តើអ្វីនៅពីក្រោយ ការសម្រេចចិត្តរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញរឿង កូរ៉ូណា វីរុស ?

1315

ថ្លែងពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងនៅល្ងាចថ្ងៃទី ០៣ កុម្ភះ២០២០នេះ, លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា នឹងធ្វើដំណើរទៅសួរសុខទុក្ខនិស្សិត និងពលរដ្ឋខ្មែរនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ដែលជាទីកន្លែងផ្ទុះវីរុសផ្លូវដង្ហើមប្រភេទថ្មីឈ្មោះ កូរ៉ូណា។

លោកប្រមុខដឹកនាំកម្ពុជា បានស្នើឲ្យមន្ត្រីពាក់ព័ន្ធទាក់ទងទៅ ភាគីចិនដើម្បីរៀបចំដំណើរចុះសួរសុខទុក្ខនេះ ប្រសិនបើភាគីចិនយល់ព្រមអនុញ្ញាត។ ការប្រកាសរបស់ លោកនាយករដ្ឋមន្ត្រី បានធ្វើឲ្យពលរដ្ឋខ្មែរទូទៅមានការកោតសរសើរជាពន់ពេក ចំពោះទឹកចិត្តរបស់មេដឹកនាំរូប នេះដែលសុខចិត្តធ្វើដំណើរទៅកាន់ទីក្រុងវូហាន ដែលគ្រប់​គ្នាខ្លាចរអារមិនហ៊ានទៅនោះ។

ការប្រកាសទៅកាន់ទីក្រុងវូហានរបស់លោក ហ៊ុន សែន ក៏បានធ្វើឲ្យក្រុមប្រឆាំងជ្រុលនិយម បើកភ្នែកធំៗចង់ដាច់ផ្ងារ ហើយអាចពិបាករកពាក្យអ្វីនិយាយឌឺដងតទៅទៀតណាស់ ពីព្រោះពួកគេធ្លាប់តែមានមេដឹកនាំ ដ៏មហាកំសាកមិនដែលហ៊ានប្រឈមមុខសូម្បីរឿងរ៉ាវបន្តិចបន្តួចក៏សុខចិត្តរត់ប្រាស់អាយូសចោលស្រុក យករួចខ្លួនតែឯងដោយទុកឲ្យកូនចៅអ្នកគាំទ្រកំព្រារងារឯកោ។ ប៉ុន្តែពេលនេះ ពួកគេក៍បានកាន់តែភ្លឺភ្នែកដោយបានឃើញសេចក្តីក្លាហាន និងការទទួលខុសត្រូវរបស់មេដឹកនាំឈ្មោះ ហ៊ុន សែន ដែលខុសស្រឡះពីមេដឹកនាំមាន់សម្ល «ក្បាលមិនជាប់មេឃ ជើងមិនជាប់ដី»របស់ពួកគេ។

នរណាក៏ដឹងដែរថា លោក ហ៊ុន សែន ធ្លាប់ចាកចោលគ្រួសារ ហើយផ្សងស្លាប់ចូលទៅទឹកដី វៀតណាមដោយយកជីវិតធ្វើដើមទុនដើម្បីរិះរក វិធីរំដោះពលរដ្ឋខ្មែរឲ្យរួច ពីសេចក្តីស្លាប់ ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ មេដឹកនាំរូប នេះ ក៍ធ្លាប់បានឆ្លងកាត់ សមរភូមិប្រយុទ្ធដោយផ្ទាល់ចំនួន ១០៥ សមរភូមិ។ ក្រោយមកទៀត បុរសខ្លាំងកម្ពុជារូបនេះក៏បានបន្តផ្សងជីវិតម្តងទៀត ចូលទៅជុំរុំក្នុងតំបន់ខ្មែរក្រហម ដោយយកជីវិតរបស់ខ្លួនទៅប្តូរជាមួយសុខសន្តិភាព។ ហើយជាលទ្ធផល នយោបាយឈ្នះឈ្នះបាននាំមកនូវសន្តិភាពពេញផ្ទៃប្រទេសដែលមិនធ្លាប់មាន ក្នុងប្រវត្តិកម្ពុជារយៈពេល ៥០០ ឆ្នាំចុងក្រោយ។ ដូច្នេះ ត្រឹមតែទៅកាន់ទីក្រុងវូហាន ដើម្បីសួរសុខទុក្ខកូនចៅជនរួមជាតិរបស់ខ្លួនគឺជារឿងតូចតាច ណាស់សម្រាប់លោក ហ៊ុន សែន បើទោះបីជាក្រុមប្រឆាំងចាត់​ទុកជា រឿងគួរឲ្យខ្លាចជាងគ្រាប់បែកនុយក្លេអ៊ែរ និងកំពុងនាំគ្នារួញក្បាលដូច​អណ្តើក​ក៏ដោយ។

