កម្ពុជា ត្រៀម​​ថវិកា ៣០០លានដុល្លារ ដើម្បី​​គាំទ្រ​​ដល់​​វិស័យ​​សំខាន់ៗ ក្នុង​​អំឡុងពេល​​វិបត្តិ និង​​ក្រោយ​​​វិបត្តិ​​ ជំងឺ​កូវីដ១៩

614

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងត្រៀមថវិកាសម្រាប់ហិរញ្ញប្បទានបន្ថែមចំនួន ៣០០លានដុល្លារ ដើម្បីគាំទ្រ និងដើរតួនាទីជាកាតាលីករជំរុញកំ​ណើនវិស័យសំខាន់ៗ ក្នុងអំឡុងពេលវិបត្តិ និងក្រោយវិបត្តិជំងឺកូវីដ១៩។

រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២៦ខែឧសភា បានចេញវិធានការជុំទី៤ សំដៅជួយដល់វិស័យឯកជន និងកម្មករនិយោជិត ដែលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងវិធានការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្រោយវិបត្តិនៃជំងឺកូវីដ១៩។

រាជរដ្ឋាភិបាល តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានទម្លាក់ថវិកាសម្រាប់កម្មវិធីហិរញ្ញប្បទានពិសេស ៥០លានដុល្លារ ដើម្បីជួយសង្រោះផលិតកម្មកសិកម្ម ដែលមានអត្រាការ ប្រាក់ទាប និងសម្បទាន សម្រាប់កម្ចីដើមទុនបង្វិល ៥ភាគរយ និងសម្រាប់ទុនវិនិយោគពី ៥,៥ភាគរយ ដោយមិនគិតកម្រៃសេវាផ្សេងៗ។

ជាមួយគ្នានេះ ក៏បានផ្តល់ថវិកាសម្រាប់កម្មវិធីសហហិរញ្ញប្បទានពិសេស ១០០លានដុល្លារ រវាងធនាគារសហគ្រាសធុនតូច និងមធ្យម ជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីផ្តល់ឥណទានអត្រាការប្រាក់ទាប និងសម្បទាន ដល់វិស័យសហគ្រាសធុនតូច និងធម្យមនៅកម្ពុជា។

បន្ថែមពីលើនេះ ដើម្បីពង្រីកប្រភពហិរញ្ញប្បទានសម្រាប់ទុនបង្វិល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំបង្កើត «មូលនិធិធានាឥណទាន» ជាមួយថវិកា ២០០ លានដុល្លារ។ មូលនិធិនេះ អាចធានាឥណទានកម្ចី តាមរយៈធនាគារ និងមីក្រូហិរញ្ញវត្ថុ ដោយប្រើគោលការណ៍ទីផ្សារ ដើម្បីជួយសម្រាលសម្ពាធលំហូរសាច់ប្រាក់ និងទុនបង្វិលរបស់អាជីវកម្ម ធុរកិច្ចក្នុងគ្រប់វិស័យ បានយ៉ាងតិចចំនួន ២០០០លានដុល្លារ។

ក្រៅពីនេះ រាជរដ្ឋាភិបាល ក៏បានចាត់វិធានការបន្តការអនុគ្រោះពន្ធដល់វិស័យទេសចរណ៍ និងវិស័យអាកាសចរណ៍ ដែលត្រូវបានចាត់ទុកថា កំពុងរងគ្រោះធ្ងន់ធ្ងរជាងគេ នៅក្នុងវិបត្តិនៃជំងឺ កូវីដ-១៩នេះ។ ដោយក្នុងនោះ បន្តការលើកលែងបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្ត កំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល ២ខែបន្ថែមទៀត ចាប់ពីខែមិថុនា ដល់ ខែកក្កដា ឆ្នាំ ២០២០។

រាជរដ្ឋាភិបាល ក៏បានបន្តមិនឱ្យបង់ប្រាក់ភាគទានធានារ៉ាប់រងរបបហានិភ័យការងារ និងថែទាំសុខភាព (បសស) ក្នុងអំពេលព្យួរអាជីវកម្ម។ លើកលែងការបង់ថ្លៃបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទ នៅក្នុងវិស័យទេសចរណ៍ សម្រាប់ឆ្នាំ ២០២១។ លើកលែងការបង់ពន្ធអប្បបរមា សម្រាប់រយៈពេល ២ខែ បន្តទៀត ចាប់ពីខែមិថុនា ដល់ខែកក្កដា ឆ្នាំ ២០២០ ជូនដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះបញ្ជីនៅកម្ពុជា៕

អត្ថបទ៖ ប៊ុនធី