ព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានជួបដោយផ្ទាល់ជាមួយក្រុមធុរជនក្នុងខេត្ត ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន និងសំណូមពរនានា។
ក្នុងកិច្ចប្រជុំនោះ ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ឧកញ៉ា វណ្ណ សុខហេង បានកំណត់បញ្ហាប្រឈមជាអាទិភាពមួយចំនួនដាក់ជូនរដ្ឋបាលខេត្ត ដើម្បីជួយសម្របសម្រួល ដោះស្រាយដែលរួមមាន ៖ ១- ការសុំច្បាប់អនុញ្ញាតការសាងសង់អគារ, ២- ខ្វះការប្រមូលផ្តុំអ្នកវិនិយោគផ្នែកជលយាន្តដឹកភ្ញៀវទេសចរ និងផែទេសចរណ៍មានភាពតូចចង្អៀត ខណៈដែលមានកំណើនភ្ញៀវទេសចរ និង ៣- ខ្វះខាតកន្លែងចតយានយន្តសាធារណៈ។
ក្នុងឱកាសនោះ លោក គួច ចំរើន បានកោតសរសើរចំពោះការខិតខំរបស់សភាពាណិជ្ជកម្មខេត្ត ក្នុងការកៀរគរអ្នកវិនិយោគ ឱ្យមកធ្វើការបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្តព្រះសីហនុ ជាបន្តបន្ទាប់នាពេលកន្លងមក។
លោកអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ជាទូទៅសង្កេតឃើញថា បរិបទនៃការធ្វើជំនួញនៅក្នុងខេត្តព្រះសីហនុ ក៏ដូចជានៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងនៅសកលលោកកំពុងតែមានបញ្ហាប្រឈមដូចគ្នា គឺបញ្ហាជំងឺកូវីដ-១៩ ដែលពិតជាបានបង្កឱ្យមានផលប៉ះពាល់ដល់សកម្មភាពអាជីវកម្មស្ទើរតែគ្រប់ផ្នែកទាំងអស់នៅទូទាំងពិភពលោក ហើយរហូតមកដល់ពេលនេះ ក៏មិនទាន់អាចដោះស្រាយបាននៅឡើយ។
ពាក់ព័ន្ធនឹងបញ្ហាប្រឈមដែលសភាពាណិជ្ជកម្មខេត្តបានលើកឡើង, លោក គួច ចំរើន បានជំរុញដល់អ្នកវិនិយោគ ក៏ដូចជាអ្នកសាងសង់ទាំងអស់ ត្រូវតែអនុវត្តច្បាប់នៃការសាងសង់ដែលរដ្ឋបានកំណត់ និងមិនគាំទ្ររាល់ទង្វើណាមួយដែលផ្ទុយពីច្បាប់ឡើយ។ លោកអភិបាលខេត្ត ក៏ស្នើឱ្យសភាពាណិជ្ជកម្មខេត្ត ធ្វើការផ្សព្វផ្សាយដល់អ្នកវិនិយោគ និងអ្នកសាងសង់ទាំងអស់ ឱ្យប្រើប្រាស់សេវាពីអង្គភាពច្រកចេញចូលតែមួយនៅក្នុងខេត្ត ដែលជាអង្គភាពបម្រើដល់សេវាសាធារណៈលើការងារសាងសង់ និងការចុះបញ្ជីផ្សេងៗ។
ជាមួយគ្នានេះ លោកអភិបាលខេត្តព្រះសីហនុ ក៏បានជំរុញឱ្យសមាគមទូកទេសចរណ៍ក្នុងខេត្តខិតខំកៀរគរ លើកទឹកចិត្តដល់ម្ចាស់ទូកទេសចរផ្សេងទៀត ឱ្យចូលក្នុងសមាគមដោយស្ម័គ្រចិត្តដើម្បីងាយស្រួលនៅក្នុងការគ្រប់គ្រងពីចំនួនទូកទេសចរណ៍ បម្រើឱ្យវិស័យទេសចរណ៍នៅក្នុងខេត្ត ហើយលោក ក៏បានបញ្ជាក់ថា ចំពោះផែទេសចរណ៍ថ្មីមួយទៀត ក៏កំពុងតែធ្វើការសាងសង់ដែលស្ថិតនៅតំបន់អូរត្រេះ ឆាប់ៗខាងមុខនេះ នឹងអាចជួយកាត់បន្ថយការកកស្ទះបានផង៕
អត្ថបទ៖ ប៉ៃ សុខឃីម