វិស័យ​ទេសចរណ៍​​ នៅខេត្តកែប កំពុង​កម្រើក​ឡើងវិញ​ ក្រោយ​កូវីដ-១៩ ហាក់​ធូរស្រាល

690

ខេត្តកែប៖ ចាប់តាំងពីដើមខែឧសភាមក អាជីវករ ដែលប្រកបរបររកស៊ី បម្រើឱ្យវិស័យទេសចរណ៍នៅខេត្តកែប បាននាំគ្នាត្រឡប់មកបើកហាងឡើងវិញជាបណ្តើរៗ បន្ទាប់ពីហាងទាំងនោះបិទទ្វារស្ទើរតែទាំងស្រុងក្នុងកំលុងពេលផ្ទុះជំងឺកូវីត-១៩ ហើយភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏កំពុងសម្រុកមកលេងសម្សាន្ត នៅខេត្តដ៏តូចច្រឡឹងមួយនេះជាហូរហែផងដែរ។

លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានថ្លែងប្រាប់ CNC តាមទូរស័ព្ទថា មួយខែចុងក្រោយនេះ ភ្ញៀវទេសចរដែលមកកម្សាន្តនៅខេត្តកែប មានចំនួនខ្ទង់ ១០ម៉ឺននាក់។ លោកថា មានកត្តា ២យ៉ាងដែលភ្ញៀវសម្រុកមកលេងច្រើន ១. កត្តាផ្លូវថ្នល់ ២. វិធីបង្ការរបស់រដ្ឋបាលខេត្ត ក្នុងការទប់ស្កាត់ការឆ្លងរាលដាលពីជំងឺកូវីដ-១៩។

លោកបន្តថា ពេលនេះខេត្តកែប មានភាពល្អប្រសើរសម្រាប់ការដើរលេងកម្សាន្ត ទាំងសុខសុវត្ថិភាព និងការការពារបាននូវឆ្លងរាលដាលពីកូវីដ-១៩។

លោក សាំង សុវិជ្ជា ជាម្ចាស់ភោជនីយដ្ឋាន ឆាយឆាយ គ្រឿងសមុទ្រខេត្តកែប ដែលស្ថិតនៅតាមបណ្តោយផ្សារក្តាម បានប្រាប់ឱ្យដឹងថា ចាប់តាំងពីខែ ឧសភាមកទល់នឹងពាក់កណ្តាលខែ មិថុនានេះ ភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅស្រុក ហាក់សម្រុកមកលេងកម្សាន្តនៅខេត្តកែបយ៉ាងច្រើនកុះករ ជាពិសេសនៅថ្ងៃចុងសប្តាសហ៍ និងថ្ងៃឈប់សម្រាក់ផ្សេងៗ។ សម្រាប់ថ្ងៃឈប់សម្រាក ហាងរបស់លោកអាចទទួលបានការកុម៉្មង់ ចាប់ពី ២០ ទៅ ៣០ដងដែរ។ លោកបន្តថា ភាគច្រើនភ្ញៀវទេសចរដែលមកជាជនជាតិខ្មែរ ហើយ ២០% ជាជនជាតិបរទេស ដែលមាន ចិន កូរ៉េ ជាដើម ចំណែកឯបរទេសអឺរ៉ុបមិនសូវជាសម្បូរនោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់បងប្អូនដែលមានបំណង ដើរកម្សាន្តនៅតាមរមណីយដ្ឋាននានា កុំភ្លេចស្វ័យការពារខ្លួនឯងពីជំងឺដ៏កាចសាហាវមួយនេះ សូមប្រកាន់ភ្ជាប់ជានិច្ចនូវក្បួនអនាម័យដែលណែនាំដោយក្រសួងសុខាភិបាល និងព្យាយាមនៅឱ្យឆ្ងាយក្នុងចំណោមហ្វូងមនុស្ស៕

អត្ថបទ៖ ង៉ុង សាន់