លោក ច័ន្ទ សុផល៖ ធនាគារជាតិ អាច​បោះពុម្ព​លុយ ដើម្បី​សង្គ្រោះ​សេដ្ឋកិច្ច ដែល​កំពុង​រងផល​ប៉ះពាល់​ពី​ជំងឺកូវីដ-១៩

778

ភ្នំពេញ៖ អ្នកវិភាគសេដ្ឋកិច្ច យល់ឃើញថា ក្នុងស្ថានភាពសេដ្ឋកិច្ចកម្ពុជា កំពុងរងផលប៉ះពាល់ដែលបណ្តាលមកពី ជំងឺកូវីដ១៩ នាពេលនេះ ធនាគារជាតិនៃកម្ពុជា អាចបោះពុម្ពប្រាក់រៀលបន្ថែមទៀត ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចឱ្យងើបឡើងវិញ។ ទន្ទឹមនឹងនេះ វាក៏ជាឱកាសមួយ ក្នុងការពង្រីកការប្រើប្រាស់ប្រាក់រៀលខ្មែរ ឱ្យកាន់តែទូលំទូលាយជាងមុន និងឈានទៅរកការកាត់បន្ថយដុល្លាររូបនីយកម្ម ពីទីផ្សារកម្ពុជាផងដែរ។

លោក ច័ន្ទ សុផល អ្នកវិភាគសេដ្ឋកិច្ច និងជានាយកអង្គការមជ្ឈមណ្ឌលសិក្សាគោលនយោបាយ ដែលធ្លាប់បានសិក្សាស៊ីជម្រៅអំពីដុល្លារូបនីយកម្មនៅកម្ពុជា តាំងពីឆ្នាំ ១៩៩៧មកនោះ បានអះអាងថា ជាបទពិសោធន៍នៅបណ្តាប្រទេសជឿនលឿនមួយចំនួន ក្នុងអំឡុងពេលជួបបញ្ហាវិបត្តិសេដ្ឋកិច្ច ពួកគេបានប្រើប្រាស់វិធីបោះពុម្ពក្រដាសប្រាក់បន្ថែមក្នុងកម្រិតសមស្របណាមួយ ចាក់បញ្ចូលទៅក្នុងទីផ្សារ ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចរបស់ខ្លួនឱ្យងើបឡើងវិញ ហើយការធ្វើបែបនេះ តែងតែទទួលបានជោគជ័យ។

លោកបញ្ជាក់ថា៖ «វាគឺជាការជួយដោះទាល់ ក្នុងការបញ្ចេញសាច់ប្រាក់ ជួយបង្កើតការងារបន្ថែមដល់ប្រជាពលរដ្ឋ តាមរយៈការផ្តល់ឥណទានជាដើម ដើម្បីបង្កើនការផលិត ដូចជាការចិញ្ចឹមសត្វ និងការដាំដំណាំ ដើម្បីបង្កើតជាប្រាក់ចំណូល និងជំរុញការនាំចេញ ហើយវានឹងជួយទប់ស្ថានការណ៍នេះ។ ពេលនោះគេអាចស្រូបយកលុយទាំងនោះមកវិញ»។

លោកបន្តថា៖ «ការបញ្ចេញទុននេះ គឺជាការឆ្កឹះផលិតកម្មឱ្យវាកម្រើកឡើងវិញ ដើម្បីបង្កើតប្រាក់ចំណូល។ អ៊ីចឹងវាគឺអត់ខុសទេ ព្រោះជាគោលនយោបាយរូបិយវត្ថុតាមរយៈការបញ្ចេញបរិមាណសាច់ប្រាក់ តែប្រសិនបើយើងប្រើវាឱ្យមានប្រយោជន៍នោះ»។

លោកថ្លែងទៀតថា រដ្ឋាភិបាល ក៏ដូចជាធនាគារជាតិ គួរតែចាប់យកឱកាសនេះ ទាញយកផលចំណេញក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀលឲ្យកាន់តែច្រើន និងកាត់បន្ថយលំហូរប្រាក់ដុល្លារមកកាន់ទីផ្សារប្រទេសកម្ពុជា។

ទោះជាយ៉ាងនេះក្តី អ្នកសេដ្ឋកិច្ឋរូបនេះ បានសង្កត់ធ្ងន់ថា ការបោះពុម្ពក្រដាសប្រាក់ក្នុងស្ថានភាពសេដ្ឋកិច្ចកំពុងជួបភាពយ៉ាប់យ៉ឺននេះ គឺមិនមែនចេះតែធ្វើនោះទេ ពោលគឺត្រូវថ្លឹងថ្លែងឲ្យបានល្អិតល្អន់ និងត្រូវបោះពុម្ពក្នុងកម្រិតមួយដែលសមស្របប៉ុណ្ណោះ។ តែផ្ទុយទៅវិញបើការបោះពុម្ពលើសតម្រូវការ វានឹងរុញស្ថានការណ៍កាន់តែអាក្រក់ជាងមុន ដែលធ្វើឲ្យមានអតិផរណាក្នុងកម្រិតខ្ពស់ ពោលគឺតម្លៃរូបិយប័ណ្ណកាន់តែធ្លាក់ចុះទាប រីឯទំនិញវិញ កាន់ឡើងថ្លៃខ្ពស់មិនខានឡើយ។

នាពេលថ្មីៗនេះធនាគារពិភពលោកបានចេញរបាយការណ៍មួយ ព្យាករថា នៅក្នុងឆ្នាំ២០២០ កំណើនសេដ្ឋកិច្ច ត្រូវបានរំពឹងទុកថា នឹងមានល្បឿនយឺតបំផុតមិនដែលធ្លាប់ជួបប្រទះតាំងពីឆ្នាំ ១៩៩៤មក ដោយវានឹងថមថយរហូតដល់រវាង -១ និង -២,៩ភាគរយ។

ធនាគារពិភពលោក បានអះអាងទៀតថា ការរាតត្បាតនៃជំងឺកូវីដ១៩ កំពុងបង្កការប៉ះទង្គិចយ៉ាងដំណំទៅលើក្បាលម៉ាស៊ីនសំខាន់ៗសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងនោះមាន វិស័យទេសចរណ៍, ឧស្សាហកម្មនាំចេញ និងផ្នែកសំណង់ ដែលទាំងអស់នេះតំណាងឱ្យជាង ៧០ភាគរយនៃកំណើនសេដ្ឋកិច្ច និងផ្តល់ការងារមានកម្រៃប្រមាណ ៤០ភាគរយ នៃការងារសរុបរបស់ប្រទេស៕

អត្ថបទ៖ សៀម ប៊ុនធី