Channel News Asia ៖ ក្រោយរដ្ឋប្រហារ នៅក្នុងឆ្នាំ ២០១៤ ប្រទេសថៃ គឺស្ថិតនៅក្នុងរបបយោធា ដែលមានលោក ប្រាយុទ្ធ ចាន់អូចា ឡើងធ្វើជានាយករដ្ឋមន្ត្រី នៃប្រទេសថៃ។ របបយោធានៃប្រទេសថៃ ត្រូវបានប្រកាសបញ្ចប់ជាផ្លូវការ កាលពីថ្ងៃអង្គារក្នុងសប្តាហ៍នេះ ក្រោមបញ្ជាជាលើកចុងក្រោយ ក្នុងនាមជាប្រមុខរដ្ឋាភិបាលយោធាថៃ របស់លោក ប្រាយុទ្ធ ចាន់អូចា មុនពេលរដ្ឋាភិបាលស៊ីវិលរបស់លោក នឹងត្រូវស្បថចូលកាន់តំណែង ក្រោយការបោះឆ្នោតសកល កាលពីខែមិនាកន្លងទៅនេះ។
បទបញ្ជាចុងក្រោយនោះ រួមមានការដកចេញវិញនូវកំហិតនានា ដែលត្រូវបានដាក់ទៅលើប្រព័ន្ធផ្សព្វផ្សាយ និងការសម្រេចផ្ទេរសំណុំរឿងរដ្ឋប្បវេណី ពីតុលាការយោធា ទៅកាន់តុលាការស៊ីវិលវិញផងដែរ ប៉ុន្តែបញ្ជាមួយចំនួនដែលបានដាក់ចេញក្រោមរដ្ឋាភិបាលយោធា នៅតែបន្តដដែល ដូចជាការផ្តល់អំណាចឲ្យប៉ូលិស និងកងទ័ពធ្វើការឆែកឆេរ កោះហៅ និងឃាត់ខ្លួនជនសង្ស័យ បានរយៈពេល ០៧ថ្ងៃ ដរាបណាវាស្ថិតក្រោមហេតុផល សន្តិសុខជាតិ។

តែទោះជាយ៉ាងណាក៏ដោយ លោកឧបនាយករដ្ឋមន្ត្រី វីស្សានុ គ្រាងាំ (Wissanu Kreangam) បានលើកឡើងថា ការរក្សាឲ្យនៅដដែល នូវបទបញ្ជាមួយចំនួន គឺដោយសារពួកវាមានសារៈសំខាន់ ប៉ុន្តែសភា ក៏អាចធ្វើការកែប្រែបទបញ្ជាទាំងនោះបាន។
លោក ប្រាយុទ្ធ ចាន់អូចា ថា រដ្ឋាភិបាលស៊ីវិលរបស់លោក នឹងឡើងគ្រប់គ្រងប្រទេសជាផ្លូវការ នៅពាក់កណ្តាលខែកក្កដាខាងមុខនេះ៕