កញ្ញា សុខ ធារ៉ា គឺជាប្រជាពលរដ្ឋខ្មែរម្នាក់ក្នុងចំណោមប្រជាពលរដ្ឋខ្មែរដទៃទៀត ដែលបានមើលឃើញពីកំរិតជីវភាពរស់នៅរបស់ពួកខ្លួន មានភាពល្អប្រសើរឡើង ដោយសារតែមានការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងខេត្តព្រះសីហនុ។
ធារ៉ា ឆ្នាំនេះមានអាយុ ២៦ ឆ្នាំ ធ្វើការនៅក្រុមហ៊ុន Romantic Leather Cambodia ដែលជាក្រុមហ៊ុនធំជាងគេ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដែលមានចំងាយ ២១០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
ក្នុងអំឡុងពេលដែលគ្រួសារដ៏ធំរបស់ ធារ៉ា មានមុខរបរជាកសិករ ជីវភាពរបស់គ្រួសារ ធារ៉ា បានត្រឹមតែមួយរស់តែប៉ុណ្ណោះ តែឥឡូវនេះសមាជិក ៧ ក្នុងចំណោមសមាជិកគ្រួសារ ៨ នាក់ បានមកបំរើការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដែលអាចទទួលបានប្រាក់ចំណូល កើនឡើងទ្វេដង បើប្រៀបធៀបទៅនឹងការងារពីមុន។

ធារ៉ា បានមានឲ្យដឹងថា៖ “ឥឡូវនេះ ពួកយើងកំពុងរស់ជាមួយជីវភាព ងាយស្រួលជាងពីមុន” និងបានប្រាប់ទៀតថា គ្រួសាររបស់ ធារ៉ា បានសង់ផ្ទះថ្មីមួយ ហើយបានទិញម៉ូតូពីរគ្រឿង ថែមទៀតផង។
តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដែលជាគម្រោងដ៏សំខាន់មួយ នៃគំនិតផ្តួចផ្តើមនៃគម្រោង ផ្លូវមួយខ្សែក្រវ៉ាត់មួយ ដែលត្រូវបានស្នើឡើងដោយប្រទេសចិន ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០៨ តាមរយៈភាពជាដៃគូវិនិយោគទុន របស់ក្រុមហ៊ុន Jiangsu Taihu Cambodia International Economic Cooperation Investment Co និងក្រុមហ៊ុន Cambodia International Investment Development Group Co។
លោក Jack Chen នាយកប្រតិបត្តិនៃតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ នេះបាននិយាយថាតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ មានទំហំ ១១.១៣ គីឡូម៉ែត្រការ៉េ បានទទួលការវិនិយោគពីប្រទេសចិន, ប្រទេសជប៉ុន, ប្រទេសបារាំង, ប្រទេសកូរ៉េខាងត្បូង និងសហភាពអឺរ៉ុប។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បច្ចុប្បន្នមានក្រុមហ៊ុនចំនួន ១៦១ ដោយមានដើមទុនចុះបញ្ជីប្រហែល ៩១៨ លានដុល្លារ និងមានកម្លាំងពលកម្ម ២២៤៩៥ នាក់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយកាលពីខែមករា ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

