ប្រទេសកម្ពុជា កំពុងមានបំណងឈប់ពឹងផ្អែកលើប្រទេសវៀតណាម និងថៃ សម្រាប់ចំនួនកំណត់ទំហំចរាចរ (Bandwidth) និងច្រកតំណរភ្ជាប់ទៅកាន់បណ្ដាញប្រព័ន្ធអ៊ិនធឺណិតអន្តរជាតិ (International Internet Gateway)។
សម្ដេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ បានប្រាប់មន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឲ្យពិនិត្យមើល ថាតើកម្ពុជាអាចតភ្ជាប់ការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ដោយខ្លួនឯងតាមរបៀបណា។
សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា “ខ្ញុំស្នើឲ្យស្ថាប័នប្រៃសណីយ និងទូរគមនាគមន៍ ពិនិត្យលើបញ្ហានេះ។ យើងចង់ឲ្យមានលទ្ធភាពកំណត់សិទ្ធប្រើប្រាស់ ដើម្បីយើងអាចគ្រប់គ្រងបញ្ហាពាក់ព័ន្ធ នឹងសន្តិសុខព័ត៌មានវិទ្យារបស់ប្រទេសកម្ពុជា។
ឥឡូវនេះយើងមិនអាចការពារប្រទេសរបស់យើងបានទេ។ យើងត្រូវធ្វើវាឥឡូវនេះ បើមិនដូច្នេះទេវានឹងដូចជាមានផ្ទះដោយគ្មានរបង។ យើងក៏ទទួលបានពន្ធនៃការប្រើប្រាស់ការតភ្ជាប់ច្រកបណ្ដាញផងដែរ”។
លោក មាស ប៉ូ អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ក្រសួងនឹងធ្វើការតាមអនុសាស្ដ្ររបស់សម្ដេច ហ៊ុន សែន។
លោកបាននិយាយថា “យើងកំពុងរៀបចំការភ្ជាប់ច្រកបណ្ដាញផ្ទាល់របស់យើង ហើយយើងនឹងសាងសង់មជ្ឈមណ្ឌលមួយ ដូច្នេះយើងអាចគ្រប់គ្រងសិទ្ធចូលប្រើប្រាស់ដោយខ្លួនយើងផ្ទាល់។”
នៅពេលត្រូវបានសួរសុំឱ្យលោកបញ្ជាក់ពីអ្វីដែលសម្ដេច ហ៊ុន សែន បាននិយាយអំពីបញ្ហាការគ្រប់គ្រងទាក់ទង នឹងសន្តិសុខរបស់ប្រទេសកម្ពុជា លោក មាស ប៉ូ បាននិយាយថា ប្រទេសកម្ពុជាបច្ចុប្បន្នពឹងផ្អែកលើប្រទេសជិតខាង ដើម្បីគ្រប់គ្រងប្រព័ន្ធសន្តិសុខតាមអ៊ីនធឺណិត។
លោកបានមានប្រសាសន៍ថា “ពួកគេមិនអាចគ្រប់គ្រងផ្នែកសន្តិសុខប្រទេសយើងបានទេ ប៉ុន្តែយើងអាចការពារទិន្នន័យរបស់យើងដោយសារតែអាស័យដ្ឋានអ៊ីនធើណេត (IP) របស់យើងបាន”។ នៅពេលយើងចូលទៅកាន់ច្រកបណ្ដាញផ្ទាល់របស់យើង យើងអាចគ្រប់គ្រងទិន្នន័យ និងបញ្ជូនបានយ៉ាងរហ័សជាពិសេសទាក់ទងនឹងសុវត្ថិភាព”។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន កាលពីម្សិលមិញបាននិយាយថា ព្រះរាជាណាចក្រកម្ពុជា ត្រូវតែមានសមត្ថភាពគ្រប់គ្រង សន្តិសុខតាមអ៊ីនធឺណិតដោយខ្លួនឯង។
លោកបានមានប្រសាសន៍ថា “ដំបូងយើងអាចគ្រប់គ្រងសន្តិសុខជាតិរបស់យើង តាមរយៈការត្រួតពិនិត្យព័ត៌មាន ដែលទាក់ទងនឹងអំពើភេរវកម្ម។ ទី២ ប្រទេសនឹងទទួលបានប្រាក់ចំណូល ពីពាណិជ្ជកម្មបណ្ដាញនេះ”។
ដោយឡែកក៏មានការព្រួយបារម្ភអំពីការឃ្លាំមើលតាមអ៊ិនធឺណិត ត្រូវបានលើកឡើងដោយអង្គការលីកាដូ បន្ទាប់ពីនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន របស់ក្រសួងមហាផ្ទៃ បានប្រកាសផែនការបង្កើត “មជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខព័ត៌មានវិទ្យា Security Operation Center (SOC)” ដើម្បីត្រួតពិនិត្យចរាចរនិង បញ្ហាសន្តិសុខតាមអ៊ីនធឺណិត។
ឧត្តមសេនីយ៍ឯក ហោ សំអាត ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៅដើមខែនេះបានមានប្រសាសន៍ថា គោលបំណងរបស់ SOC គឺដើម្បីត្រួតពិនិត្យការគំរាមកំហែងតាមអ៊ិនធឺណិត នៅលើឧបករណ៍ឌីជីថលទាំងអស់រួមទាំងស្មាតហ្វូន និងកុំព្យូទ័រផ្ទាល់ខ្លួនផងដែរ។
លោក អុំ សំអាត ប្រធានផ្នែកឃ្លាំមើលនៅអង្គការលីកាដូបានមានប្រសាសន៍ថា លោកមានការព្រួយបារម្ភពីព្រោះ SOC ដែលនឹងត្រូវបានប្រើប្រាស់ ដើម្បីរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិ។
លោក សំអាត បានមានប្រសាសន៍ថា “ការបង្កើត SOC ក្នុងកាលៈទេសៈនេះ គឺដើម្បីត្រួតត្រាជាជាងការពារឯកជនភាពនៅលើគេហទំព័រ ឬប្រព័ន្ធផ្សព្វផ្សាយសង្គមនានា ពីព្រោះយើងត្រូវបានឃ្លាំមើលដោយមន្ត្រីប៉ូលីស”។ ខ្ញុំគិតថា SOC នឹងប៉ះពាល់ដល់សេរីភាពនៃការបញ្ចេញមតិ ពីព្រោះបច្ចុប្បន្នសិទ្ធិត្រូវបានរឹតត្បិត”៕
អត្ថបទនេះជាកម្មសិទ្ធិរបស់ Khmer Times