កូរ៉េខាងជើងនៅព្រឹកថ្ងៃទី៣១កក្កដានេះ បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លី មិនស្គាល់អត្ដសញ្ញាណចំនួន ២ គ្រាប់ចេញពីខេត្ដ Hodoភាគខាងកើតនៃប្រទេសនេះ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបានបាញ់មីស៊ីល ២ គ្រាប់ ចេញពីទីតាំងដូចគ្នានេះ កាលពីសប្ដាហ៍មុន ក្នុងគោលបំណង ប្រាប់ទៅប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ឱ្យបញ្ឈប់គម្រោងសមយុទ្ធយោធានារបស់ខ្លួន។
ក្រសួងការពារជាតិជប៉ុន បាននិយាយថា មីស៊ីលផ្លោងទាំងពីរគ្រាប់ បានធ្លាក់ចូលក្នុងដែនសមុទ្រជប៉ុន ឬតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួនទេ។
នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ បាននិយាយថា ការបាញ់នេះ មិនប៉ះពាល់ដល់សន្តិសុខរបស់ជប៉ុនទេ ហើយប្រទេសជប៉ុន កំពុងធ្វើការជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ជុំវិញស្ថានភាពនេះនៅក្នុងតំបន់។
ចាប់តាំងពីកិច្ចប្រជុំនៅថ្ងៃទី ៣០ ខែមិថុនា នៅតំបន់គ្មានយោធា (DMZ) រវាងប្រទេសកូរ៉េទាំងពីរ ទីក្រុងព្យុងយ៉ាង បានចោទប្រកាន់ទៅលើ ទីក្រុងវ៉ាស៊ីនតោនថា បានរំលោភលើការសន្យា ដោយគ្រោងធ្វើសមយុទ្ធយោធារួមគ្នា ជាមួយកូរ៉េខាងត្បូង នៅខែសីហា ហើយបានព្រមានថា ការធ្វើនេះអាចជាការរារាំង ដល់កិច្ចពិភាក្សានានា។
លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ក៏បានសង្កត់ធ្ងន់ផងដែរថា បើកូរ៉េខាងត្បូងមិនស្ដាប់ លោកនឹងបញ្ជាឲ្យធ្វើតេស្ដនុយក្លេអ៊ែរឡើងវិញ។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុនកូរ៉េខាងជើងក៏បានធ្វើតេស្ដមីស៊ីលប្រភេទថ្មីចំនួនពីរគ្រាប់ចូលក្នុងសមុទ្រដែរ។ កាលនោះមីស៊ីលហោះបានចម្ងាយ៤៣០គីឡូម៉ែត្រមានរយៈកម្ពស់៥០គីឡូម៉ែត្រ មុនធ្លាក់ចូលក្នុងសមុទ្រជប៉ុនឬសមុទ្រខាងកើត៕