មកដល់ត្រឹមនេះ យើងបែរថយក្រោយបន្តិចដើម្បីស្វែងយល់អំពីការ សម្រេចចិត្តមិន​លុបចោលជើងហោះហើរពីប្រទេសចិន និងមិនជម្លៀសពលរដ្ឋខ្លួន ចេញពីក្រុងវូហាន ដែលលោក ហ៊ុន សែន បានប្រកាសក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ៣០ មករា។

មានមនុស្សមួយចំនួន ជាពិសេសក្រុមប្រឆាំងជ្រុលនិយមដែលមិនស្គាល់អ្វីជា​ប្រយោជន៍ជាតិ​, អ្វីជាគុណធម៌ និងអ្វីជានយោបាយការបរទេសបែបវ័យឆ្លាត, ពួកគេបែរជានាំគ្នាចំអកឡកឡឺយ និងរិះគន់ឌឺដងវាយប្រហារតាម ទម្លាប់អាក្រក់របស់ខ្លួនថា លោកនាយករដ្ឋមន្ត្រីយក សេដ្ឋកិច្ចជាតិធំជាងជីវិត មនុស្ស និងចង់ឱបជើងចិន ទើបធ្វើបែបនេះ។

ទោះបីជាគ្មានអ្នកណាអាចយល់ចិត្តបុរសខ្លាំងរូប នេះទាំងស្រុងបានក៏ដោយ ប៉ុន្តែ ក្នុងនាមអ្នកតាមដាននយោបាយតុកាហ្វេជាច្រើនទសវត្សរ៍មកហើយ ខ្ញុំពិតជា មើលធ្លុះបានខ្លះៗដែរ នូវយុទ្ធសាស្ត្រដ៏ឈ្លាសវៃរបស់លោក ហ៊ុន សែន។

ជាធម្មតា លោក ហ៊ុន សែន ដែលជាស្ថាបនិកនៃនយោបាយឈ្នះៗ តែងតែធ្វើអ្វីក៏ដោយ ដោយយកយុទ្ធសាស្ត្រ​ «ឈ្នះឈ្នះ» ជាគោលគ្រឹះជានិច្ច រាប់ទាំងបញ្ហាកូរ៉ូណាវីរុសផងដែរ។

តើអ្វីជាគោលគំនិតនៃនយោបាយឈ្នះៗក្នុងរឿងនេះ? ខ្ញុំសូមបកស្រាយតាមការ យល់ឃើញរបស់ខ្ញុំដូចតទៅនេះ ៖

