កីឡាការិនី ស្រួង ភាវី បើក ក្លិបស្នូកឃ័រ ផ្ទាល់ខ្លួន នៅសាធារណរដ្ឋកូរ៉េ

834

(ភ្នំពេញ)៖ កីឡាការិនីស្នូកឃ័រ និងប៊ីយ៉ាជម្រើសជាតិកម្ពុជា ស្រួង ភាវី បានបើកក្លិបស្នូកឃ័រផ្ទាល់ខ្លួនមួយ នៅសាធារណរដ្ឋកូរ៉េ។ នេះបើតាមការបញ្ជាក់របស់សាម៉ីខ្លួនកាលពីពេលថ្មីៗ តែមិនទាន់ដឹងពីខ្ទង់ចំណាយនោះទេ ដ្បិតក្លិបនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២០។

កីឡាការិនីមានប្រភពពីខេត្តត្បូងឃ្មុំដដែលបញ្ជាក់ថា ក្លិបផ្ទាល់ខ្លួនខាងលើបានសាងសង់ឡើង ស្របពេលជំងឺកូវីដ-១៩ (COVID-19) បានផ្ទុះឡើងជាសកល ហើយលោកស្រីរំពឹងក្លិបនេះ នឹងសាងសង់រួចរាល់នាចុងឆ្នាំ២០២០ ដើម្បីសម្រួលដល់ការហ្វឹកហាត់របស់ខ្លួន បន្ទាប់ពីលោកស្រីចំណាយពេលច្រើនឆ្នាំទៅហ្វឹកហាត់នៅក្លិបឯកជន។

ម្ចាស់មេដាយសំរឹទ្ធពិភពលោក ឆ្នាំ២០១៨ បានបន្ថែមថា ក្លិបនេះលោកស្រីនឹងដាក់ឈ្មោះខ្លួនផ្ទាល់ គឺ Pheavy Q។ គោលបំណងបង្កើតក្លិបនេះ គឺលោកស្រីចង់សម្រួលការហ្វឹកហាត់ខ្លួនឯងឲ្យកាន់តែងាយស្រួល។ មួយវិញទៀត លោកស្រីចង់ចូលរួមបណ្ដុះបណ្ដាលកីឡាស្នូកឃ័រ និងប៊ីយ៉ាឲ្យបានទូលំទូលាយ ដោយទទួលបង្ហាត់ពលរដ្ឋគ្រប់ជាតិសាសន៍ ពិសេសប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ។

កីឡាការិនីមានស្វាមីជាជនជាតិកូរ៉េខាងលើបន្ដថា «បន្ទាប់ពីក្លិបដំណើរការ ខ្ញុំនឹងទទួលបង្ហាត់បង្រៀនគ្រប់ជាតិសាសន៍ អាចមកលេងបានដោយសេរី និយាយរួមខ្ញុំសប្បាយចិត្តខ្លាំង ក្រោយមានកន្លែងហ្នឹង ខ្ញុំសង្ឃឹមថា ថ្ងៃមុខបងប្អូនខ្មែរ ដែលចូលចិត្តលេងកីឡាដូចខ្ញុំ នឹងមានសមត្ថភាព ពូកែៗច្រើន ព្រោះនៅទីនេះ (កូរ៉េ) គេលើកកម្ពស់អ្នកមានសមត្ថភាពណាស់ ចឹងខ្ញុំរីករាយបើមានបងប្អូនខ្មែរ មានចិត្តតស៊ូ និងចង់ហាត់ជាមួយខ្ញុំ»

គួរដឹងថា ស្រួង ភាវី គឺជាកីឡាការិនីស្នូកឃ័រដ៏ឆ្នើមរបស់កម្ពុជា ដោយធ្លាប់ដណ្ដើមបានមេដាយកម្រិតពិភពលោក អាស៊ី និងថ្នាក់តំបន់ជាច្រើន ក្នុងនាមកីឡាការិនីកម្ពុជា ពិសេសនាងធ្លាប់ដណ្ដើមបានជើងឯកជាច្រើនជំនាន់ ក្នុងការប្រកួតថ្នាក់ជាតិ នៅកូរ៉េ រហូតមានការទាក់ទាញនាងឲ្យចូលសញ្ជាតិទៀតផង តែត្រូវបានលោកស្រីបដិសេធ ដ្បិតចង់លេងតំណាងឲ្យកម្ពុជាមួយតែប៉ុណ្ណោះ៕