សម្ដេច​ក្រឡាហោម ស ខេង​៖ ការវិលត្រឡប់​របស់ សម រ​ង្ស៉ី មិនដូចមុនទេ, អ្នកចូលរួមបង្កចលាចល ត្រូវតែចាប់​

800

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៩​នេះ បាន​បន្ដ​ប្រកាស​ពី​ការចាប់ខ្លួន បណ្ដាញ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ទាំងឡាយណា ដែល​កំពុង​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​មាន​គម្រោង​ទៅ​គាំទ្រ​ការវិលត្រឡប់​ចូល​ស្រុក ពី​សំណាក់​ឧក្រិដ្ឋជន សម រ​ង្ស៉ី នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​ខាងមុខ​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​ចាត់ទុកថា សកម្មភាព​គាំទ្រ​ទាំងអស់នេះ គឺ​ផ្ទុយ​នឹង​ច្បាប់​ទាំងស្រុង ព្រោះនេះ​ជាការ​បង្កចលាចល និង​គំរាមកំហែង ដល់​សន្ដិសុខ​ជាតិ ដែល​មិនអាច​លើកលែង​ឲ្យ​បាន​នោះទេ​។ សម្ដេច ស ខេង បាន​អះអាងថា គម្រោង​វិល​ចូល​ស្រុក​របស់លោក សម រ​ង្ស៉ី ខុស​កាលពី​ឆ្នាំ​២០១៣ ដែល​លោក​ត្រូវបាន​ព្រះមហាក្សត្រ​លើកលែងទោស ខណៈ​លើក​នេះ​លោក​កំពុង​មានទោស​ជាប់​ខ្លួន​។​

​ក្នុង​បទសម្ភាសន៍​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ផ្សព្វផ្សាយ ផែនការ​យុទ្ធសាស្ដ្រ​ជាតិ (២០១៩-២០២៣) ស្ដីពី​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​យើង​មិន​ចេះតែធ្វើ​ប៉ាតណាប៉ាតណី​ដែរ យើង​ធ្វើ (​ចាប់ខ្លួន​) តែ​មុខសញ្ញា​ណា​ដែល​គ្រោះថ្នាក់​ធំ​។ ឧទាហរណ៍​ថា តាំងចិត្ត​ដើម្បី​នឹង​គាំទ្រ​ចូលរួម​នៃ​ការវិលត្រឡប់​របស់លោក សម រ​ង្ស៉ី មកវិញ ថា​ប្រមូល​កម្លាំង​ដើម្បី​ធ្វើ​ឲ្យ​ចលាចល គំរាមកំហែង​»​។​

​សម្ដេច​បាន​ថ្លែង​បន្ដទៀតថា «​មិនមែន​ដូច​ឆ្នាំ​២០១៣​ទេ ដែល​គាត់ (​សម រ​ង្ស៉ី​) មក​ដោយមាន​ការលើក​លែង​ទោស ហើយ​មក​ចូលរួម​បោះឆ្នោត តាមបែប​ប្រជាធិបតេយ្យ ចឹ​ង​គាត់​ចូលមក​ស្របច្បាប់​ប្រជាជន​គាត់​ទៅ​ទទួល​ជា​រឿង​ធម្មតា​អត់​មានអី​ខុស ប៉ុន្ដែ​លើក​នេះ​គាត់​មក​មិនមែន​ក្នុងន័យ​ចឹ​ង​ទេ គឺ​ខុសគ្នា​ស្រឡះ​។ ឥឡូវ​យើង​ចង់បាន​សន្ដិភាព​ប៉ុណ្ណឹង ឬ​ចង់​បំផ្លាញ​សន្ដិភាព ចឹ​ង​ហើយ​អ្នកណា​ក៏ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្ដិសុខ​នៃ​រដ្ឋ សន្ដិភាព ស្ថិរភាព​នៃ​រដ្ឋ យើង​ត្រូវអនុវត្ត​ច្បាប់​»​។​

