ភ្នំពេញ៖ ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ដែលត្រូវបានប្រារព្វពិធីចាក់បេតុងតភ្ជាប់មុខតំណ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ ត្រូវបានប្រមុខដឹកនាំនៃប្រទេសទាំង២ ចាត់ទុកជាស្ពានភ្ជាប់និស្ស័យរវាង ប្រជាជនកម្ពុជា និង ប្រជាជនថៃ ដែលត្រូវបានកត់ត្រា នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅក្នុងពិធីនោះថា៖ “ការសាងសង់ស្ថាននេះ គឺជាការបើកនូវទំព័រប្រវត្តិសាស្ត្រថ្មី រវាងប្រទេសយើងទាំងពីរ សំដៅធ្វើឱ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ហើយដែលប្រទេសយើងទាំង២ បានប្រសិទ្ធនាមឈ្មោះស្ថាននេះថាជា ស្ថានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់- បានណងអៀន)។ ស្ថាននេះ ជាស្ពានភ្ជាប់និស្ស័យរវាងប្រជាជនខេត្តបន្ទាយមានជ័យ និងប្រជាជនខេត្តស្រះកែវ ពិសេសជាស្ពានភ្ជាប់និស្ស័យរវាងប្រជាជនកម្ពុជា និង ប្រជាជនថៃ ដែលត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រនៃប្រទេសយើងទាំងពីរ”។
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា៖ “ការសាងសង់ស្ថាននេះ បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជា និងប្រជាជនថៃ និងបានផ្តល់ភាពងាយស្រួលដល់ប្រជាជន ក្នុងប្រទេសមហាអនុតំបន់មេគង្គ ដើម្បីសម្រួលដល់ការតភ្ជាប់ទីក្រុងបាងកក-ភ្នំពេញ និងក្រុងហូជីមិញ ក្នុងគោលដៅជំរុញពាណិជ្ជកម្ម ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការដឹកជញ្ជូន ស្របតាមការគិតគូរបស់សហគមន៍អាស៊ាន និងប្រទេសក្នុងមហាអនុតំបន់មេគង្គ ដែលបានកំណត់ផ្លូវពីបាងកក-បោយប៉ែត- ភ្នំពេញ-ហូជីមិញ ជាផ្លូវអាស៊ានហាយវេលេខ១ និងជាផ្លូវរបៀងសេដ្ឋកិច្ចខាងត្បូង ដើម្បីឱ្យការដឹកជពានទំនិញចេញចូលមានភាពងាយស្រួល។ ម្យ៉ាងវិញទៀត ស្ថាននេះ នឹងទុកសម្រាប់តែការដឹកជញ្ចូនទំនិញចេញចូល ចំណែកឯច្រកព្រំដែនបៅយប៉ែត- អារញ្ញប្រថេត ទុកសម្រាប់តែភ្ញៀវទេសចរឆ្លងកាត់ប៉ុណ្ណោះ”។
លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានចាត់ទុកស្ពានឆ្លងកាត់ព្រំដែនថៃ-កម្ពុជាមួយនេះ ជាស្ពានតភ្ជាប់ប្រទេសទាំងពីរដំបូងគេ ហើយស្ពាននេះបង្ហាញឱ្យឃើញយ៉ាងច្បាស់ អំពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ដែលជាប្រទេសជិតខាងគ្មានទំនាក់ទំនងដ៏ជិតស្និតជាយូរអង្វែងមកហើយ។
លោក ប្រាយុទ្ធ ចាន់អូចា បានបន្តថា ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់- បានណងអៀន) នេះ ថែមទាំងជានិមិត្តរូបនៃភាពជោគជ័យ នៃការអនុវត្តន៍ការងាររួមគ្នារវាងមន្ត្រីទាំងពីរភាគី ហើយនិងបន្តភ្ជាប់ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រជាជនថៃ និងប្រជាជនកម្ពុជា។ ស្ពានថ្មីនេះ នឹងជំរុញការសម្របសម្រួលឱ្យមានកិច្ចសហប្រតិបត្តិការលើផ្នែកផ្សេងៗទៀត ដូចជាវិស័យសេដ្ឋកិច្ច គមនាគម (ការតភ្ជាប់) សង្គម និងវប្បធម៍ អប់រំ កសិកម្ម និងទេសចរណ៍ ឲ្យឆ្ពោះទៅរកការអភិវឌ្ឍន៍ និងភាពរីកចម្រើនព្រមគ្នា។
គួររំម្លឹកផងដែរថា ស្ពាននេះត្រូវបានសាងសង់ដោយ កងវិស្វកម្មនៃកងទ័ពថៃ ហើយសិក្សានិងត្រួតពិនិត្យបច្ចេកទេស ដោយនាយកដ្ឋានហាយវ៉េ (DOH) ក្រសួងដឹកជញ្ជូនថៃ ក្រោមជំនួយឥតសំណងពីរាជរដ្ឋាភិបាលថៃប្រមាណ៦៧០លានបាត (ស្មើនឹងប្រមាណជាង១៩លានដុល្លារ) ដោយរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមថវិកាបដិភាគ សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន យុទ្ធភ័ណ្ណមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។
ស្ពានមិត្តភាពកម្ពុជា-ថៃនេះ ជាស្ថានធំទី១ ដែលបានសាងសង់លើខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលខណ្ឌព្រំសីមាលេខ៥០ និងលេខ៥១ ស្ពានមានប្រវែង៦២ម៉ែត្រ ទទឹង១៧ម៉ែត្រ ដោយនៅផ្នែកកម្ពុជាមានប្រវែង ២១៥ម៉ែត្រ នៅផ្នែកថៃមានប្រវែង៤០៥ ម៉ែត្រ៕