ភ្នំពេញ៖ តាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន ផ្សារទំនើប អ៊ីអន បានឲ្យដឹងថា ផ្សារទំនើបអ៊ីអន ៣ គ្រោងនឹងបញ្ចប់ និងដំណើរការនៅឆ្នាំ ២០២៣ ខាងមុខនេះ ក្នុងទំហំផ្ទៃដី ១៨ ហិកតា ធំជាង ផ្សារទំនើបអ៊ីអន ១ និងផ្សារទំនើបអ៊ីអន ២។
ក្រុមហ៊ុន ផ្សារទំនើប អ៊ីអន បន្តឲ្យដឹងទៀតថា គម្រោងផ្សារទំនើបអ៊ីអន ៣ មានទីតាំងស្ថិតនៅក្នុងតំបន់ទីក្រុងរណប ING ភាគខាងត្បូង នៃរាជធានីភ្នំពេញ។

ផ្សារទំនើបអ៊ីអន ៣ នេះ មានទំហំធំជាងផ្សារទំនើបអ៊ីអន ១ និងផ្សារទំនើបអ៊ីអន ២ ហើយក៏អាចចាត់ទុកបានថា ជាផ្សារទំនើបធំជាងគេមួយនៅកម្ពុជាផងដែរ ដោយមានផ្ទៃដីសាងសង់សរុបរហូតដល់ ១៨ ហិកតា ខណៈផ្សារទំនើបអ៊ីអន ១ បានសាងសង់លើផ្ទៃដី ត្រឹមតែ ៧ ហិកតា និងផ្សារទំនើបអ៊ីអន ២ មានផ្ទៃដីត្រឹមតែ ១០ហិកតា នោះ។
ក្រុមហ៊ុន ផ្សារទំនើបអ៊ីអន បានគូសបញ្ជាក់ថា ការសាងសង់ផ្សារទំនើបអ៊ីអន ៣ របស់ខ្លួននៅទីតាំងតំបន់អភិវឌ្ឍន៍ទីក្រុងរណប ING នេះ គឺដោយសារតែមើលឃើញពីសក្ដានុពលអភិវឌ្ឍន៍ខ្លាំង នៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ដែលបច្ចុប្បន្នកំពុងមានសន្ទុះកើនឡើងយ៉ាងខ្លាំង។

គួរជម្រាបថា គម្រោងអភិវឌ្ឍន៍ ទីក្រុងរណប ING Holding ត្រូវបានទទួលសិទ្ធិអភិវឌ្ឍន៍ពីរាជរដ្ឋាភិបាលកម្ពុជា លើផ្ទៃដីសរុបជាង ២.៥០០ ហិកតា ស្ថិតនៅភាគខាងត្បូង រាជធានីភ្នំពេញ។ក្នុងពេលបច្ចុប្បន្ន តំបន់នេះ បាននឹងកំពុងមានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់៕