ទី១. រឿងការប្រកាស មិនបិទជើងហោះហើរពីចិន៖ អ្នកមិនបានគិតវែងឆ្ងាយ ឬក្រុមប្រឆាំងជ្រុល ដែលចាំតែរិះគន់វាយប្រហារ ច្បាស់ជាមើលមិនឃើញចំណុចពិសេសនេះទេ។ ពួកគេបែរជាខំបកស្រាយទាំងទទឹងទិសថា នាយករដ្ឋមន្ត្រីខ្មែរមិនបាន យកចិត្តទុកដាក់លើពលរដ្ឋខ្លួនឯង ហើយបន្តបើកឲ្យជើងហោះហើរពីចិនចូលមកកម្ពុជា។ ប៉ុន្តែ សួរថា តើកម្ពុជា មានការចាំបាច់ដែររឺទេ ដែលត្រូវប្រកាសបិទជើងហោះហើរពីចិន ជាពិសេសពីខេត្ត ហ៊ូប៉ី និងពីទីក្រុងវូហាន ខណៈដែលចិនខ្លួនឯងបាន ប្រកាសបិទរួចទៅហើយនោះ? នេះគឺជាសំណួរគន្លឹះសម្រាប់ស្វែងយល់ ពីការសម្រេចចិត្តរបស់លោក ហ៊ុន សែន ក្នុងនាម ជានាយករដ្ឋមន្ត្រីដ៏មានបទពិសោធន៍។ ដូច្នេះ ការសម្រេចចិត្តមិនប្រកាសបិទ ជារឿងល្អបំផុតហើយពីព្រោះ ទោះជាប្រកាសក៏ដូចមិនប្រកាសដែរ ព្រោះជើងហោះហើរពីតំបន់គ្រោះថ្នាក់ មកកម្ពុជាគ្មានទៀតទេ ដោយសារភាគីចិន បានបិទរួចទៅហើយ។ តែអ្វីដែលខុសគ្នាគឺនៅត្រង់ថា ការមិនប្រកាសបិទ គឺអាចរក្សាសារបាន នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយចិន ដែលជាមិត្តល្អរបស់កម្ពុជា។ នេះជាចំណុចគន្លឹះដ៏សំខាន់មួយទៀត ក្នុងទំនាក់ទំនងការបរទេស។

ទី២. មកដល់ត្រង់នេះ គេពិតជាបានឃើញកាន់តែច្បាស់ថា លោក ហ៊ុន សែន ជាអ្នកដឹកនាំដ៏ឆ្លាតវៃ ដែលពិបាករកមនុស្សមកប្រដូច។ ចំណុចពិសេស មួយទៀតដែលខ្ញុំកត់ សម្គាល់គឺ លោក ហ៊ុន សែន មិនមែនជាអ្នក នយោបាយប្រជាភិថុតិ ដូចអ្នកនយោបាយនៃក្រុមប្រឆាំងទាំងឡាយនោះឡើយ។ មិនប្រជាភិថុតិ ពីព្រោះក្នុងនាមអ្នកដឹកនាំ លោកនាយករដ្ឋមន្ត្រី ត្រូវគិតដល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ បើទោះបីជាពេលខ្លះលោកត្រូវធ្វើការសម្រេចចិត្តមួយ ដែលអ្នកមិនយល់សភាពការណ៍ អាចមើលឃើញដោយភាន់ច្រឡំថា លោកហាក់មិនស្រឡាញ់ពលរដ្ឋរបស់ខ្លួនក៏ដោយ ប៉ុន្តែនៅពីក្រោយការសម្រេចនេះ គឺជាផលចំណេញសម្រាប់ជាតិ និងប្រជាជនដ៏ធំធេង។ មិនខុសអ្វីពីទឹកចិត្តឪពុកម្តាយ ដែលពេលខ្លះសុខចិត្តលួចស្រក់ទឹកភ្នែក ដោយសារតែសេចក្តីសម្រេចមួយដែលធ្វើឲ្យកូនមិនសប្បាយចិត្ត។ ប៉ុន្តែ សេចក្តីសម្រេចចិត្តនោះ គឺដើម្បីតែសេចក្តីសុខរបស់កូនទាំងស្រុង។ ជាក់ស្តែង ក្នុងករណីកូរ៉ូណាវីរុស បើសិនជាក្រុមប្រឆាំងវិញ ច្បាស់ជាប្រើនយោបាយប្រជាភិថុតិ ១០០% ដោយធ្វើពុតដូចជាស្រឡាញ់ពលរដ្ឋណាស់ ស្រឡាញ់ជាតិណាស់ ដើម្បីបំពេញចិត្តប្រជាជនតែមួយគ្រា រួចហើយប្រយោជន៍ជាតិដ៏ធំធេងនឹងបាត់បង់តាមក្រោយ។ យ៉ាងណាមិញ ការប្រកាសបិទជើងហោះហើរ ពិតជាអាចធ្វើឲ្យមនុស្សមួយចំនួនយល់ថា រដ្ឋាភិបាលយកចិត្តទុកដាក់ពីពលរដ្ឋរបស់ខ្លួន ប៉ុន្តែនៅពីក្រោយការសម្រេចនេះ គឺមិនខុសអ្វីពីការសម្លាប់សេដ្ឋកិច្ចជាតិខ្លួនឯងនោះឡើយ។ មិនត្រឹមតែសេដ្ឋកិច្ចជាតិ ប៉ុន្តែការបន្លាច ឬការបិទខ្ទប់ទេសចរ មិនឲ្យចូលស្រុកក៏ប៉ះពាល់ធ្ងន់ធ្ងរដល់អាជីវកម្មរបស់ផ្នែកឯកជន និងរបស់ពលរដ្ឋដែលរកស៊ីក្នុងវិស័យទេសចរណ៍ផងដែរ។ សូមកុំភ្លេចថា ប្រសិនបើ សេដ្ឋកិច្ចជាតិត្រូវបានបំផ្លាញ ប្រជាជន១៦ លាន នាក់នៅទូទាំងប្រទេស នឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ រីឯទំនាក់ទំនងកម្ពុជា ចិន ក៏រងផលប៉ះពាល់ដែរ។ មិនត្រឹមតែមិនប្រើនយោបាយប្រជាភិថុតិ លោក ហ៊ុន សែន ក៏ជា មេដឹកនាំដ៏ឆ្លាតវៃមួយរូប ដែលវិភាគសភាពកាណ៍ មិនសូវចេះខុស ទាំងសភាពការណ៍ ក្នុងប្រទេសនិងក្រៅប្រទេស។

