ភ្នំពេញ ៖ របាយការណ៍ស្តីពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០១៨ និងទស្សនវិស័យឆ្នាំ២០១៩ ដែលបានចេញផ្សាយកាលពីថ្ងៃទី២ ខែមករា បានបញ្ជាក់ថាសេដ្ឋកិច្ចរបស់កម្ពុជា នឹងនៅតែបន្តស្ថិតនៅក្នុងរង្វង់ ៧% ក្នុងឆ្នាំ២០១៩នេះ។
របាយការណ៍ដដែលបានឲ្យដឹងថា៖ “សេដ្ឋកិច្ចកម្ពុជាបានបន្តរីកចម្រើនគួរជាទីមោទនៈ។ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានភាពរឹងមាំ ទោះបីជាបានប្រឈមនឹងហានិភ័យមួយចំនួនក្តី។ វិស័យកាត់ដេរ, សំណង់ និងទេសចរណ៍ បន្តមានកំណើនក្នុងអត្រាពីរខ្ទង់ ក្នុងបរិយាកាសអំណោយផល នៃកំណើនសេដ្ឋកិច្ចពិភពលោក និងដោយមានការគាំទ្រពីគោលនយោបាយសារពើវិត្ថារកម្ម(ការពង្រីក) គោលនយោបាយហិរញ្ញវត្ថុ និងផ្លែផ្កានៃវឌ្ឈនភាព និងវិស័យធនាគារ ព្រមទាំងវិស័យដទៃទៀត »។
របាយការណ៍ដដែលបានបន្តថា ទោះបីជាបានប្រឈមនឹងភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក ចិន និងឥទ្ធិពលនៃប្រក្រតីកម្មនៃគោលនយោបាយហិរញ្ញវត្ថុក្នុងប្រទេសអភិ វឌ្ឍន៍មួយចំនួនក៏ដោយ កំណើនសេដ្ឋកិច្ចពិភពលោក និងតំបន់មានភាពល្អប្រសើរ និងបានផ្តល់កាលានុវត្តភាពល្អដល់សេដ្ឋកិច្ចកម្ពុជា ។ លំហូរវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជា បន្តកើនឡើងក្នុងអត្រា១២% ពិសេសវិស័យធនាគារ អចលនទ្រព្យ និងវិស័យកាត់ដេរ ហើយបានគាំទ្រជញ្ជីងទូទាត់ឲ្យមានអតិរេក(ផលលើស)ប្រមាណ៤,៥%នៃផលទុនជាតិសរុបក្នុងស្រុក ។
អតិរេកជញ្ជីងទូទាត់ពាណិជ្ជកម្ម បានរួមចំណែកគរពូនទុនបម្រុងអន្តរជាតិរបស់កម្ពុជាដល់១០ពាន់លានដុល្លារអាមេរិក ដែលអាចធានាការនាំចេញទំនិញ និងសេវាសម្រាប់ឆ្នាំបន្ទាប់បាន៥,៤ខែ ដែលជាកម្រិតខ្ពស់ធៀបនឹងកម្រិតអប្បបរមា ដែលប្រទេសអភិវឌ្ឍន៍គួរមាន ។
សម្រាប់ទស្សនវិស័យឆ្នាំ២០១៩ របាយការណ៍នេះបានបញ្ជាក់ថា ទស្សនវិស័យសម្រាប់ឆ្នាំ២០១៩ សេដ្ឋកិច្ចកម្ពុជារំពឹងបន្តកំណើនក្នុងរង្វង់អត្រា៧% ហើយអតិផរណាបន្តស្ថិតក្នុងកម្រិតទាបក្នុងរង្វង់២,៦ ជាមួយនឹងស្ថិរភាពអត្រាប្ដូរប្រាក់៤០៥០រៀលក្នុង១ដុល្លារអាមេរិក ។ ចំណែកទុនបម្រុងអន្តរជាតិ រំពឹងកើនដល់១១,៣ពាន់លានដុល្លារអាមេរិក ដែលអាចធានាដល់ការនាំចេញ និងសេវាបានរយៈពេល៥ខែ ។
ម្យ៉ាងវិញទៀត ឥណទានធនាគាររំពឹងថា នឹងបន្តកើនឡើងក្នុងល្បឿន១៧,១% និងបរិយាប័ន្នហិរញ្ញវត្ថុ នឹងបន្តកើនឡើងជាលំដាប់ ដែលកត្តាទាំងនេះ នឹងបន្តរួមចំណែកជំរុញការរីកចម្រើនសកម្មភាពសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្របន្ថែមទៀត ។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានគាំទ្ររបាយការណ៍នេះ ដោយលោកបានមានប្រសាសន៍ថា នៅពេលណាយើងគ្រប់គ្រងបាននូវម៉ាក្រូសេដ្ឋកិច្ច និងអនុវត្តច្បាប់បទដ្ឋានគតិយុត្តនានាបានល្អ និងគោលនយោបាយលើកទឹកចិត្តចំពោះអ្នកវិនិយោគនានា វាជំរុញឲ្យមានស្ថិរភាព និងកំណើនសេដ្ឋកិច្ច ហើយកំណើននេះមិនត្រឹមតែសម្រេចបាននៅឆ្នាំ២០១៩នេះទេ តែអាចបន្តរុញកំណើនបន្តនៅឆ្នាំ២០២០ឬឆ្នាំ២០២១បន្ថែមទៀត ។
លោកបន្តថា ៖ “ជាមួយនឹងកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចនេះ នឹងជាការជំរុញឲ្យអ្នកវិនិយោគបរទេសចូលមកកាន់កម្ពុជាកាន់តែច្រើនថែម ទៀត”។
យិកាប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា លោកស្រី Sunniya Durrani-Jamal បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា សេដ្ឋកិច្ចកម្ពុជានឹងបន្តរក្សាបានកំណើនក្នុងរង្វង់៧%រយៈពេលវែងបន្ត ទៀត៕