឹង ១៣ម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងភូមិសាស្ត្រទឹកដីរាជធានីភ្នំពេញ ត្រូវបានសាងសង់ និងសម្ភោធឱ្យប្រើប្រាស់ក្នុងឆ្នាំ១៩៦៣ ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន។
ស្ពាននេះត្រូវបានខូចខាតដោយសង្គ្រាមស៊ីវិលនៅកម្ពុជា និងត្រូវបានសាងសង់ឡើងវិញនៅឆ្នាំ១៩៩២ ដោយប្រទេសជប៉ុន ហើយត្រូវបានប្តូរឈ្មោះទៅជាស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដោយព្រះមហាវិរៈក្សត្រ ព្រះបរមរតនកោដ្ឋ សម្ដេចព្រះបាទ នរោត្ដម សីហនុ។ ដោយសារស្ពាននេះមានអាយុកាលដ៏ចំណាស់ ហើយស្របពេលកំណើនសេដ្ឋកិច្ច និងលំហូរចរាចរណ៍កើនឡើងជាលំដាប់នោះ ស្ពាននេះតម្រូវឱ្យមានការជួសជុលឡើងវិញជាបន្ទាន់ ដោយចំណាយថវិកាអស់ប្រមាណ ៣០លានដុល្លារអាមេរិក ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន៕