សភាពាណិជ្ជកម្ម និង គណៈកម្មការមូលបត្រកម្ពុជា ចុះកិច្ចព្រមព្រៀងលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួម នៅក្នុងវិស័យមូលបត្រនៅកម្ពុជា

821

ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រដល់សមាជិក របស់សភាពាណិជ្ជកម្មកម្ពុជា ដែលជាសហគ្រាសពាណិជ្ជកម្ម ឱ្យមានលទ្ធភាពសមស្របក្នុងការរៀបចំខ្លួនចូលរួមវិនិយោគ និងការស្វែងរកហិរញ្ញប្បទានក្នុងទីផ្សារមូលបត្រ នៅប្រទេសកម្ពុជា ក៏ដូចជាការពង្រឹងការគ្រប់គ្រង ការរៀបចំ និងការអនុវត្តអភិបាលកិច្ចសាជីវកម្មល្អ ផងដែរ។

ពិធីចុះអនុស្សរណៈនេះ មានការចូលរួមពី ថ្នាក់ដឹកនាំ និងសមាជិក នៃសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ពីគណៈកម្មការមូលបត្រកម្ពុជា អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា អ្នកតំណាងជាន់ខ្ពស់មកពីក្រុមហ៊ុនធានាទិញមូលបត្រ ក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ និងប្រព័ន្ធផ្សព្វផ្សាយមកពីបណ្តាស្ថានីយទូរទស្សន៍ កាសែត ព្រមទាំងគេហទំព័រល្បីៗក្នុងស្រុកផងដែរ៕

ដោយ៖ គង់ ប៊ុនណា