ភ្នំពេញ៖ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោកមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ សៅ សុខា បានលើកឡើងថា៖ “លើកនេះជនល្មើសមិនថាអ្នកមាន អ្នកក្រ អ្នកតូច ឬអ្នកធំទេ ច្បាប់ចែងច្បាស់ហើយ ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ ពលរដ្ឋស្មើភាពគ្នានៅចំពោះមុខច្បាប់។”
ការលើកឡើងរបស់ លោកមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើឡើងបន្ទាប់ពីពេលថ្មីៗនេះ គណៈកម្មាធិការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំមួយ របស់អ្នកមានងារជាឧកញ៉ា ឈ្មោះថា ស៊ឹង សំអុល និងគ្នីគ្នា៣នាក់ រួមទាំងរថយន្តដឹកឈើដល់ទៅជាង៤០គ្រឿង។
ជាងនេះទៅទៀត ជារឿយៗ យើងតែងតែលឺថា អ្នកមានអំណាច (អ្នកធំ) រូបនេះ រូបនោះ នៅពីខាងក្រោយខ្នង កាងឲ្យឈ្មួញឈើនេះ ឈ្មួញឈើនោះ ឬប្រកបមុខរបរខុសច្បាប់ជាដើម។
ការលើកឡើងរបស់លោក សៅ សុខា គឺជាសារមួយចង់ដាស់តឿន អ្នកមាន់អំណាច និងអ្នកមាន មួយចំនួនដែលកំពុងសង្ងំលាក់ខ្លួន ប្រកបមុខរបរខុសច្បាប់ ឲ្យភ្ញាក់រលឹកកែខ្លួន ទាន់វាមិនទាន់ហួសពេលវេលា ព្រោះថាអោយតែរកឃើញថា ទង្វើទាំងឡាយណាជាបទល្មើស នឹងត្រូវបង្ក្រាបទាំងមនុស្ស និងមធ្យោបាយប្រព្រឹត្តបទល្មើស។
លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការជាតិ ក៏បានរម្លឹកទៅកាន់មន្ត្រីអនុវត្តន៏ច្បាប់ ផងដែរថា ត្រូវពង្រឹងវិន័យ និងអនុវត្តន៏ច្បាប់ដូចគ្នា បើរកឃើញថាផ្សំគំនិត ឬពាក់ព័ន្ធទៅនឹងបទល្មើស៕