កំណើនសេដ្ឋកិច្ច​កម្ពុជា​ ​នៅតែ​ខ្ពស់​ជាងគេ​ក្នុង​តំបន់​អាស៊ាន​ ​ក្នុង​អត្រា ៧ %

1554

​សេដ្ឋកិច្ចកម្ពុជា ត្រូវបាន​ព្យាករ​ថា​នឹងមាន​កំណើន​ខ្ពស់បំផុត​នៅក្នុង​តំបន់​អាស៊ាន ទោះបីជា​ប្រទេស​នេះ​កំពុង​ប្រឈម​នឹង​បញ្ហា​មួយចំនួន​ក៏ដោយ​។ នេះ​បើ​យោងតាម​របាយការណ៍​ស្តីពី​ចក្ខុវិស័យ​សេដ្ឋកិច្ច​ប្រចាំ​តំបន់​ឆ្នាំ ២០១៩ របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)​។ របាយការណ៍​ចេញផ្សាយ​កាលពី​ថ្ងៃទី ២២ ខែតុលា​បាន​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​រក្សាបាន​ភាពខ្លាំង​ក្នុង​អត្រា ៧ ភាគរយ​ក្នុង​ឆ្នាំ ២០១៩ មុនពេល​ការធ្លាក់ចុះ​បន្តិច​វិញ​មក​នៅត្រឹម ៦,៨ ភាគរយ​ក្នុង​ឆ្នាំ ២០២០​។​

​កំណើន​នេះ​ខ្លាំង​ជាង​ប្រទេស​ទាំងអស់​របស់​សមាជិក​អាស៊ាន​ដោយ​សេដ្ឋកិច្ច​របស់​វៀតណាម​ត្រូវបាន​ព្យាករ​ថា​នឹង​កើនឡើង ៦,៥ ភាគរយ​ក្នុង​ឆ្នាំ ២០១៩ និង​ឆ្នាំ ២០២០ ធ្លាក់ចុះ​ពី ៧,១ ភាគរយ​ពី​ឆ្នាំ ២០១៨​។​

​លោក Hiroshi SUZUKI អគ្គនាយក និង​ជា​ប្រធាន​សេដ្ឋវិទូ​នៅ​វិទ្យា​សា្ថ​ន​ស្រាវជ្រាវ​ពាណិជ្ជកម្ម​សម្រាប់​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​តាម​អ៊ីមែល​កាលពី​ថ្ងៃ​ពុធ​ថា បញ្ហា​ប្រឈម​ខាងក្រៅ​ផ្ដល់​ឲ្យ​កម្ពុជា​ទាំង​គុណសម្បត្តិ និង​គុណវិបត្តិ​។​

​លោក​ថ្លែងថា​៖ «​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​នឹង​ផ្ដល់​ផលប៉ះពាល់​អវិជ្ជមាន​តិចតួច​ដល់​សេដ្ឋកិច្ចកម្ពុជា​»​។ លោក​បន្តថា​៖ «​លើសពីនេះ​ទៀត​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​នេះ​កម្ពុជា​នៅពេលនេះ​គឺជា​បេក្ខជន​មួយ​ក្នុងចំណោម​បេក្ខជន​ដ៏​សំខាន់បំផុត​សម្រាប់​ក្រុមហ៊ុន​របស់​ប្រទេស​ចិន​ជាច្រើន​ក្នុងការ​ផ្លាស់ប្តូរ​រោងចក្រ​របស់​ពួកគេ​ពី​ប្រទេស​ចិន​»​។​

​របាយការណ៍​នេះ​បង្ហាញថា ប្រទេស​ឥណ្ឌូនេស៊ី​ដែលមាន​ទំហំ​សេដ្ឋកិច្ច​ធំជាងគេ​ក្នុង​តំបន់​អាស៊ាន​ត្រូវបាន​ព្យាករ​ថា​នឹង​កើនឡើង ៥ ភាគរយ​ក្នុង​ឆ្នាំ ២០១៩ និង ៥,១ ភាគរយ​ក្នុង​ឆ្នាំ ២០២០ ខណៈ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​ត្រូវបាន​រំពឹងថា​នឹង​កើនឡើង ២,៩ និង ៣ ភាគរយ​។​

