ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភានេះ ចៅក្រមនៃតុលាការកំពូល បានប្រកាសសាលដីកាផ្តន្ទាទោសជនជាប់ចោទ ឈ្មោះអឿត អាង ហៅជួប សម្លាប់ ភេទប្រុស អាយុ៣៨ឆ្នាំដោយសម្រេចតម្កល់ការសម្រេចរបស់សាលាឧទ្ធរណ៍ ដោយសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ជាប់ពីបទឃាតកម្មគិតទុកជាមុន និងប្រើប្រាស់អាវុធគ្មានការអនុញ្ញាត លើករណីឃាតកម្មលើជនរងគ្រោះ លោកបណ្ឌិត កែម ឡី ជាអ្នកវិភាគនយោបាយ និងសង្គម ។

គួររំម្លឹកថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទ អឿត អាង ហៅ ជួប សម្លាប់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធឃាតកម្មលើ លោកបណ្ឌិត កែម ឡី នៅក្នុងស្តាម៉ាតបូកគោ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ លោក អឿត អាង ហៅ ជួប សម្លាប់ ត្រូវបានតុលាការក្រុងភ្នំពេញ ចោទប្រកាន់ចំនួន២បទល្មើសរួមមាន៖ បទឃាតកម្មគិតទុកជាមុន និងបទរក្សាទុកអាវុធខុសច្បាប់។
ក្រោយមកទៀត អឿត អាង ហៅ ជួប សម្លាប់ បានឲ្យមេធាវីរបស់ខ្លួន ធ្វើការប្តឹងទៅកាន់សាលាឧទ្ធរណ៍ ដើម្បីប្រឆាំងនឹងសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ក្នុងសវនាការជាបន្តបន្ទាប់នាពេលកន្លងទៅ ជនជាប់ចោទ អឿត អាង ហៅ ជួប សម្លាប់ បានសារភាពថា ខ្លួនពិតជាអ្នកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ពិតប្រាកដមែន ហើយសកម្មភាពនេះគឺខ្លួនធ្វើតែម្នាក់ឯង ពុំមានអ្នកនៅពីក្រោយខ្នងនោះទេ បើទោះបីជាក្រុមគ្រួសារនៃសពមិនជឿក៏ដោយ។ ជនជាប់ចោទ អឿត អាង ហៅ ជួប សម្លាប់ បានអះអាងទៀតថា មូលហេតុដែលខ្លួនសម្លាប់លោកបណ្ឌិត កែម ឡី ព្រោះខឹងនឹងជនរងគ្រោះដែលជំពាក់ប្រាក់ចំនួន៣០០០ដុល្លារ មិនព្រមសង ទើបខ្លួនធ្វើសកម្មភាពបែបនេះតែម្តងទៅ៕