កសិករ​ផលិត​អំបិល​ ​ខេត្តកែប ត្អូញត្អែរ​ ពិបាក​រកទីផ្សារ ខណៈ​ទិន្នផល​ឆ្នាំនេះ​កើនឡើង

674

កែប៖ ម្ចាស់ស្រែអំបិលនៅខេត្តកែប ហាក់សម្តែងក្តីសប្បាយចិត្ត ខណៈដែលទិន្នផលអំបិលឆ្នាំនេះកើនឡើងជាងឆ្នាំមុន តែអ្វីដែលធ្វើឱ្យពួកគាត់មានការព្រួយបារម្ភនោះគឺការលក់ចេញហាក់មានភាពយឺតយ៉ាវ ដែលធ្វើឱ្យអំបិលត្រូវបាត់បង់បរិមាណក្នុងកំលុងពេលនៃការស្តុកទុក។

កសិករស្រែអំបិលលោក ឆាយ ពន្លក បានលើកឡើងថា ការលក់អំបិលចេញក្នុងពេលបច្ចុប្បន្នមានភាពតឹងតែងមែនទែន ព្រោះតែតម្រូវការទីផ្សារមានចំនួនតិច និយាយរួមស្ទើរតែគ្មានអ្នកបញ្ជាទិញតែម្តង។ លោកបន្តថា លោកមានដីស្រែអំបិលដែលបន្សល់ពីកេរ្តិ៍ឪពុកចំនួន ៣០ហិកតា ក្នុងឆ្នាំនេះលោកអាចប្រមូលផលអំបិលបានចំនួន ១ម៉ឺនបេ ស្មើនឹង ៥០តោន គឺច្រើនជាងឆ្នាំមុនប្រហែល ៧០ភាគរយ។

កសិករស្រែអំបិលមួយរូបទៀត ឈ្មោះ អួយ ហ៊ី ក៏បានលើកឡើងស្រដៀងគ្នាដែរថា ចំនួនអំបិលរបស់លោកនៅសល់ជាងពាក់កណ្តាលទៀត ដែលលក់មិនទាន់ចេញ ដោយសារពិបាករកទីផ្សារ ណាមួយគុណភាពអំបិលមិនអាចប្រកួតប្រជែងជាមួយអំបិលដែលនាំចូលផង។

លោកបន្តថា អំបិលបើកាលណាស្តុកទុកយូរ មិនពន្លឿនក្នុងការលក់ចេញ វាអាចនឹងបាត់បង់បរិមាណពី ១៥ភាគរយ ទៅ ៣០ភាគរយ នៃបរិមាណសរុប។

ជាទូទៅការផលិតអំបិលបែបធម្មជាតិ ក្នុងមួយឆ្នាំបានមួយរដូវប៉ុណ្ណោះ ចាប់ពីខែ វិច្ឆិកា ដល់ខែ ឧសភា ហើយតម្រូវការទីផ្សារក្នុងស្រុក ក៏មានតាមរដូវដូចគ្នា អំបិលដែលលក់ដាច់ខ្លាំងគឺចន្លោះពីខែ តុលា និងខែ វិច្ឆិកា ហើយពី ខែកុម្ភៈ ដល់ខែមិនា ភាគច្រើនគឺលក់ទៅខេត្តព្រះសីហនុ និងភ្នំពេញ ហើយតម្លៃលក់ចេញអំបិលបច្ចុប្បន្ន ក្នុងមួយបេទម្ងន់ ៥០គីឡូ ថ្លៃចាប់ពី ១៣.០០០រៀល ទៅ ១៥.០០០រៀល។

យោងតាមទិន្នន័យ របស់អ្នកផលិតអំបិល ខេត្តកំពត-កែប បានឱ្យដឹងថា ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ (ចន្លោះឆ្នាំ ២០១៦-២០១៩) ការផលិតអំបិលនៅ ក្នុងខេត្តកំពត និងកែបបាន ប្រហែល ជាង ៣ម៉ឺន តោន ក្នុង ១ឆ្នាំ ខណៈតម្រូវការប្រើប្រាស់ សរុបក្នុងប្រទេស មានចន្លោះពី ៨ម៉ឺន ទៅ១០ម៉ឺនតោនក្នុង ១ឆ្នាំ។

កាលពីឆ្នាំ ២០១៨ កន្លងកម្ពុជា បាននាំចូល អំបិលពី ចិន ១ម៉ឺនតោន និងឆ្នាំ ២០១៩ កម្ពុជា នាំចូលអំបិលពីប្រទសឥណ្ឌាចំនួន ៥០០តោន។ បច្ចុប្បន្នខេត្តកំពត និងកែប មានផ្ទៃដី ផលិតអំបិល ប្រហែល ៤.៥០០ហិកតា៕

អត្ថបទ៖ ង៉ុង សាន់