អន្តរក្រសួង កំពុង​រៀបចំ ​ផែនការ​មេ​​ វិស័យទេសចរណ៍​ ខេត្តសៀមរាប​ សម្រាប់​ឆ្នាំ២០២០-២០៣៥

596

សៀមរាប៖ អន្តរក្រសួង បានពិភាក្សាគ្នាលើពង្រាងផែនការមេវិស័យទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២០-២០៣៥ ដើម្បីឆ្លងសេចក្តីព្រាងបឋមផែនការមេ និងផ្លាស់ប្តូរយោបល់ឱ្យល្អិតល្អន់ មានលក្ខណៈស៊ីជម្រៅ និងស៊ីចង្វាក់គ្នាលើគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ដ៏សំខាន់នៅក្នុងខេត្តសៀមរាបឱ្យកាន់តែមានភាពទាក់ទាញ ផ្តល់ផលប្រយោជន៍ពីវិស័យនេះឱ្យបានដល់គ្រប់ផ្នែកទាំងអស់នៃសង្គមប្រកបដោយសមធម៌។

កិច្ចប្រជុំអន្តរក្រសួងនេះបានធ្វើឡើងកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ដោយមានវត្តមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងការចូលរួមពីបណ្តាថ្នាក់ដឹកនាំ មន្ត្រីជំនាញនៅតាមបណ្តាស្ថាប័ននិងអង្គភាពពាក់ព័ន្ធនានាផងដែរ។

សូមបញ្ជាក់ថា អន្តរក្រសួងបានព្រមព្រៀងគ្នាក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាបជា «គោលដៅទេសចរណ៍ប្រកប ដោយគុណភាព»។ ក្នុងន័យនេះ ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាបបានកំណត់វិសាលភាពរួម គឺរួមបញ្ចូលទាំងទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិ ខណៈបច្ចុប្បន្នការទស្សនាប្រាសាទអង្គរ គឺជាមូលហេតុចម្បងតែមួយរបស់ភ្ញៀវទេសចរដែលមកកាន់ខេត្តសៀមរាប។ ផែនការមេនេះបានសិក្សា និងកំណត់នូវយុទ្ធសាស្ត្រ និងផែនការសកម្មភាព ដើម្បីបង្កើនភាពទាក់ទាញនៃតំបន់សៀមរាបទាំងមូល ក្រោមទស្សនទាន «សៀមរាប៖ លើសពីការទស្សនាប្រាសាទ» ដោយផ្សារភ្ជាប់ជាមួយសកម្មភាពកម្សាន្តដ៏សម្បូរបែប។

ក្រៅពីនោះ បានឯកភាពថា ការរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបនេះនឹងក្លាយជាយន្តការដ៏មានសារៈសំខាន់ចាំបាច់ សម្រាប់ការឆ្លើយតបទៅនឹងស្ថានភាពនាពេលបច្ចុប្បន្ន ក៏ដូចជាអនាគត ដែលជាផ្នែកមួយសំខាន់នៃចក្ខុវិស័យកម្ពុជា ដែលនឹងត្រូវសម្រេចឲ្យបាននូវបំណងប្រាថ្នារួមរបស់រាជរដ្ឋាភិបាលកម្ពុជាគឺ ខេត្តសៀមរាប គឺជាខេត្តទេសចរណ៍អន្តរជាតិដ៏គួរឱ្យចាប់អារម្មណ៍ និងមានការទទួលស្គាល់ជាលក្ខណៈសកលលើការអភិរក្ស និងកិច្ចគាំពារសម្បត្តិបេតិកភណ្ឌវប្បធម៌ និងបរិស្ថានធម្មជាតិ ដោយផ្តល់ជូននូវធនធានទេសចរណ៍ និងភាពទាក់ទាញជាច្រើនទៀត។ ក្រៅពីនោះ ធានាឲ្យបានផលប្រយោជន៍សេដ្ឋកិច្ចសង្គមជាអតិបរមាពីវិស័យទេសចរណ៍ ពោលគឺតំបន់ប្រវត្តិសាស្រ្តអង្គរ តំបន់ទីក្រុងដែលមានស្ទឹងសៀមរាប តំបន់ទន្លេសាប ឧទ្យានជាតិគូលេន និងតំបន់ជនបទដែលជាគោលដៅទេសចរណ៍ត្រូវតែភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រ។

ខេត្តសៀមរាបត្រូវតែធ្វើការផ្លាស់ប្តូរពីគោលដៅទេសចរណ៍ទ្រង់ទ្រាយធំទៅជាគោលដៅទេសចរណ៍មានគុណភាព សំដៅទាក់ទាញភ្ញៀវទេសចរមកកម្សាន្តបានម្តងហើយម្តងទៀត និងភ្ញៀវទេសចរកម្រិតខ្ពស់អាចបង្កើនចំណូលជូនប្រជាពលរដ្ឋមូលដ្ឋាន និងកសាងសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយបរិយាបន្នជាដើម៕

ដោយ៖ គង់ ប៊ុនណា