យោងតាមសារព័ត៌មានស៊ិនហួររបស់ចិន ចេញផ្សាយថា «នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជួបអញ្ជើញពិភាក្សាការងារជាមួយ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ព្រមទាំងនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង នៅក្នុងរដ្ឋធានីប៉េកាំង នាថ្ងៃពុធទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ដែលទស្សនកិច្ចនេះ សម្តេចបានក្លាយជាមេដឹកនាំពិភពលោកដំបូងគេ ដែលមកធ្វើទស្សនកិច្ចនៅប្រទេសចិន ចាប់តាំងពីមានករណីផ្ទុះវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មី»។
សេចក្តីថ្លែងការណ៍លោកស្រី ហួន ជុនយីង (Hua Chunying) អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងយ៉ាងដូច្នេះថា «យើងពិតជាយល់អំពីក្តីព្រួយបារម្ភរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះនិស្សិត។ ទោះបីជាយ៉ាងក៏ដោយចំពោះមុខនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការឆ្លង (វីរុសកូរ៉ូណាថ្មី) ដែលត្រូវបានអនុវត្តយ៉ាងពេញលេញនៅទីក្រុងវូហាន បូករួមទាំងពេលវេលាខ្លីបែបនេះ វាពិតជាមិនងាយស្រួលនោះឡើយ ក្នុងការរៀបចំដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្រ្តីកម្ពុជាទៅកាន់ទីក្រុងវូហាន។ ប្រទេសចិនបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព និងសុវត្ថិភាពនៃនិស្សិតកម្ពុជាទាំងអស់»។
សូមជំរាបថា មុនបំពេញទស្សនកិច្ចការងារនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ដែលរៀបចំឡើងដោយកូរ៉េខាងត្បូង នៅទីក្រុងសេអ៊ូល រយៈពេល៣ថ្ងៃ។ អំឡុងមានវត្តមាននៅប្រទេសកូរ៉េខាងត្បូង សម្តេចតេជោ ហ៊ុន សែន បានបន្តចាប់អារម្មណ៍ខ្ពស់ចំពោះបញ្ហាជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា ដែលផ្ទុះខ្លាំងនៅប្រទេសចិន ហើយរីករាលដាល់នៅលើពិភពលោក។
ក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋ និងពលករខ្មែរ នៅទីក្រុងសេអ៊ូល កាលពីល្ងាចថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពាក់ព័ន្ធនឹងនិស្សិតខ្មែរ ដែលកំពុងស្ថិតនៅទីក្រុងវូហាន ជាទីក្រុងផ្ទុះជំងឺរលាកផ្លូវដង្ហើម មុនដំបូងបង្អស់នៅប្រទេសចិន។ បញ្ហានិស្សិតខ្មែរទាំងនេះ បានធ្វើឱ្យក្រុមប្រឆាំងវាយប្រហារសម្តេចតាមបណ្តាញសង្គម Facebook ដោយអ្នកខ្លះបានឌឺដងឱ្យសម្តេចទៅកាន់ទីក្រុងវូហាន ដើម្បីបង្ហាញអំពីការយកចិត្តទុកដាក់ចំពោះពលរដ្ឋខ្មែរគ្រប់គ្នា។ ឆ្លើយតបនឹងការវាយប្រហារនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសភ្លាមៗថា សម្តេចនឹងទៅសួរសុខទុក្ខនិស្សិតខ្មែរទាំង២៣នាក់ នៅទីក្រុងវូហានតែម្តង បើសិនជារដ្ឋាភិបាលចិនយល់ព្រម។
សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យរដ្ឋាភិបាលចិន ដែលជាមិត្តដែកថែបជាមួយកម្ពុជា ពិចារណារយៈពេល ១ថ្ងៃ។ រដ្ឋាភិបាលចិន បានយល់អំពីសមានចិត្តសម្តេចតេជោ ហ៊ុន សែន ចំពោះប្រជាជន និងរដ្ឋាភិបាលចិន ហើយរដ្ឋាភិបាលចិន ក៏មានការបារម្ភចំពោះសុវត្ថិភាពរបស់សម្តេចតេជោ ហ៊ុន សែន ផងដែរ។ ទីបំផុត ! ក្រោយពិចារណាល្អិតល្អន់ រដ្ឋាភិបាលចិន បានសម្រេចមិនអនុញ្ញាតឱ្យសម្តេចតេជោ ហ៊ុន សែន ទៅកាន់ទីក្រុងវូហាន ប្រទេសចិន ដែលកំពុងផ្ទុះជំងឺរលាកផ្លូវដង្ហើមថ្មីដ៏ខ្លាំងបំផុតនោះឡើយ។ រដ្ឋាភិបាលចិន បានស្នើសម្តេចតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងវិញ។
គិតចាប់ពីមានការផ្ទុះជំងឺថ្មីកូរ៉ូណាថ្មី ដែលផ្តើមផ្ទុះពីទីក្រុងវូហាន តាំងពីដើមខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់ពេលនេះ ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចកំពូលមួយនៅលើពិភពលោក ដែលបានជួយការអភិវឌ្ឍប្រទេសជាច្រើនជាពិសេសប្រទេសដែលស្ថិតនៅក្នុងគោលនយោបាយ «ខ្សែក្រវ៉ាត់ និងផ្លូវ»នោះ មិនមានមេដឹកនាំប្រទេសដទៃណាម្នាក់ ហ៊ានទៅកាន់ប្រទេសចិនឡើយ។ សារព័ត៌មានខ្លះ ដែលគាំទ្រដោយលោកខាងលិច បានឆ្លៀតវាយប្រហារចិនដែលកំពុងរងគ្រោះធ្ងន់ធ្ងរនោះ យ៉ាងខ្លាំងក្លា។ សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំដំបូងគេ ដែលបានទៅកាន់ប្រទេសចិន ដោយបានដឹកដៃកូនប្រុសច្បងរបស់សម្តេច គឺលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកទៅជាមួយផង។
ខណៈមានវត្តមាននៅប្រទេសចិន សម្តេចត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ពីសំណាក់ប្រធានាធិបតីចិន លោក ស៉ី ជិនពីង និង នាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង។ អ្វីដែលសម្តេចតេជោ ហ៊ុន សែន ទទួលបានដោយផ្តើមចេញពីគុណធម៌ និងភាពស្មោះស្ម័គ្រនេះ គឺលោកប្រធានាធិបតី ស៊ី ជិនពីង បានពោលពាក្យអរគុណមិនដាច់ពីមាត់ចំពោះសម្តេចតេជោ ហ៊ុន សែន និងប្រជាជនកម្ពុជា ចំពោះរដ្ឋាភិបាល និងប្រជាជនចិន។ លោកប្រធានាធិបតីចិន បានថ្លែងថា លោកពិតជាអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានបង្ហាញនូវការគាំទ្រដ៏ខ្លាំងចំពោះប្រទេសចិន។ លោកបានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចតេជោ គឺជាការផ្តល់នូវទំនុកចិត្ត ផ្តល់កម្លាំងចិត្ត ដ៏មហិមាចំពោះប្រទេសចិន។ ជាពិសេសបានបង្ហាញពីការគាំទ្រ និងជឿទុកចិត្តចំពោះប្រទេសចិន។
បន្ថែមពីនេះ អ្វីដែលជាការតបស្នងចំពោះកម្ពុជា គឺប្រធានាធិបតីចិន បានអះអាងថា រាជរដ្ឋាភិបាលចិន នឹងបន្តបញ្ជូនអ្នកវិនិយោគ និងផ្តល់ជំនួយអភិវឌ្ឍន៍កាន់តែច្រើនថែមទៀត ដល់ប្រទេសកម្ពុជាតាមតម្រូវការ ពិសេសសម្រាប់ខេត្តព្រះសីហនុ ក្រោយពេលមានការបិទល្បែងភ្នាល់អនឡាញ៕