គណបក្សហ្វ៊ុនស៊ិនប៉ិច និង គណបក្សខ្មែររួបរួមជាតិ នឹងធ្វើសមាជដើម្បីរួមបញ្ចូលគ្នាទៅជាគណបក្សតែមួយ ក្រោមដំបូល គណបក្សហ្វ៊ុនស៊ិនប៉ិច ។ សមាជនេះគ្រោងនឹងធ្វើក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីក្រុមការងារនៃគណបក្សទាំងពីរ ពិភាក្សារៀបចំរចនាសម្ព័ន្ធបញ្ចូលគ្នា ជាធ្លុងមួយរួចរាល់។ នេះបើយោងតាមប្រភពស្និទ្ធជាមួយ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ថ្លែងប្រាប់ទៅកាសែតរស្មីកម្ពុជា នៅព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៩។
មន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច បានបញ្ជាក់ថា ការបង្រួបបង្រួមរវាងគណបក្សរាជានិយមទាំងពីរនេះ បានកើតឡើងបន្ទាប់ពីជំនួបរវាង សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន គណបក្សហ្វ៊ុនស៊ិនប៉ិច ជាមួយលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ចំនួនបីលើក គឺនៅថ្ងៃទី១៣-១៨-២៤ ខែតុលា ឆ្នាំ២០១៩កន្លងទៅ នៅដំណាក់វាលស្បូវ។ នៅក្នុងជំនួបសម្តេចក្រុមព្រះ មានគំនិតផ្តួចផ្តើមឲ្យមានការបង្រួបបង្រួម អ្នករាជានិយម និងអ្នកសីហនុ និយមឡើងវិញ ហើយនៅពេលព្រះអង្គជួបជាមួយលោក ញឹក ប៊ុនឆៃ គឺព្រះអង្គមានព្រះទ័យសប្បាយ និងមានបន្ទូលបានច្រើន។
ទាក់ទងការបង្រួបបង្រួមនេះ លោក ញឹក ប៊ុនឆៃ បានប្រាប់រស្មីកម្ពុជាថា លោកសូមគាំទ្រ និងដង្ហែតាមព្រះរាជតម្រិះរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក្នុងការបង្រួបបង្រួមអ្នក រាជានិយម និងអ្នក សីហនុនិយម។
លោកបញ្ជាក់ថា “ការបង្រួបបង្រួមរវាងគណបក្សទាំងពីរ គឺមានការស្រុះស្រួល ឯកភាពគ្នាអស់ហើយ នឹងអាចនឹងមានការជជែកពិភាក្សាគ្នា ដើម្បីឈានទៅធ្វើសមាជនាពេលខាងមុខ ក្នុងការបង្រួបបង្រួម គណបក្សហ្វ៊ុនស៊ិនប៉ិច និង គណបក្សខ្មែររួបរួមជាតិ ទៅជាគណបក្សតែមួយ ពោលគឺក្រោមដំបូល គណបក្សហ្វ៊ុនស៊ិនប៉ិច“។
លោក ញឹក ប៊ុនឆៃ បានអះអាងថា ការរួបរួមរវាងគណបក្សទាំងពីរ គឺមិនមានការបែងចែកកូតាទេ ដោយពិនិត្យទៅលើអ្នកស្មោះត្រង់ជាមួយគណបក្ស៕
អត្ថបទនេះជាកម្មសិទ្ធិរបស់ កាសែតរស្មើកម្ពុជា