បន្ទាប់ពីថ្ងៃឧបោសថសីល បុរសស្ថិតនៅក្នុងវ័យកណ្ដាលម្នាក់ រស់នៅក្នុងខេត្តបាត់ដំបង តែងតែធ្វើដំណើរទៅកាន់ទីវត្តអារាម ហើយត្រលប់មកវិញជាមួយ ផ្កាឈូក ដែលពុទ្ធបរិស័ទ បានយកមកបូជាថ្វាយដល់ព្រះសម្មាសម្ពុទ្ធ។
ពេលត្រលប់មកដល់ផ្ទះដែលជាកន្លែងធ្វើការវិញ បុរសនេះ កាច់យកតែផ្នែកផ្កា ទៅដាក់ហាលឲ្យក្រៀម និងប្រមូលនូវផ្កាឈូក ដែលហាលក្រៀមយកទៅដុត ឲ្យឆេះក្លាយទៅជាកំទេចផេះ។ បន្ទាប់មក ផេះ ដែលបានមកពីកាដុតផ្កាឈូក ត្រូវបានយកទៅលាយត្រាំជាមួយ ទឹកភ្លៀង ដែលបានត្រងទុកកាលពីរដូវវស្សាកន្លងមក ដើម្បីផលិតជាទឹកថ្នាំ។
នៅលើតុ ក្នុងបន្ទាប់ដែលតុបតែង តាមបែបអ្នកស្រឡាញ់សិល្បៈ គេឃើញមាន ដបទឹកថ្នាំពណ៏ខ្មៅ ចានទឹកថ្នាំ ក្រដាសស និងដើមឈូកជាច្រើន។ បុរសនោះ បានចាប់ផ្ដើម កាត់ដើមឈូក ជាកង់ខ្លីៗ រួចយកជ្រលក់ទៅក្នុងចានទឹកថ្នាំ បន្ទាប់មកយកដើមឈូក ដែលមានជាប់ពណ៍នៅខាងចុងនេះ សង្គត់ទៅលើក្រដាសស ឲ្យលេចចេញជាចំណុចស្នាមតូចៗ យ៉ាងផ្ចិតផ្ចង់មួយៗ ពណ៏ស្រាល ឬធ្ងន់ ជាប់ៗគ្នាជាបន្តបន្ទាប់ រហូតផ្ដុំទៅផ្ទាំងគំនូរ សខ្មៅ បែបអរូបី ដែលគ្មាននរណាម្នាក់នឹកស្មានដល់។
តាមពិតទៅ បុរសម្នាក់នេះ គឺវិចិត្រករជនជាតិអូស្ត្រាលីមួយរូប ដែលមានឈ្មោះពេញថា Morrison POLKINGHORNE និងបានមករស់នៅ និងប្រកបអាជីវកម្មនៅក្នុងខេត្តបាត់ដំបង អស់ជាច្រើនឆ្នាំមកហើយ។
“ខ្ញុំចាត់ទុកប្រទេសកម្ពុជា ជាផ្ទះទី២របស់ខ្ញុំ” លោក Morrison និយាយទាំងញញឹម រួមជាមួយក្ដីរំភើបរីករាយ នៅក្នុងពិធីបើកការតាំងពិព័រណ៍ថ្មីមួយទៀតរបស់ខ្លួន ក្រោមចំណងជើងថា “Khmer Impressions” នៅក្នុងវិចិត្រសាលរបស់ សណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ។
ដោយការស្រឡាញ់ផ្នែកសិល្បៈតាំងតែពីក្មេងវ័យ លោក Morrison មានគំនិតចង់បង្កើតនូវអ្វីមួយដែលខុសប្លែកពីគេ។ ដោយទឹកចិត្តស្រឡាញ់ចំពោះភាពស្រស់ស្អាតរបស់ ផ្កាឈូក រួមជាមួយអត្ថន័យដ៏ជ្រាលជ្រៅនៃ ផ្កាឈូក ដែលតំណាងឲ្យភាពបរិសុទ្ធ និងត្រូវបានគេប្រើប្រាស់ជាធ្វើគ្រឿសក្ការៈបូជាចំពោះព្រៈពុទ្ធរូប ផងដែរនោះ ទើបជំរុញទឹកចិត្តលោកឲ្យធ្វើការស្រាវជ្រាវ និងដកបទពិសោធន៍ជុំវិញ ផ្កាឈូក។
