ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ ដែលបានផ្ដល់ឲ្យនៅថ្ងៃទី១២ ខែកុម្ភៈ បានបង្ហាញពីតួលេខ ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប មានចំនួនជាង ២ម៉ឺនតោន សម្រាប់ខែមករា ឆ្នាំ២០១៩នេះ បើទោះបីជាមានរនាំងពន្ធពីសហគមន៍អឺរ៉ុប។
របាយការណ៍នេះបានបញ្ជាក់ថា នៅខែដំបូង ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញអង្ករចំនួនជិត៦ម៉ឺនតោន ក្នុងនោះជាង២ម៉ឺនតោន ស្មើនឹង៤០ភាគរយ នៃចំនួននាំចេញទាំងអស់ បាននាំចេញទៅអឺរ៉ុប (គិតក្នុងខែមករាតែប៉ុណ្ណោះ) ហើយ ជិត២ម៉ឺនតោន នាំចេញទៅប្រទេសចិន។
ប្រសិនបើយើងធ្វើការប្រៀបធៀបក្នុងរយៈពេលដូចគ្នា ខែមករាឆ្នាំ២០១៨ កម្ពុជានាំចេញអង្ករ បានជិត៦៣ម៉ឺនតោន ហើយចំណែកខែមករាឆ្នាំ២០១៩ កម្ពុជានាំចេញអង្ករ បានតែជិត៦០ម៉ឺនតោន ដូចនេះការនាំចេញអង្កររបស់កម្ពុជា មានការធ្លាក់ចុះ ៥ភាគរយ។
គួររំលឹកថា ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩មក អឺរ៉ុបចាប់ផ្តើមគិតពន្ធលើអង្ករកម្ពុជា សម្រាប់រយៈពេល៣ឆ្នាំ ដោយឆ្នាំដំបូងតម្លៃពន្ធចំនួន១៧៥អឺរ៉ូ (ប្រហែល២០០ដុល្លារ) ក្នុង១តោន, ឆ្នាំទី២ តម្លៃ១៥០អឺរ៉ូ (ប្រហែល១៧០ដុល្លារ) ក្នុង១តោន និងឆ្នាំទី៣ តម្លៃ១២៥អឺរ៉ូ (ប្រហែល១៤២ដុល្លារ) ក្នុង១តោន៕