ភ្នំពេញ៖ បឹងតាមោក ឬមានឈ្មោះហៅម្យ៉ាងទៀត ទំនប់កប់ស្រូវ ដែលមានចម្ងាយប្រហែល ១៥ គីឡូម៉ែត្រពីទីក្រុង ទំហំ ២០ហិកតា ត្រូវបាននិងកំពុងចាក់ដី ដើម្បីអភិវឌ្ឍធ្វើជាទីផ្សារបន្លែ ផ្លែឈើ និងចំណតរថយន្ត ជំនួសឲ្យផ្សារដើមគ។

អ្នកទទួលខុសត្រូវ ក្នុងការត្រួតពិនិត្យការងារចាក់ដី លុបបឹងនៅទីនោះបានប្រាប់ថា ការចាក់ដីនេះបានចាប់ផ្តើមប្រហែលមួយខែមកហើយ ប៉ុន្តែអារឿង ពេលណាគេចាប់ផ្តើមសាងសង់ផ្សារនោះ គឺមិនបានដឹងនោះទេ។
គួររំម្លឹកផងដែរថា រដ្ឋាភិបាលបានចេញអនុក្រឹត្យ កាលពីឆ្នាំ ២០១៦ កំណត់បឹងតាមោក ឬ ទំនប់កប់ស្រូវ ទំហំ ៣២៣៩,៧ ហិកតាជាបឹងអភិរក្ស។ តែក្រោយមក នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ទីស្ដីការគណៈរដ្ឋមន្ត្រីបានចេញលិខិត ស.ជ.ណ ដែលត្រូវបានអនុម័តដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានយល់ព្រមកាត់ផ្ទៃដី ២០ ហិកតានៅជុំវិញ បឹងតាមោក នេះ ដើម្បីយកមកអភិវឌ្ឍកសាងជាទីផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងចំណតរថយន្ត ជំនួសឲ្យទីផ្សារបន្លែ នៅក្បែរផ្សារ ដើមគ ដែលលក់ដូរពុំមានសណ្ដាប់ធ្នាប់ ដោយពុំមានការរុះរើផ្សារដើមគ ឬផ្លាស់ប្តូរទីតាំងរបស់ផ្សារដើមគ ទៅទីនោះឡើយ៕
