ភ្នំពេញ៖ យោងតាមការបង្ហោះនៅក្នុងគណនីហ្វេសប៊ុករបស់ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត កាលពីថ្ងៃទី១៥ កក្កដា បានឲ្យដឹងថា កងកម្លាំងនគរបាលទាំងអស់ ដែលចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវតែកាត់សក់ឲ្យខ្លី ឲ្យស្របតាមផែនការណ៍របស់អគ្គស្នងការនគរបាលជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន។

លោកឧត្តមសេនីយ៍ឯក ស ថេត បានបង្ហោះថា៖ “តាមផែនការណ៍របស់អគ្គស្នងការនគរបាលជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានណែនាំឲ្យកម្លាំងនគរបាលទាំងអស់ ត្រូវកាត់សក់ខ្លី ដូច្នេះកម្លាំងនគរបាលចរាចរណ៍ និងកម្លាំងនគរបាលទេសចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវអនុវត្តន៍មុនគេ”។

បន្ថែមពីនេះទៅទៀត លោក ស ថេត បានបញ្ជាក់ទៀតថា កងកម្លាំងនគរបាល ត្រូវមកគោរពទង់ជាតិ និងជាពិសេសត្រូវស្លៀកពាក់ឲ្យបានត្រឹមត្រូវ តាមឯកសណ្ឋានរបស់នគរបាល ចំណែកកងកម្លាំងនគរបាលអន្តរាគមន៍ ត្រូវតែនាំគ្នាហាត់ប្រាណជាប្រចាំ នៅពេលល្ងាច ដើម្បីសុខភាពផង និងឲ្យរាងកាយមាំមួនផង។

ក្រោយពីការប្រកាសរបស់ លោកឧត្តមសេនីយ៍ឯក ស ថេត កាលពីថ្ងៃទី១៥ កក្កដារួចមក នៅថ្ងៃទី១៦ កក្កដា នេះ នគរបាលទេសចរណ៍ និងក្រុមអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការកាត់សក់ឲ្យខ្លីមុនគេបង្អស់។
លោក ស ថេត បានបញ្ជាក់ប្រាប់ទៅកាន់កងកម្លាំងនគបាលទាំងអស់ថា នឹងធ្វើការត្រួតពិនិត្យលើបទបញ្ជានេះ នៅថ្ងៃចន្ទសប្តាហ៍ក្រោយ នៅក្នុងពេលគោរពទង់ជាតិ៕