ភ្នំពេញ៖ រថភ្លើងដឹកអ្នកដំណើរមួយគ្រឿង ដែលជាអំណោយរបស់ប្រទេសថៃ ផ្ដល់ឲ្យប្រទេសកម្ពុជា បានមកដល់ស្ថានីយរថភ្លើងប៉ោយប៉ែតហើយ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ។

រថភ្លើងដឹកអ្នកដំណើរដែលមាន៤ទូនេះ នឹងត្រូវប្រគល់ដោយផ្ទាល់ដៃដោយ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ជូនដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែមេសា សប្តាហ៍ក្រោយនេះ។

តាមកម្មវិធីគ្រោងទុក សម្តេចតេជោ ហ៊ុន សែន និងលោក ប្រាយុទ្ធ ចាន់អូចា នឹងជិះរថភ្លើងរួមគ្នា ឆ្លងកាត់ព្រំដែននៃប្រទេសទាំង២ ដើម្បីជានិមិត្តរូបនៃការបើកដំណើរការជាផ្លូវការ នូវផ្លូវដែករវាងប្រទេសទាំង២។

សូមបញ្ជាក់ថា រថភ្លើងដឹកអ្នកដំណើរប្រភេទ DMU (Diesel Multiple Unit) ដែលថៃប្រគល់ជូនកម្ពុជានេះ ផលិតដោយក្រុមហ៊ុន Hitachi របស់ប្រទេសជប៉ុន។ រថភ្លើងដឹកអ្នកដំណើរនេះ ជាប្រភេទខ្សែរថភ្លើងដឹកអ្នកដំណើរមានចំនួន៤ទូ ដែលក្នុងមួយទូៗដឹកអ្នកដំណើរបាន៨០នាក់៕

