វារីអគ្គិសនី​នៅកម្ពុជា​ ចំនួន ៧ទីតាំង ដែល​​កំពុង​ដំណើការ​​នាពេល​បច្ចុប្បន្ន​នេះ

5625

ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០២០ ប្រទេសកម្ពុជា មានវារីអគ្គិសនីចំនួន ៧ទីតាំង ដែលកំពុងផលិតថាមពលអគ្គិសនីនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមការបង្ហាញរបស់ក្រសួងរ៉ែ និងថាមពល។

វារីអគ្គិសនីរបស់ប្រទេសកម្ពុជាទាំង ៧ទីតាំង រួមមាន៖

១. វារីអគ្គិសនីគីរីរម្យ១ ជាគម្រោងវារីអគ្គិសនីទី១ របស់កម្ពុជា ដែលបានស្តារឡើងវិញនៅឆ្នាំ២០០២ មានអានុភាពផលិតអគ្គិសនីបាន ១២មេហ្កាវ៉ាត់។ វារីអគ្គិសនីនេះ មានទីតាំងគម្រោងស្ថិតនៅស្ទឹងច្រាល មានទំនប់ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ និងស្ថានីយវារីអគ្គិសនី ស្ថិតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ក្រុមហ៊ុន CETIC International Hydropower Development Co., Ltd. ជាក្រុមហ៊ុនទទួលវិនិយោគលើគម្រោងវារីអគ្គិសនីដំបូងគេរបស់កម្ពុជា ដែលមានទុនវិនិយោគ ២៦លានដុល្លារ។

២. វារីអគ្គិសនីកំចាយ ជាវារីអគ្គិសនីទី២ របស់កម្ពុជា ដែលមានអានុភាពផលិតអគ្គិសនី ១៩៤.១មេហ្កាវ៉ាត់ ដែលបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០១១។ វារីអគ្គិសនីនេះ មានទីតាំងស្ថិតនៅស្ទឹងកំចាយ ឬហៅថាព្រែកទឹកឈូ ស្ថិតនៅឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្ដកំពត អមដោយទេសភាពយ៉ាងស្រស់ត្រកាល ផងដែរ។ ក្រុមហ៊ុនវិនិយោគលើគម្រោងវារីអគ្គិសនីទី២ នេះគឺក្រុមហ៊ុន Sinohydro Kamchay Hydroelectric Project ។

៣. វារីអគ្គិសនីគិរីរម្យ៣  ដែលមានអានុភាពផលិតអគ្គិសនី ១៨មេហ្កាវ៉ាត់ និងជាគម្រោងវារីអគ្គិសនីទី៣ របស់កម្ពុជា ដែលបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០១៣ ។ វារីអគ្គិសនីគិរីរម្យ៣ នេះ មានទីតាំងស្ថិតនៅតាមដងស្ទឹងពង្រួល ដែលជាដៃមួយរបស់ព្រែកកំពង់សោម ក្នុងឃុំដងព្រែក ស្រុកស្រែអំបិល ខេត្តកោះកុង ។ ក្រុមហ៊ុនវិនិយោគលើគម្រោងនេះ គឺក្រុមហ៊ុន CETIC International Hydropower Development Co., Ltd.។

៤. វារីអគ្គិសនីស្ទឹងអាតៃ ជាវារីអគ្គិសនីទី៤ របស់កម្ពុជា មានអានុភាពផលិតអគ្គិសនី ១២០ មេហ្កាវ៉ាត់ ដែលបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០១៤។ វារីអគ្គិសនីនេះ មានទីតាំងក្នុងតំបន់ត្រីកោណ ស្ថិតនៅភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តពោធិ៍សាត់ (ក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់)។ វារីអគ្គិសនីស្ទឹងអាតៃនេះ វិនិយោគដោយក្រុមហ៊ុន C.H.D (Cambodia) Hydropower Development Co., Ltd. ដែលមានអានុភាពតម្លើង ១២០មេហ្កាវ៉ាត់។

៥. វារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម ជាវារីអគ្គិសនីទី៥ របស់កម្ពុជា មានអានុភាពផលិតអគ្គិសនី ៣៣៨មេហ្កាវ៉ាត់ និងបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០១៥។ វារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម មានទីតាំងគម្រោង នៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ក្រុមហ៊ុនវិនិយោគ China Huadian Lower Stung Russei Chrum Hydro-Electric Project (Cambodia) Co., Ltd. ។

៦. វារីអគ្គិសនីស្ទឹងតាតៃ ជាវារីអគ្គិសនីទី៦ របស់ព្រះរាជាណាចក្រកម្ពុជា  មានអានុភាពផលិតអគ្គិសនី ២៤៦មេហ្កាវ៉ាត់ និងបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០១៥។ វារីអគ្គិសនីស្ទឹងតាតៃ មានទីតាំងគម្រោមនៅឃុំតាតៃ ស្រុកកោះកុង និងមានទីតាំងទំនប់ព្រមទាំងអាងទឹក ស្ថិតនៅក្នុងឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។ ក្រុមហ៊ុនវិនិយោគ Cambodian Tatay Hydropower Limited ។

៧. វារីអគ្គិសនីសេសានក្រោម២ ដែលជាវារីអគ្គិសនីទី៧ របស់ព្រះរាជាណាចក្រកម្ពុជា  មានអានុភាពផលិតអគ្គិសនី ៤០០មេហ្កាវ៉ាត់ និងបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០១៨។ វារីអគ្គិសនីសេសានក្រោម២ មានទីតាំងនៅចំណុចប្រសព្វនៃទន្លេសេសាន និងទន្លេស្រែពក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ក្រុមហ៊ុនវិនិយោគ  Hydropower Lower Se San 2 Co., Ltd.៕