ភ្នំពេញ៖ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក នៅតែមានលក្ខណៈវិជ្ជមាន គ្មានសញ្ញាណថមថយឡើយ នេះបើយោងតាមការឲ្យដឹងពីក្រសួងពាណិជ្ជកម្ម ក្រោយពីជំនួបរវាងលោក ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) ដឹកនាំដោយលោក Alexander Feldman និងមានការចូលរួមពីលោក Michael Newbill ភារធារីនៃស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា។
ក្រសួងពាណិជ្ជកម្មកម្ពុជា បន្តថា សាជីវកម្មធំៗរបស់អាមេរិក មានដូចជា Conoco Phillips, Ford, General Electric (GE), Chevron, Coca-Cola, Facebook, Amazon Web Service, Oracle, Google, Master Card និង Visa Card សុទ្ធតែបានបង្ហាញសុទិដ្ឋិនិយមចំពោះទីផ្សារកម្ពុជា និងមានបំណងបណ្តាក់ទុនបន្ថែម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
តែក្នុងជំនួបនោះ ភាគីអាមេរិក បានលើកឡើងនូវប្រធានបទមួយចំនួនដូចជា ការអនុវត្តស្តង់ដារថយន្តអាស៊ាន, នីតិវិធីនាំចូលសម្ភារបរិក្ខាពេទ្យ និងគ្រឿងម៉ាស៊ីនសម្រាប់បម្រើវិស័យអាកាសចរណ៍, ការទប់ស្កាត់សកម្មភាពរត់ពន្ធផលិតផលកូកា-កូឡាឆ្លងដែន, ពាណិជ្ជកម្មអេឡិចត្រូនិក និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ជាដើម។
លោក ប៉ាន សូរស័ក្តិ បានប្រាប់ភាគីអាមេរិកវិញ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រ និងកម្មវិធីកំណែទម្រង់នានា ដើម្បីលើកកម្ពស់ឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា និងការពារអត្ថប្រយោជន៍ជូនវិស័យឯកជន ដែលជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ។
លោករដ្ឋមន្ត្រី ក៏បានធ្វើការបកស្រាយនូវសំណួរទាំងឡាយ ដែលលើកឡើងដោយភាគីអាមេរិក និងបានគូសបញ្ជាក់ពីប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការបន្តលើកស្ទួយបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីទាក់ទាញការវិនិយោគបន្ថែមពីបរទេស។
បើយោងតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កាលពីឆ្នាំ២០១៨កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក សម្រេចបាន ៤,២៦៤លានដុល្លារ គឺបានកើនឡើងប្រមាណ ២៣% ធៀបនឹងឆ្នាំ២០១៧។ ទន្ទឹមគ្នានេះ គិតត្រឹមខែមេសា ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មសរុបនៃប្រទេសទាំងពីរ សម្រេចបានទឹកប្រាក់ ១,៦៥៦លានដុល្លារ គឺបានកើនឡើង ២៣,៧១% ធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០១៨៕