​បើតាម​ការលើកឡើងរ​បស់ សម្ដេច​ក្រឡាហោម ស ខេង ការបញ្ចេញមតិ ឬ​ការរិះគន់​រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ​អាចមាន​សិទ្ធិ​ធ្វើបាន​មិន​ខុសច្បាប់​នោះទេ ប៉ុន្ដែ​កាលដែល​ប្រមាថ​ទៅលើ​អង្គ​ព្រះមហាក្សត្រ គឺ​ផ្ទុយ​នឹង​ច្បាប់​ស្រុង ព្រោះ​អង្គ​ព្រះមហាក្សត្រ ត្រូវបាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ដែលជា​ច្បាប់កំពូល​របស់​ប្រទេស​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​គូសបញ្ជាក់ថា ការតស៊ូ​ដោយ​សន្ដិភាព តាមបែប​លទ្ធិប្រជាធិបតេយ្យ ក៏​មិន​ខុសច្បាប់​នោះដែរ ប៉ុន្ដែ​ការដែល​មានបំណង់​ដើម្បី​បង្កើត​កងទ័ព ប្រឆាំង​រាជរដ្ឋាភិបាល ប្រឆាំង​កងទ័ព​របស់​ជាតិ គឺជា​ដែល​មិន​ច្បាប់​មិនអាច​លើកលែង​ឲ្យ​បាន​នោះឡើយ​។​

​សូមជម្រាបថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ជន​ពាក់ព័ន្ធ​នឹង​ផែន​ការធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ជាច្រើន​នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន និង​ត្រូវបាន​តុលាការ​ចោទប្រកាន់​ជា​បន្តបន្ទាប់​អំពី​បទ «​រួមគំនិត​ក្បត់​»​។​

​ក្នុងចំណោម​អ្នក​ដែល​ត្រូវបាន​ចោទប្រកាន់ មាន​អ្នកខ្លះ​បាន​ព្យាយាម​រត់​គេ​ខ្លួន​ឆ្លងខេត្ត និង​ឆ្លង​ប្រទេស ប៉ុន្តែ​ក៏​នៅតែ​មិនអាច​រួចផុត​ពី​ការចាប់ខ្លួន​ផងដែរ​។ ចំណែក​អ្នក​នៅក្រៅ​ប្រទេស ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាសថា នឹងធ្វើ​កិច្ចសហការ​ជាមួយ​រដ្ឋាភិបាល​ប្រទេស​នោះ ដើម្បី​ចាប់ខ្លួន​។​

​ទោះជា​យ៉ាងនេះ​ក្តី​បើតាម អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បើសិនជា​អ្នកពាក់ព័ន្ធ​ក្នុង​ផែនការ​រដ្ឋប្រហារ ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ណាមួយ​ចូល​សារភាព នោះ​ពួកគេ​នឹងត្រូវ​បាន​រួច​ផុតពី​ទោស​ផងដែរ​។ យ៉ាងណាមិញ រហូតមកដល់​ពេលនេះ មាន​ជន​ពាក់ព័ន្ធ​ខ្លះ​ក៏បាន​ភ្ញាក់ខ្លួន និង​បាន​ចូល​សារភាព​ទោសកំហុស នៅ​ចំពោះមុខ​សមត្ថកិច្ច ដើម្បី​ទទួលបាន​ការលើកលែង​ទោស​ផងដែរ​។​

​សូមបញ្ជាក់ថា ទណ្ឌិត សម រ​ង្ស៉ី មេក្រុម​ឧទ្ទាម​ក្រៅច្បាប់ បានប្រកាស​វិល​ចូល​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​ខាងមុខនេះ ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ របស់​កម្ពុជា​។ ជាមួយនឹង​ការប្រកាស​នេះ លោក​បាន​អំពាវនាវ​ឲ្យ​កងទ័ព​ផ្តាច់ខ្លួន​ពី​រាជរដ្ឋាភិបាល ទៅ​ចុះចូល​ជាមួយ​ខ្លួន​ដោយមាន​ថវិកា​លើកទឹកចិត្ត​មួយចំនួន ព្រមទាំង​អំពាវនាវ​ឲ្យ​ព្រះមហាក្សត្រ​ដាក់រាជ្យ​ថែមទៀត​ផង​៕