​ប្រទេស ម៉ាឡេស៊ី ត្រូវបាន​ព្យាករ​ថា នឹង​កើនឡើង ៤,៥ ភាគរយ និង ៤,៤ ភាគរយ ប្រទេស មី​យ៉ាន់​ម៉ា នឹង​កើនឡើង ៦,២ ភាគរយ និង ៦,៣ ភាគរយ ខណៈ​សេដ្ឋកិច្ច​ប្រទេស ឡាវ ត្រូវបាន​ប៉ាន់ប្រមាណ​ថា នឹង​កើនឡើង ៦,៤ ភាគរយ និង ៦,៥ ភាគរយ ហើយ​ប្រទេស ហ្វីលីពីន នឹង​កើនឡើង ៥,៧ ភាគរយ និង ៦,២ ភាគរយ​។ សេដ្ឋកិច្ច​របស់​ប្រទេស ប្រុយ​ណេ ត្រូវបាន​ប៉ាន់ប្រមាណ​ថា​នឹង​កើនឡើង ១,៨ ភាគរយ​ក្នុង​ឆ្នាំ ២០១៩ និង ៤,៧ ភាគរយ ក្នុង​ឆ្នាំ ២០២០​។​

​ប្រទេស សិង្ហ​បុរី គឺជា​ប្រទេស​អាស៊ាន​តែមួយគត់​ដែល IMF បានដាក់​បញ្ចូល​ថា​ជា​ប្រទេស​អភិវឌ្ឍន៍ ហើយ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ត្រូវបាន​ព្យាករ​ថា នឹង​ថមថយ​មក​នៅត្រឹម ០,៥ ក្នុង​ឆ្នាំ ២០១៩ ហើយ​កើន​ឡើងដល់ ១ ភាគរយ​វិញ ក្នុង​ឆ្នាំ ២០២០ ធៀប​នឹង ៣,១ ភាគរយ ដែល​សម្រេចបាន​នៅ​ឆ្នាំ ២០១៨​។​

​លោក Suzuki បាន​ឲ្យ​ដឹងថា បញ្ហា EBA មាន​សារៈសំខាន់​ខ្លាំង​សម្រាប់​សេដ្ឋកិច្ចកម្ពុជា ហើយ​បើ​គ្មាន​វា​កម្ពុជា​នឹង​ពិបាក​ក្នុងការ​ប្រកួតប្រជែង​ផ្នែក​ពាណិជ្ជកម្ម​។ លោក​ថ្លែងថា​៖ «​ឧស្សាហកម្ម​កាត់ដេរ​រ​បស់​កម្ពុជា​មិនអាច​ឈ្នះ​ការប្រកួតប្រជែង​ផ្នែក​ពាណិជ្ជកម្ម​នៅ​សហភាព​អឺរ៉ុប (EU) បានទេ​។ វា​គឺ​ដោយសារ​តែមាន​ដៃគូ​ប្រកួតប្រជែង​ខ្លាំងៗ​ជាច្រើន​ដូចជា វៀតណាម និង​មី​យ៉ាន់​ម៉ា​ជាដើម​»​។​

​លោក Jarkko Turunen សេដ្ឋវិទូ​ជាន់ខ្ពស់​របស់ IMF បាន​ថ្លែង​កាលពី​សប្តាហ៍​មុន​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​សកម្ម​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ច និង​ភាពមិនច្បាស់លាស់​តាមរយៈ​ផែនការ​កែទម្រង់​រចនា​សម្ព័ន្ធ​ក្នុង​គោលបំណង​កែលម្អ​សមត្ថភាព​ប្រកួតប្រជែង និង​ការធ្វើ​ពិពិធ​កម្ម​។​

​របាយការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ច​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក​របស់​ធនាគារ​ពិភពលោក​ដែល​បានចេញ​ផ្សាយ​កាលពី​ដើមខែ​នេះ​បាន​ឲ្យ​ដឹងថា ចក្ខុវិស័យ​សេដ្ឋកិច្ចរ​បស់​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​មួយចំនួន​រួមទាំង​កំណើន​ឥណទាន​ដល់​វិស័យ​សំណង់ និង​វិស័យ​អចលនទ្រព្យ​ផងដែរ​។​

​លោក Suzuki បាន​ឲ្យ​ដឹងថា នៅពេលនេះ​អចលនទ្រព្យ និង​សំណង់​គឺជា​ក្បាលម៉ាស៊ីន​មួយ​នៃ​សេដ្ឋកិច្ចកម្ពុជា​។​

​លោក​បាន​ថ្លែងថា​៖ «​ទោះបីជា​យ៉ាងណា​បើ​ការវិនិយោគ​ពី​ប្រទេស​ចិន​អាច​ត្រូវ​រង​ផលប៉ះពាល់​ដោយ​ការធ្លាក់ចុះ​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​ចិន​នោះ ការកើនឡើង​នេះ​អាច​នឹងត្រូវ​បញ្ចប់​»៕

​អត្ថបទនេះបានចេញផ្សាយ​ដោយ​ និងជាកម្មសិទ្ធីរបស់ ​ភ្នំពេញ​ប៉ុស្ដិ៍​ ​