“ខ្ញុំប្រើ ដើមឈូក ធ្វើជាជួក និងផ្នែកផ្សេងទៀតយកទៅផលិតជាទឹកថ្នាំធម្មជាតិ ដែលដូចទៅនឹងសិល្បៈបុរាណរបស់ជនជាតិចិនដែរ។ សិល្បៈគំនូរ សខ្មៅ ឬ Monochrome គឺជាប្រភេទសិល្បៈដ៏កំរមួយ ដែលមានដើមកំណើតយូរលុងណាស់មកហើយ នៅប្រទេសចិន និង ជប៉ុន។” លោក Morrison ពន្យល់ពីបុព្ធហេតុ ដែលនាំឲ្យលោកមានគំនិតបង្កើតថ្មីនេះឡើង និងបានបន្តទៀតថា៖ “ដើមឡើយ ខ្ញុំចង់បង្កើតសិល្បៈមួយផ្ទាំង រាងជាការ៉េ ឬចតុកោណកែង ដោយគំនូសជារង្វង់ ឬមូល។ ខ្ញុំយកទឹកថ្នាំមក ហើយខ្ញុំក៏ឃើញផ្កាឈូក ខ្ញុំកាច់ដើមឈូកនោះ ជ្រក់ទឹកថ្នាំ ចុចទៅលើក្រដាស បង្កើតបានជារង្វង់ដែលមានរន្ធ ៧។ វាពិតជាគួរអោយចាប់អារម្មណ៍មែន ខ្ញុំក៏បន្តបង្កើតចំណុចៗជាប់ៗគ្នា ពេញផ្ទាំងរាងការ៉េនោះ ជាលើកដំបូង។”
មុនពេលលោក មកកាន់ប្រទេសកម្ពុជា លោកក៏ធ្លាប់បានធ្វើដំណើរទៅកាន់ប្រទេសផ្សេងៗទៀតដែរ និងបានរៀនពីរបៀបផលិតពណ៌ពីធម្មជាតិ នៅក្នុងប្រទេសវៀតណាមពីស្លឹកឬស្សី ហេតុដូច្នេះហើយទើបលោក ប្រើប្រាស់ ផ្កាឈូក ជំនួសវិញស្លឹកឬស្សី ក្នុងការផលិតពណ៌សម្រាប់គំនូររបស់លោក។
ផ្ទាំងគំនូររបស់ លោក Morrison ភាគច្រើនឆ្លុះបញ្ចាំងពីផ្លូវទឹក នៃទន្លេ បឹងបួរ និងភ្នំរបស់ប្រទេសកម្ពុជា ដោយលោកបានប្រាប់ឲ្យដឹងពីមូលហេតុថា៖ “ពេលខ្ញុំជិះយន្តហោះមកប្រទេសកម្ពុជា ខ្ញុំតែងតែមើលតាមបង្អួចយន្តហោះនូវទិដ្ឋភាពនៃដងទន្លេ បឹងបួរ ខ្វាត់ខ្វែងប្រសព្វគ្នា និងជួរភ្នំនៅក្នុងប្រទេសកម្ពុជា ភាពស្រស់ត្រកាលនៃទិដ្ឋភាពទាំងនោះ បានដិតជាប់នៅក្នុងអារម្មណ៍របស់ខ្ញុំ ហេតុនេះហើយទើបផ្ទាំងគំនូរសិល្បៈរបស់ខ្ញុំ គឺឆ្លុះបញ្ចាំងអំពីទិដ្ឋភាពទាំងនោះ។”
ស្នាដៃសិល្បៈរបស់លោក Morrison POLKINGHORNE ត្រូវបានដាក់តាំងបង្ហញជាច្រើនកន្លែងទាំងក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស ព្រមទាំងទទួលបានការគោតសរសើរចំពោះគំនិតបង្កើតថ្មីមួយនេះ។ ផ្ទាំងគំនូររបស់លោក Morrison មានតម្លៃរហូតដល់ខ្ទង់ពាន់ដុល្លារ ទៅតាមទំហំតូចឬធំ ហើយគ្រប់ផ្ទាំងគំនូរទាំងអស់ សុទ្ធតែមានចុះហត្ថលេខា ដោយផ្ទាល់របស់លោក អមជាមួយនឹងចំនួនចំណុចនៃដើមឈូក នៅលើផ្ទាំងគំនូរទាំងនោះផងដែរ។
ស្នាដៃសិល្បៈរបស់លោក Morrison POLKINGHORNE ត្រូវបានយកមកដាក់តាំងបង្ហាញរយៈពេល ៣ ខែ ចាប់ផ្តើមពីពេលនេះ រហូតដល់ខែមេសា ឆ្នាំ២០២០ នៅក្នុងវិចិត្រសាល នៃសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។
“ទឹកថ្នាំនៅលើផ្ទាំងគំនូរនេះ អាចរក្សាបានក្នុងរយៈពេលជាង ៣០ឆ្នាំ។ ផ្កាឈូក បានមកពីការថ្វាយដល់ព្រះពុទ្ធរូប និងទឹកភ្លៀងធម្មជាតិក្នុងខេត្តបាត់ដំបង គឺលក្ខណៈពិសេសមួយគ្មានពីរ សម្រាប់ផ្ទាំងគំនូររបស់ខ្ញុំ។” លោក Morrison អះអាងប្រាប់ ជាមួយទឹកមុខមុតមាំ និងប្រកបដោយភាពសុទិដ្ឋិនិយមបំផុត៕
រូបភាពជាកម្មសិទ្ធិរបស់ លោក Morrison Polkinghorne.