កម្ពុជា អាចរកចំណូល​បាន​ ពី​ការនាំចេញ ​ផ្លែចេក​ ស្រស់ប្រមាណ ២ម៉ឺន ទៅ ២ម៉ឺន៤ពាន់ដុល្លារ ក្នុង​មួយហិកតា

705

ភ្នំពេញ៖ ប្រាក់ចំណូល ដែលទទួលបានពីការនាំចេញផ្លែចេកស្រស់ ក្នុងឆ្នាំ២០២០នេះ បានប្រមាណពី ២០.០០០ ទៅ ២៥.០០០ដុល្លារក្នុងមួយហិកតា ក្នុងរយៈពេលមួយឆ្នាំ រីឯ ជ័រកៅស៊ូធម្មជាតិ និងស្វាយចន្ទីរ វិញទទួលបានត្រឹមតែជាង ១.០០០ដុល្លារ ក្នុងមួយហិកតា ក្នុងរយៈពេលមួយឆ្នាំដូចគ្នា។ នេះបើតាមការឱ្យដឹងពីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ។

លោក វេង សាខុន បានឱ្យដឹងថា ការនាំចេញផលិផលកសិកម្ម ក្រៅពីកៅស៊ូធម្មជាតិ គឺមានគ្រាប់ស្វាយចន្ទីរ ផ្លែចេក និងស្វាយស្រស់ ដែលកំពុងមាននិន្នាការកើនឡើងគួរឱ្យកត់សំគាល់។

ទន្ទឹមនឹងនេះ បណ្តាក្រុមហ៊ុននកំពុងបោះទុនវិនិយោគលើដំណាំកសិកម្ម បាននិងកំពុងស្រូបយកកម្លាំងពលកម្មយ៉ាងគំហុក ជាពិសេសសម្ព័ន្ធក្រុមហ៊ុនថាឌី បានទទួលវិនិយោគសម្បទានដីសេដ្ឋកិច្ចនៅខេត្តក្រចេះ និងខេត្តរតនៈគិរី បានស្រូបយកកម្មករកម្ពុជាប្រមាណជាជាង ៥.០០០នាក់ នាពេលបច្ចប្បន្ន និងរំពឹងកើនឡើងទ្វេដងក្នុងបំណាច់ឆ្នាំ២០២០ ហើយឆ្នាំ២០២១ នឹងអាចស្រូបយកកម្មករកម្ពុជាជាង ១ .៥០០នាក់ បន្ថែមទៀត។

សូមបញ្ជាក់ថា ក្នុងរយៈពេលជិតពីរឆ្នាំចុងក្រោយនេះ កម្ពុជា បាននិងកំពុងទទួលបានផលជាផ្លែផ្កាល្អប្រសើរជាបណ្តើរៗ ក្រោយពីរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយបើកទូលាយដល់វិស័យឯកជន ក្នុងការបោះទុនវិនិយោគលើវិស័យកសិកម្ម តាមរយៈការផ្តល់សម្បទានដីសេដ្ឋកិច្ច កាលពី៨ ទៅ១៥ឆ្នាំកន្លងមក។ ការនេះស្របពេលដែលកម្ពុជាទទួលបានការចុះពិធីសារនៃការនាំចេញផ្លែឈើទៅកាន់បណ្តាប្រទេសមួយចំនួន ជាពិសេសប្រទេសចិន ជាបន្តបន្ទាប់នាប៉ុន្មានឆ្នាំចុងក្រោយនេះ៕

ដោយ៖ គង់ ប៊ុនណា