លោក​ ហ៊ុន សែន ក៍ជាមេដឹកនាំដែលហ៊ានថា ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ។ ជាក់ស្តែង ក្នុងការសម្រេចចិត្ត មិនជម្លៀសពលរដ្ឋខ្មែរចេញពីក្រុងវូហាន លោកនាយករដ្ឋមន្ត្រី ប្រកាសទៅសួរសុខទុក្ខនិស្សិត និងពលរដ្ឋខ្មែរដល់ក្រុងវូហានតែម្តង ដើម្បីបង្ហាញថា លោក មិនមែនជាមេដឹកនាំ ដែលទុកឲ្យពលរដ្ឋរងារឯកា ហើយយករួចខ្លួនតែឯងដូចអ្នកនយោបាយខ្លះនោះឡើយ។ នេះគឺជាភាពក្លាហាន និងការទទួលខុសត្រូវ ហ៊ានថា ហ៊ានធ្វើ ដែលកម្រមានអ្នកណាអាចធ្វើបាន។

សរុបមកវិញ នៅពីក្រោយការ សម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺសុទ្ធតែមានបង្កប់ ដោយផលប្រយោជន៍សម្រាប់ជាតិ និងប្រជាជនជានិច្ច។ នេះគឺជាចំណុចខ្លាំងបំផុតរបស់លោក ហ៊ុន សែន ដែលធ្វើឲ្យគាត់ប្រយុទ្ធ ១០០ដង ឈ្នះ ១០០ដង និងអាចឈរជើង ធ្វើជានាយករដ្ឋមន្ត្រី រយៈពេលជាង៣៥ ឆ្នាំ យ៉ាងរឹងមាំហើយ និងបន្តតំណែងនេះយូរតទៅទៀត។ ចំណែកឯគូរប្រជែងនយោបាយដែលចង់ផ្តួលលោក ហ៊ុន សែន តាមវិធីធ្វើនយោបាយប្រជោនិយម ប្រជាភិថុត បដិវត្តន៍ពណ៌ និងដុតអោយខ្លោចរោជអោយឆៅដូចក្នុងករណីមេរោគកូរូណាជាដើមនេះ ទីបំផុត លទ្ធផលដែលពួកគេទទួលបានគឺ អ្នកខ្លះដួលងើបលែងរួច អ្នកខ្លះទៀតទោះនៅរស់តែមិនខ្លាំង រីឯជើងខ្លាំងខាងស្រែកក៏កាន់តែខ្សោយទៅៗដូចចង្កៀងអស់ប្រេងហៀបនឹងរលុត៕

ដោយ : អ្នកតាមដាន នយោបាយតុកាហ្វេ