ការចិញ្ចឹមត្រីនៅខេត្តកំពង់ឆ្នាំងមានការកើនឡើង ខណៈតម្រូវការត្រីលើទីផ្សារមានខ្ពស់

697

កំពង់ឆ្នាំង៖ កំពង់ឆ្នាំង គឺជាខេត្តសម្បុកត្រីដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា ដោយសារ ភាពអំណោយផលនៃភូមិសាស្ត្រខេត្តនេះជាប់នឹងបឹងទន្លេសាប ប៉ុន្តែកត្តាកំណើនមនុស្ស និងបញ្ហានេសាទខុសច្បាប់ បណ្តាលឱ្យទិន្នផលត្រីទឹកសាបនៅខេត្តនេះមិនអាចផ្គត់ផ្គង់តម្រូវការគ្រប់គ្រាន់បានដូចមុនទៀតឡើយ។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការចិញ្ចឹមត្រីនៅតាមស្រះ និងនៅតាមបែរបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត កំពង់ឆ្នាំង មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ បន្ទាប់ទីផ្សារត្រីមានតម្រូវការខ្ពស់។

ដោយសារកំណើននៃតម្រូវការខ្ពស់ត្រីធម្មជាតិមិនអាចផ្គត់ផ្គង់បានគ្រប់គ្រាន់នៅគ្រប់ទិសទីនោះទេ ដូចនេះការអភិវឌ្ឍវារីវប្បកម្ម គឺជាកត្តាដ៏សំខាន់បំផុតសម្រាប់ការផ្គត់ផ្គង់ត្រីបានទៅតាមតម្រូវការ។

លោក ឃី ឡុង ជាវារីវប្បករម្នាក់ ស្ថិតនៅឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានប្រាប់ឱ្យដឹងថា គាត់បានចិញ្ចឹមត្រីនេះ ជាយូមកហើយ តែការចិញ្ចឹមនោះមានលក្ខណៈជាស្រះតូចៗ និងមានចំនួនតិចប៉ុណ្ណោះ។ ចាប់ពីឆ្នាំ២ ០១៩មក គាត់បានពង្រីកមុខរបរនេះកាន់តែធំជាងមុនដោសារទីផ្សារសព្វថ្ងៃនេះមានសភាពល្អប្រសើរជាងមុន មានការបញ្ជាទិញច្រើន។

លោកបញ្ជាក់ទៀតថា បច្ចុប្បន្ននេះគាត់ចិញ្ចឹមត្រីក្នុងស្រះ មានពីរប្រភេទគឺ ត្រីពោ និងត្រីឆ្តោ ដែលពូជត្រីទាំងនេះបាននាំចូលពីក្រៅស្រុក។ ត្រីទាំងពីរប្រភេទនេះ វាស៊ីនុយត្រីសមុទ្រ និងចំណីកែច្នៃ។ ហើយតម្លៃត្រីនៅលើទីផ្សារគឺល្អ ប្រសិនមាន អ្នកចិញ្ចឹមច្រើនសម្រាប់ផ្គត់ផ្គង់ទីផ្សារហើយត្រីសម្បូរច្រើនអាចនឹងស្រុតតម្លៃបន្តិច ប៉ុន្តែគាត់នៅតែរីករាយប្រសិនបើមានអ្នកចិញ្ចឹមច្រើនសម្រាប់ផ្តត់ផ្គង់ទីផ្សារ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត កំពង់ឆ្នាំង បានឱ្យដឹងថា នៅក្នុងឆ្នាំនេះ សង្កេតឃើញថា មានប្រជាពលរដ្ឋចិញ្ចឹមត្រីតាមស្រះច្រើនបន្ទាប់ពីការចិញ្ចឹមត្រីរបស់គាត់ទទួលបានជោគជ័យ ហើយការចិញ្ចឹមត្រីនៅតាមស្រះនេះ ភាគច្រើនប្រជាពលរដ្ឋចិញ្ចឹមត្រីប្រា ត្រីពោ និងត្រីឆ្តោ។

ក្រៅពីចិញ្ចឹម ប្រភេទត្រី ខាងលើនេះ ប្រពលរដ្ឋបានចិញ្ចឹមត្រីមួយប្រភេទទៀត គឺ ត្រីខ្យា។ ត្រីខ្យានេះមានតម្លៃខ្ពស់ សម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ប្រទេសជិតខាងផងដែរ។

លោកឱ្យដឹងទៀតថា ដើម្បីធានាដល់ដំណើរការនៃការចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋឱ្យមាននិរន្តរភាពបានល្អប្រសើរ ខណ្ឌរដ្ឋបាលជលផល បានរៀបចំចងក្រងជាសមាគមន៍ អ្នកចិញ្ចឹមត្រី ហើយមន្ត្រីជំនាញបានចុះត្រួតពិនិត្យ និងផ្តល់បច្ចេកទេសដល់វារីវប្បករបន្ថែមទៀត។

មន្ត្រីជលផលរូបនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋអោយនាំគ្នាចាប់យកមុខរបរចិញ្ចឹមត្រីឱ្យបានច្រើន ដើម្បីបំពេញតម្រូវការទីផ្សារ និងកាត់បន្ថយការចាប់ត្រីពីបឹងធម្មជាតិ ពិសេសនៅក្នុងរដូវបិទការនេសាទនេះ មិនត្រូវនេសាទត្រី ដោយប្រើឧបករណ៍ល្មើសច្បាប់នោះឡើយ៕

អត្ថបទ៖ ហ៊ឹង ចូច