លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន លោកប្រធានាធិបតីហុងគ្រី បានអះអាងថា នឹងប្រឹងប្រែងជួយការពារ ប្រព័ន្ធអនុគ្រោះពន្ធ (EBA) មិនឲ្យបាត់បង់ឡើយ។
លោក អ៊ាង សុផល្លែត បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «ដើម្បីជំរុញការអភិវឌ្ឍកម្ពុជារយៈពេលវែងទាំងសង្គម, ទាំងធនធានមនុស្ស, ទាំងសុខភាពប្រជាជនយើងផង ហុងគ្រី បានលើកឡើងសាជាថ្មីទៀតថា ហុងគ្រី នៅបន្តគាំទ្រកម្ពុជា និងស្នើសុំមិនឲ្យមានការដកហូត EBA ពីកម្ពុជា»។
ការប្រកាសបង្ហាញជំហរជួយការពារ EBA សម្រាប់កម្ពុជា បានធ្វើឡើងក្នុងពេលលោក យ៉ាណូស អាឌ័រ ជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាពនារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ។
ប្រធានាធិបតីហុងគ្រី លោក យ៉ាណូស អាឌ័រ និងភរិយាកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជាលើកទី ១ របស់លោកចាប់ពីថ្ងៃអាទិត្យដល់ថ្ងៃពុធ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រព្រះបាទសម្ដេច ព្រះមរមនាថ នរោត្តម សីហមុនី។ លោកបានជួបសម្ដែងការគួរសមជាមួយព្រះមហាក្សត្រ, ប្រធានរដ្ឋសភា សម្ដេច ហេង សំរិន, ប្រធានព្រឹទ្ធសភា សម្ដេច សាយ ឈុំ និងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោកប្រធានាធិបតីហុងគ្រី ដែលបានផ្តល់យុត្តិធម៌សម្រាប់កម្ពុជា និងជួយការពារកម្ពុជា ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធនេះ។
សូមបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ សហភាពអឺរ៉ុប បានប្រកាសចាប់ផ្តើមដំណើរការនីតិវិធីដែលអាចនាំឱ្យមានការផ្អាកជាបណ្តោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធ Everything But Arms (EBA)។ ប្រព័ន្ធ EBA អាចនឹងលុបចោលប្រសិនបើរកឃើញថា ប្រទេសទទួលផលនេះ មិនគោរពសិទិ្ធមនុស្ស និងសិទ្ធិការងារសំខាន់ៗ។
កិច្ចព្រមព្រៀងអនុគ្រោះពន្ធ ឬ EBA (Everything But Arms) ជាកិច្ចព្រមព្រៀងដែលសហភាពអឺរ៉ុប បានផ្តល់ឱ្យកម្ពុជា និង ប្រទេសអភិវឌ្ឍតិចតួចផ្សេងទៀតនៅលើពិភពលោកនូវឱកាសនាំគ្រប់ផលិតផលទាំងអស់ (លើកលែងតែអាវុធ) ចូលទៅក្នុងទីផ្សាររួមតែមួយរបស់សហភាពអឺរ៉ុប ដោយមិនជាប់ពន្ធគយ និងមិនជាប់កូតា។
ការផ្តួចផ្តើមគំនិតនេះ មិនមានន័យថា សហភាពអឺរ៉ុបចាប់ផ្តើមព្យួរប្រព័ន្ធអនុគ្រោះពន្ធភ្លាមៗ ឬជាស្វ័យប្រវត្តិនោះឡើយ គ្រាន់តែជាពេលវេលាដែលចាប់ផ្តើមបើកនីតិវិធីពិគ្រោះយោបល់ជាផ្លូវការតែប៉ុណ្ណោះ។ កម្ពុជាមានរយៈពេល៦ខែក្នុងការជជែកតវ៉ា និងលើកហេតុផលផ្សេងៗពន្យល់ទៅគណៈកម្មការអឺរ៉ុប។
ប្រសិនបើគណៈកម្មការអឺរ៉ុបមិនទទួលយកការពន្យល់របស់កម្ពុជា ហើយនៅតែសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះមែន គឺត្រូវប្រើរយៈពេលចំនួន ១៨ខែ គិតចាប់ពីថ្ងៃចាប់ផ្តើម (១២ កុម្ភៈ ២០១៩) រហូតដល់ការចូលជាធរមាន។ ពោលទំនិញរបស់កម្ពុជានៅតែបន្តនាំចូលទៅកាន់សហភាពអឺរ៉ុបដោយមិនជាប់ពន្ធរយៈពេលជាង ១ឆ្នាំទៀត មុននឹងមានការសម្រេចជាថ្មី។
រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានប្រកាសដោយចាត់ទុកថា ការសម្រេចចិត្តអឺរ៉ុបនេះ ជារឿងភាពអយុត្តិធម៌បំផុត ព្រោះនេះបង្ហាញឲ្យឃើញថា សហភាពអ៊ឺរ៉ុបបានបដិសេធដោយចំហរ អំពីវឌ្ឍនភាពគួរឲ្យកត់សម្គាល់ដែលប្រទេសកម្ពុជាសម្រេចបាន។
ទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមខ្លួនរួចជាស្រេច ព្រមទាំងដាក់ចេញនូវយន្តការផ្សេងៗទៀត ដើម្បីឆ្លើយតបនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ផងដែរ៕