សំរាម ទាំង​៨៣​កុងតឺន័រ ត្រូវ​ដឹក​ត្រលប់​ទៅ​ប្រទេស​ដើម​វិញ ត្រឹម​ថ្ងៃទី​២៤ ខែសីហា​

859

ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​សេចក្ដីប្រកាស សម្រេច​ឲ្យ​ក្រុមហ៊ុន ជុង​យៀន ផ្លា​ស្ទីក មេ​នូ​ហ្វេ​ក​ឈ័​រ ឯក​. មាន​ថៅកែ​ជា​ជនជាតិខ្មែរ ឈ្មោះ សួន ឡុ​ក ដែល​ចាំ​ទទួលយក​សំណល់​ផ្លា​ស្ទិ​ក​ទាំង ៨៣​កុងតឺន័រ ទៅ​កែច្នៃ ត្រូវ​រៀប​ចំប​ញ្ចូ​ន​ត្រឡប់​ប្រទេស​ដើម​វិញ ត្រឹម​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៩ ជា​កំហិត និង​ផាកពិន័យ​ជា​ទឹកប្រាក់​ចំនួន ១០៣៧.៥​លាន​រៀល ចូល​ជា​ថវិកាជាតិ​។​

​កាកសំណល់​ផ្លា​ស្ទិ​ក ចំនួន ៨៣​កុង​ទឺ​ន័​រ មាន​ទម្ងន់​ជិត​១៦០០​តោន ដែល​នាំចូល​ពី​សហរដ្ឋអាមេរិក និង​ប្រទេស​កាណាដា មកកាន់​ប្រទេស​កម្ពុជា ត្រូវបាន​កម្លាំង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ បើក​ប្រតិបត្តិ​ការឆែកឆេរ បង្ក្រាបបាន កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ កន្លងទៅនេះ​។​

​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យដឹងថា កាកសំណល់​ប្លា​ស្ទីក ទាំងនេះ បាន​នាំ​ចូលមក​តាម​នាវា​ដឹកជញ្ជូន ចំនួន​២៧ ជើង ចាប់តាំងពី​ខែកញ្ញា ឆ្នាំ ២០១៨ រហូតដល់​លើកចុងក្រោយ នៅ​ខែមករា ឆ្នាំ​២០១៩ សរុប​ទាំងអស់​ចំនួន ៨៣ កុងតឺន័រ ទំហំ ៤០ ហ្វី​ត​ដូចគ្នា​។​

​កាកសំណល់​ផ្លា​ស្ទិ​ក ទាំង​៨៣​កុងតឺន័រ​នេះ មាន​កុងតឺន័រ​ចំនួន ៧០ សរុប​មាន​ទម្ងន់​១,៣២២ តោន នាំចេញ​មកពី​សហរដ្ឋ​អាមេរិក និង​កុងតឺន័រ​ចំនួន​១៣ សរុប​មាន​ទម្ងន់​២៧០ តោន បាន​នាំចេញ​មកពី​ប្រទេស​កាណាដា​។ តាម​ឯកសារ​ដឹកជញ្ជូន ក៏បាន​បញ្ជាក់​ផងដែរ​ថា មុននឹង​មកដល់​កម្ពុជា កុងតឺន័រ​ទាំង ៨៣ នោះបាន​ឆ្លងកាត់​កំពង់ផែ​ប្រទេស​សិង្ហ​បុរី (២២ ជើង​) ម៉ាឡេស៊ី (២ ជើង​) និង វៀតណាម​(៣ ជើង​)​។​

កាកសំណល់​ផ្លា​ស្ទិ​ក

​ក្រោយ​ប្រទេស​ចិន បានដាក់​ចេញ​បំរាម ក្នុងការ​នាំចូល​កាកសំណល់​ប្លា​ស្ទិ​ក​ពី​បរទេស ចាប់តាំងពី​ខែមករា ឆ្នាំ​២០១៨ រួចមក ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​ប្រទេស​ក្រីក្រ បាន​ក្លាយជា​គោលដៅ នៃ​នាំចូល​កាកសំណល់​សំរាម ប្រភេទ​សំណល់​ប្លា​ស្ទិ​ក​ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់ ដែល​បាន​កើតមានឡើង​រួចមកហើយ​មានដូចជា នៅ​ប្រទេស​ថៃ ហ្វីលីពីន ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី​ជាដើម​។​

កាកសំណល់​ផ្លា​ស្ទិ​ក

​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាសថា នឹង​បន្ត​អនុវត្ត​វិធានការ​ច្បាប់ យ៉ាង​តឹងរឹង​ប្រឆាំងនឹង​ការ​លួច​នាំចូល ទំនិញ​ហាមឃាត់​គ្រប់​ប្រភេទ និង​មិន​អនុញ្ញាត​ឲ្យ​មាន​ជាដាច់ខាត​ចំពោះ​ការនាំ​ចូល សំណល់​ប្លា​ស្ទិ​ក មក​កែច្នៃ​នៅ​កម្ពុជា​ទេ​។

​កម្ពុជា មិនមែនជា​ធុងសំរាម​សម្រាប់​ការបោះ​ចោល បច្ចេកវិទ្យា ហួស​សម័យ​នោះទេ ហើយ​កម្ពុជា តែងតែ​ជំទាស់​ជានិច្ច នឹង​ការ​នាំចូល​សំណល់​ប្លា​ស្ទិ​ក និង​ប្រេងម៉ាស៊ីន​មក​កែច្នៃ​នៅ​កម្ពុជា​៕​