ការ​នាំចេញ​ ពោតក្រហម មាន​ការ​ថយចុះ​ប្រមាណ ៣០ភាគរយ​ នៅ​ដើម​​ឆ្នាំនេះ ធៀប​នឹងឆ្នាំមុន

1107

ភ្នំពេញ៖ ការនាំចេញពោតក្រហមពីកម្ពុជា ទៅបណ្តាប្រទេសមួយចំនួន ដូចជា វៀតណាម ថៃ និងកោះតៃវ៉ាន់មានការថយចុះប្រមាណ ៣០ភាគរយ ពីជាង៥០ពាន់តោន មកជាង ៣៥ពាន់តោន គិតក្នុងរយៈពេល៥ខែដូចគ្នារវាងឆ្នាំ២០១៩ និងឆ្នាំ២០២០។

ទោះយ៉ាងណា ការថយចុះនេះ គឺជាការល្អទៅវិញ ព្រោះពោតក្រហមដែលនៅសល់ពីការនាំចេញ ត្រូវបានបញ្ជាទិញពីក្រុមហ៊ុនកែច្នៃចំណីសត្វមួយចំនួន ដូចជាក្រុមហ៊ុនរបស់ឧកញ៉ា ម៉ុងឬទ្ធី, ក្រុមហ៊ុនCP និងក្រុមហ៊ុន Betagro កម្ពុជា ដើម្បីយកមកធ្វើជាចំណីសត្វ ដែលក្រុមហ៊ុនទាំងនោះ បានចិញ្ចឹម និងផ្គត់ផ្គង់សត្វទាំងនោះលើទីផ្សារវិញ។ នេះបើតាមការឱ្យដឹងពីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក រដ្ឋមន្ត្រី បានបញ្ជាក់ថា ការកែច្នៃផលិតផលកសិកម្មក្នុងស្រុកនេះ ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកែច្នៃផលិតផលកសិកម្ម និងបង្កើនការចិញ្ចឹមសត្វ រួមទាំងការអនុវត្តគោលនយោបាយរបស់កម្ពុជា ក្នុងការដំទ្បើងពន្ធនាំចូលពោតក្រហមពីខាងក្រៅ មកកែច្នៃនៅកម្ពុជា។

សូមបញ្ជាក់ថា ដំណាំពោតក្រហម មានដាំនៅខេត្តប៉ៃលិន ពោត៍សាត់ ត្បូងឃ្មុំ និងបណ្តាខេត្តមួយចំនួនទៀតនៅតាមដងទន្លេមេគង្គ។ ពោតក្រហម ១គីទ្បូមានតំលៃចន្លោះពី ៩០០រៀល ទៅ១ពាន់រៀល៕

អត្ថបទ៖ ហៃ ពិសី