ភ្នំពេញ៖ “ក្រសួងការពារជាតិ មិនដែលមានកិច្ចព្រមព្រៀងសម្ងាត់ណាមួយឱ្យកងទ័ពចិនប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាមូលដ្ឋានឡើយ។ អស់លោកល្មមឈប់ប្រើប្រាស់ព័ត៌មានក្លែងបន្លំ អំពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជា ដើម្បីប្រឆាំងនឹងកម្ពុជាតទៅទៀត”។
អត្ថបទពាក់ព័ន្ធ៖ “កម្ពុជាចុះហត្ថលេខា ជាសម្ងាត់ជាមួយចិន ប្រើប្រាស់មូលដ្ឋានយោធា” គឺជាព័ត៌មានប្រឌិត ប្រឆាំងកម្ពុជា
នេះគឺជាលើកឡើងរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ឈុំ សុជាត ឆ្លើយតបទៅនឹង ការចេញផ្សាយរបស់សារព័ត៌មានសហរដ្ឋអាមេរិក អំពីវត្តមាន មូលដ្ឋានទ័ពចិន នៅក្នុងប្រទេសកម្ពុជា។

នាយឧត្តមសេនីយ៍ ឈុំ សុជាត ត្រូវបានសារព័ត៌មាន Fresh New ដកស្រង់សម្ដីថា៖ “វាជារឿងហួសចិត្ត ដែលសារព័ត៌មាន របស់សហរដ្ឋអាមេរិក បានប្រឌិតព័ត៌មានដ៏ឆ្កួតលីលា តាមអំពើចិត្ត អំពីមូលដ្ឋានទ័ពបរទេស នៅលើទឹកដីកម្ពុជា ហើយត្រូវបានបន្ទោរដោយសារព័ត៌មានរបស់ពួកគេដទៃទៀត ដែលហាក់ធ្វើឡើងក្នុងចេតនាចង់បំផ្លាញដល់សន្តិសុខ និងសន្តិភាពនៅកម្ពុជា និងក្នុងតំបន់”។
ប្រតិកម្មឆ្លើយតបជាបន្តបន្ទាប់ ពីប្រមុខដឹកនាំ និងមន្ត្រីធំៗ របស់កម្ពុជា ត្រូវបានធ្វើឡើង បន្ទាប់ពីសារព័ត៌មាន The Wall Street Journal បានចេញផ្សាយថា៖ “ប្រទេសចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាសម្ងាត់មួយ ដើម្បីអនុញ្ញាតឲ្យកងទ័ពរបស់ខ្លួន ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹករបស់កម្ពុជា។ កិច្ចព្រមព្រៀងនោះគឺ កម្ពុជាផ្តល់ឲ្យភាគីចិន នូវសិទ្ធិផ្តាច់មុខ ធ្វើជាមូលដ្ឋានទាហានជើងទឹកចិន ដែលជាផ្នែកមួយនៅឈូងសមុទ្រខ្មែរ ហើយនៅជិតព្រលានយន្តហោះធំមួយ ដែលកសាងដោយចិន នឹងអនុញ្ញាតឲ្យចិនប្រើជាមូលដ្ឋានយោធារយៈពេល៣០ឆ្នាំ ដាក់ទ័ព ដាក់គ្រឿងសព្វាវុធ កន្លែងចតជាដើម”។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបកស្រាយបញ្ជាក់យ៉ាងច្បាស់ ជាច្រើនដងរួចមកហើយថា រាជរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានទ័ពបរទេស នៅលើទឹកដីកម្ពុជានោះឡើយ។ រដ្ឋធម្មនុញ្ញកម្ពុជា ក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេស នៅលើទឹកដីរបស់ខ្លួនដែរ ហើយក៏មិនបញ្ជូនកងទ័ពកម្ពុជា ទៅក្រៅប្រទេសនោះដែរ លើកលែងតែ បេសកកម្មជាមួយអង្គការសហប្រជាជាតិតែមួយប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍អះអាងច្បាស់ ជាថ្មីម្ដងទៀតកាលពីម្សិលមិញនេះថា៖ “តើកម្ពុជាត្រូវការវត្តមានយោធាចិនលើទឹកដីរបស់ខ្លួនដើម្បីអ្វី? យើងមិនដែលបានពិភាក្សាណាមួយ ជាមួយមេដឹកនាំចិននោះឡើយ កុំថាឡើយដល់មានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ ល្មមឈប់ប្រើព័ត៌មានក្លែងបន្លំ អំពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជា ដើម្បីប្រឆាំងនឹងយើងហើយ”៕