​ទេសចរណ៍​នៅ​ខេត្តកោះកុង ចាប់​ផ្តើមមាន​សង្ឃឹម​ឡើងវិញ ក្រោយ​ស្ថានភាព​​ ជំងឺ​កូវីដ-១៩ បាន​ធូរស្បើយ

534

កោះកុង៖ ប្រជាពលរដ្ឋដែលពឹងផ្អែកលើវិស័យទេសចរណ៍ផ្តើមមានសង្ឈឹមឡើងវិញលើមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ខ្លួន ក្រោយពីស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា បានធូរស្បើយឡើងវិញ។ ការសម្តែងក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋនាពេលនេះ ស្តែងចេញពីទឹកដី តំបន់ទេសចរណ៍ធម្មជាតិ ស្ថិតក្នុង ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។

ស្ថិតលើដែនកោះមួយមានឈ្មោះថា «កោះស្មាច់» ដែលនៅមិនឆ្ងាយប៉ុន្មានពីកោះស្តេច បុរសវ័យចំណាស់ម្នាក់ លោក ជុំ សាមិត្ត ជាយោធិនពិការកាលពីសម័យសង្គ្រាម លើសមរភូមិក្នុងខេត្តប៉ៃលិន ដែលបានមកបន្តការរស់នៅចិញ្ចិមជីវិតតាំងពីឆ្នាំ ១៩៩៦ មកដល់បច្ចុប្បន្ន បានរៀបរាប់ថា ដោយសារមានភាពអំណោយផលពីធម្មជាតិ នៅលើដីកោះដ៏តូចមួយនេះបានធ្វើឱ្យការរស់នៅរបស់គាត់ ពុំមានអ្វីជាការលំបាកក្នុងការរកម្ហូបអាហារទទួលប្រចាំថ្ងៃនោះឡើយ នោះគឺផលដំណាំហូបផ្លែរបស់គាត់ដែលមានស្រាប់ រួមផ្សំ នឹងការចេញនេសាទ ដើម្បីដោះស្រាយជីវភាព។

យោធិនពិការរូបនេះបាននិយាយថា ស្ថិតក្នុងដំណាក់កាលជំងឺកូវីដ-១៩ កំពុងរីករាលដាលជាសកល រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសផ្អាកការជួបជុំ និងហាមប្រាមឱ្យផ្អាកការធ្វើដំណើរ កម្សាន្តទៅតំបន់គោលដៅទេសចរណ៍ផ្សេងៗ បានធ្វើឱ្យតំបន់ដែនកោះទេសចរណ៍មួយនេះស្ងាត់ភ្ញៀវយ៉ាងខ្លាំង។

ក្រោយស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាលឡើងវិញ ដូចអ្នកភូមិដទៃទៀតដែរ លោក ជុំ សាមិត្ត បានសម្តែងក្តីសោមនស្សជាពន់ពេក ខណៈភ្ញៀវទេសចរវិលត្រឡប់មកលេងកម្សាន្តវិញហួសការរំពឹងទុក ហើយបានធ្វើឱ្យក្រុមគ្រួសាររបស់គាត់អាចរកប្រាក់ចំណូលបានចន្លោះពីជាង ១០ម៉ឺន ទៅជាង ២០ម៉ឺនរៀលក្នុងមួយថ្ងៃ។

ចំណែកបុរសវ័យកណ្តាលម្នាក់ទៀត ឈ្មោះ ហាស់ ហាន ជាអ្នករត់ទូកដឹកភ្ញៀវទេសចរដើរកម្សាន្តតាមកោះ ក៏បានបង្ហើបប្រាប់ CNC ដឹងផងដែរថា គាត់ប្រកបរបរដឹកភ្ញៀវជាង ១០ឆ្នាំកន្លងមកហើយ សម្រាប់ពេលនេះ ក្រោយកូវីដ-១៩ បានធូរស្បើយ ការរកប្រាក់ចំណូលលើវិស័យនេះ មានការកើនឡើងជិតពាក់កណ្តាល បើប្រៀបធៀបមុនកូវីដ និងក្នុងដំណាក់កាលកូវីដ។

លោកបានឱ្យដឹងដែរថា បច្ចុប្បន្នគាត់អាចរកប្រាក់ចំណូលពីកាតរត់ទូកដឹកភ្ញៀវទេសចរ បានជាង ២០ម៉ឺនរៀលក្នុងមួយថ្ងៃ ទៅគ្រប់បណ្តារកោះទាំងអស់ក្នុងឃុំកោះស្តេច។

គួររំឭកថា «កោះស្មាច់» ស្ថិតក្នុងភូមិ និងឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ដែលជាតំបន់អេកូទេសចរណ៍ធម្មជាតិមួយកំពុងដើរតួយ៉ាងសំខាន់ ដូចជា កោះផ្សេងៗ ដែលនៅជុំវិញកោះស្តេចផងដែរ និងផ្តល់សារៈសំខាន់សម្រាប់បម្រើក្នុងវិស័យទេសចរណ៍នៅលើទឹកដីភាគនិរតី នៃព្រះរាជាណាចក្រកម្ពុជា។

ប្រជាពលរដ្ឋដែលរស់នៅលើដែនដីកោះ ក្នុងស្រុកមួយនេះ សុទ្ធសឹងជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការផ្តល់សេវាដល់ភ្ញៀវទេសចរ បានយ៉ាងសម្បូរបែប ក្នុងនោះរួមមាន៖ «ការលក់ម្ហូបអាហារជូនភ្ញៀវ និងប្រជានេសាទអាចប្រើប្រាស់អូប័រ ឬទូកនេសាទរបស់គាត់ នាំភ្ញៀវទេសចរដើរកម្សាន្តនៅតាមកោះនានាជុំវិញក្នុងទឹកដីកំណើតរបស់ខ្លួនបានយ៉ាងកក់ក្តៅ»។

ស្របពេលដែលភ្ញៀវទេសចរ បាន និងកំពុងសម្រុកចូលមកខេត្ត កោះកុង ជាបន្តបន្ទាប់ នាពេលនេះ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅតែក្រើនរំឭកដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ក៏ដូចជាភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ត្រូវតែបង្កើនស្មារតីប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាប់ជានិច្ច ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃរលកទី២ កូវីដ-១៩ ជាសកល៕

អត្ថបទ៖ តាំង សុន្នី