លោក Chen បាននិយាយថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានបំណងទាក់ទាញក្រុមហ៊ុនឲ្យបានប្រមាណជា ៣០០ ដែលអាចបង្កើតការងារប្រហែល ១០០,០០០កន្លែង ដល់ប្រជាពលរដ្ឋកម្ពុជា។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតនៅក្នុងខេត្តព្រះសីហនុ របស់ប្រទេសកម្ពុជា ដែលជាខេត្តតែមួយគត់របស់ប្រទេសកម្ពុជា មានកំពង់ផែទឹកជ្រៅ។ ខេត្តព្រះសីហនុ ត្រូវបានគេបង្កើតឡើងនៅក្នុងទសវត្សឆ្នាំ ១៩៦០ ហើយត្រូវគេបានដាក់ឈ្មោះ របស់អតីតព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះនរោត្តមសីហនុ (១៩២២-២០១២) ។
អ្នកគ្រប់គ្រងទូទៅរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ លោក Cao Jianjiang បាននិយាយថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (Sihanouk Special Economic Zone = SSEZ) គឺជាតំបន់សេដ្ឋកិច្ចពិសេសដ៏ធំបំផុត របស់ប្រទេសកម្ពុជា ទាំងទំហំនិងការប្រើប្រាស់ ហើយបានក្លាយទៅជាសសរស្ដម នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងប្រទេសកម្ពុជា។
លោក Cao Jianjiang បានបន្ថែមថា ខណៈពេលដែលប្រទេសចិន បានឈានដល់ដំណាក់កាលចាស់ទុំ នៃឧស្សាហូបនីយកម្ម ដោយមានភាពប្រកួតប្រជែងខ្លាំងនៅក្នុងផ្នែកឧស្សាហកម្ម និងសមត្ថភាពផលិតកម្ម ប្រទេសកម្ពុជាបានធ្វើការយ៉ាងសកម្ម ក្នុងការជំរុញឧស្សាហកម្មភាវូបនីយកម្មរបស់ខ្លួន ដូចដែលបានចែងនៅក្នុងគោលនយោបាយ អភិវឌ្ឍន៍ឧស្សាហកម្មរបស់កម្ពុជា ឆ្នាំ ២០១៥-២០២៥។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានលើកទឹកចិត្តក្រុមហ៊ុនចិន ឲ្យចូលមកវិនិយោគ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ លោក Cao Jianjiang បានលើកឡើងថា ទាំងនេះបានបង្កើតទំនាក់ទំនង ក្នុងការផ្ដល់អត្ថប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេសទាំងពីរ ក្រោមគំនិតផ្តួចផ្តើមនៃគម្រោង ផ្លូវមួយខ្សែក្រវ៉ាត់មួយ របស់ប្រទេសចិន។
នៅក្នុងឯកសាស្រាវជ្រាវរួមគ្នា របស់លោក ហេង គីមកុង សាស្ត្រាចារ្យ នៅសាកលវិទ្យាល័យកម្ពុជា និងលោក ប៊ូ សូវីនដា ដែលជានិស្សិតអាហារូបករណ៍ នៅសាកលវិទ្យាល័យ East China Normal University មានមូលដ្ឋាននៅទីក្រុងស៊ាងហៃ បានឱ្យដឹងថា គម្រោងផ្ដួចផ្ដើម ផ្លូវមួយខ្សែក្រវ៉ាត់មួយ បានផ្តល់ឱកាសដ៏ល្អដល់ប្រទេសកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីឱ្យប្រទេសកម្ពុជា អាចចាប់តាមទាន់ជាមួយនឹងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់។
ឯកសាស្រាវជ្រាវនោះ បានសរសេរថា គំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ គឺជាការបំពេញបន្ថែមទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់ប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមនេះ នឹងជួយឲ្យប្រទេសកម្ពុជា សម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ដើម្បីក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមត្រឹមឆ្នាំ ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០។
គម្រោងផ្ដួចផ្ដើមផ្លូវមួយខ្សែក្រវ៉ាត់មួយ ដែលរួមមានផ្លូវគោក និងផ្លូវទឹក ឆ្លងគាត់ប្រទេសចំនួន ៦៥ ទំនងជាអាចធ្វើឲ្យសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងអន្តរជាតិរបស់ប្រទេសកម្ពុជា មានភាពលើ្អប្រសើរឡើង ដោយដើរតួជាចំណុចតភ្ជាប់គ្នា រវាងប្រទេសចិន និងបណ្តាប្រទេសដទៃទៀតតាមបណ្តោយផ្លូវនេះ។
ឯកសាស្រាវជ្រាវនោះ បានបន្តទៀតថា ក្នុងនាមជាប្រទេសតូចមួយ នៅក្នុងដំណាក់កាលកំពុងអភិវឌ្ឍន៍របស់ខ្លួន ប្រទេសកម្ពុជាកំពុងត្រូវការជំនួយ និងការវិនិយោគយ៉ាងខ្លាំងក្លា ពីជុំវិញពិភពលោក។ ប្រទេសកម្ពុជា គួរតែចាប់យក គម្រោងផ្ដួចផ្ដើមផ្លូវមួយខ្សែក្រវ៉ាត់មួយ ព្រោះគម្រោងនេះ ស្របទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់ប្រទេសកម្ពុជា។

នៅថ្ងៃទី ២១ ខែមករា លោក ស៊ី ជីនពីន បានថ្លែងទៅកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថា កិច្ចសហប្រតិបត្តិការទ្វេភាគីលើ គម្រោងផ្ដួចផ្ដើមផ្លូវមួយខ្សែក្រវ៉ាត់មួយ បាននាំមកនូវលទ្ធផលជាក់ស្តែងកើនឡើង ហើយកិច្ចខិតខំប្រឹងប្រែងរួមគ្នា គឺចាំបាច់ដើម្បីកសាងសហគមន៍នាពេលអនាគត ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានមានប្រសាសន៍តបថា ប្រទេសកម្ពុជា ត្រៀមខ្លួនចូលរួម ជាមួយប្រទេសចិន សម្រាប់គម្រោងផ្ដួចផ្ដើមផ្លូវមួយខ្សែក្រវ៉ាត់មួយ។
ទំហំពាណិជ្ជកម្មរវាងប្រទេសចិន និងប្រទេសកម្ពុជា បានកើនឡើងដល់ ៥,៦ ពាន់លានដុល្លារ កាលពីឆ្នាំមុន ពោលគឺកើនឡើង ១២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
មេដឹកនាំប្រទេសទាំងពីរ បានព្រមព្រៀងគ្នាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ១០ ពាន់លានដុល្លារនៅឆ្នាំ ២០២៣។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា កាលពីឆ្នាំមុន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បាននាំចេញផលិតផលដែលមានតម្លៃ ៣៧២ លានដុល្លារ កើនឡើង ៦៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

រោងចក្រនៅ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផលិតនូវផលិតផលមានដូចជា ផលិតផលវាយនភ័ណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ, គ្រឿងអេឡិចត្រូនិក, គ្រឿងអគ្គិសនី, សំបកកង់គ្រឿង, គ្រឿងបន្លាស់, គ្រឿងសង្ហារឹម, សម្ភារៈបរិក្ខាការិយាល័យ និងគ្រឿងបរិក្ខារកីឡា។
ប្រទេសកម្ពុជាមានបំណង ប្រែក្លាយ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដូចទៅនឹងទីក្រុងសេនជឺន Shenzhen របស់ប្រទេសចិន ដែលនៅឆ្នាំ ១៩៨០ ប្រទេសចិនបានកសាងតំបន់សេដ្ឋកិច្ចពិសេសទីមួយរបស់ខ្លួន សម្រាប់សេដ្ឋកិច្ចទីផ្សាររបស់ខ្លួន។
ក្នុងរយៈពេល ៤ ទសវត្សរ៍កន្លងមកនេះ ទីក្រុងសេនជឺន (Shenzhen) បានរីកចម្រើនយ៉ាងខ្លាំង ក្លាយពីទីក្រុងឆ្នេរសមុទ្រដែលនៅដាច់ស្រយាលមួយ ទៅជាមជ្ឈមណ្ឌលផលិតផលិតផលបច្ចេកវិទ្យាសកលមួយ៕