ភ្នំពេញ៖ តាមរយៈសន្និសីទព័ត៌មាន ក្រោមប្រធានបទ “សមិទ្ធផល១ឆ្នាំ ក្រោយការបោះឆ្នោត” កាលពីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះ របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាលអាណត្តិទី៦ ទទួលបានជោគជ័យយ៉ាងធំធេង គឺមានសុខសន្ដិភាព មានស្ថេរភាពនយោបាយ និងរក្សាបាននូវកំណើនសេដ្ឋកិច្ច ក្នុងរង្វង់៧ភាគរយ ក្នុងមួយឆ្នាំ។
លោក ផៃ ស៊ីផាន បានឲ្យដឹងថា ក្នុងរយៈពេល ៦ខែ នៃឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញទៅបំពេញការងារនៅបរទេស ក៏ដូចជាការស្វែងរកដៃគូ ក្នុងការងារពាណិជ្ជកម្ម ចំនួន១៨លើក ក្នុងនោះ សម្ដេចបានចូលរួមក្នុហវេទិកាធំៗ ដូចជានៅអង្គការសហប្រជាជាតិជាដើម។

១. ផ្នែកវិនិយោគ
នៅរយៈពេល៦ខែដំបូង ឆ្នាំ២០១៩នេះ កម្ពុជា អនុញ្ញាតឲ្យបង្កើតគម្រោងវិនិយោគថ្មីចំនួន១៥៣ ក្រោមទុនវិនិយោគ៥,១៨១លានដុល្លារអាមេរិក ដែលគម្រោងនេះបានបង្កើតការងារចំនួន ១៦៧,៣៣០កន្លែង។ បើប្រៀបធៀបរយៈពេលដូចគ្នា ឆ្នាំ២០១៨ គឺមានចំនួន១០៥គម្រោង ក្នុងនោះគម្រោងក្រៅតំបន់សេដ្ឋកិច្ចពិសេសមាន ៧៤គម្រោង និងគម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ៣១គម្រោង។ ក្នុងឆមាសទី១ ឆ្នាំ២០១៨ ទឹកប្រាក់វិនិយោគសរុបមានជាង ៣,៥០០លានដុល្លារអាមេរិក។
២. ការប្រមូលពន្ធ
នៅឆមាសទី១ ឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិ មានចំនួន ៦,១០៦.១៧ប៊ីលានរៀល ស្មើនឹងប្រមាណ ១,៥២៦.៥៤លានដុល្លារអាមេរិក កើនឡើង២៨.៩៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ដែលអាចឲ្យរាជរដ្ឋាភិបាល បានសល់នូវប្រាក់បម្រុងមួយចំនួន ដើម្បីត្រៀមទុកប្រើប្រាស់នៅពេលមានអាសន្ន ឬការចាំបាច់ណាមួយ។ ថវិកាទាំងអស់នោះ អាចយកទៅប្រើប្រាស់ ដើម្បីបើកប្រាក់បៀវត្សដល់មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានយ៉ាងហោចណាស់មួយឆ្នាំជាងផងដែរ។
៣. វិស័យទេសចរណ៍
រយៈពេល៧ខែ ដើមឆ្នាំ២០១៩នេះ មានភ្ញៀវទេសចរបរទេសជិត ១.៤លាននាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងទទួលបានចំណូលជាង ៦២លានដុល្លារ។ ដោយឡែក បើគិតក្នុងរយៈពេលពេញ១ ខែកក្កដា ឆ្នាំ២០១៩ មានភ្ញៀវទេសចរបរទេស ជាង១៤ម៉ឺននាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងទទួលបានចំណូលជាង៦លានដុល្លារ៕