ជប៉ុន ផ្ដល់​ជំនួយឥតសំណង ចំនួន​២៧​លាន​ដុល្លារ សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់ ក្នុង​រាជធានី​ភ្នំពេញ​

678

​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក Yuichi SUGANO ប្រធាន​តំណាង JICA ប្រចាំ​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ហិរញ្ញប្បទាន​ឥត​សំណង សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់ ក្នុង​រាជធានី​ភ្នំពេញ ដែលមាន​ទឹកប្រាក់​ចំនួន​២,៧៧៧​លាន​យ៉េន (​ប្រមាណ​ជា​២៧​លាន​ដុល្លារ​អាមេរិក​)​។​

​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់ ក្នុង​រាជធានី​ភ្នំពេញ​នេះ មាន​ទិសដៅ​ចម្រោះ​ទឹក​កខ្វក់ មុនពេល​បង្ហូរ​ចូល​ទន្លេ តាមរយៈ​ការសាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​មួយ កន្លែង​នៅ​បឹង​ជើងឯក ក្នុង​សង្កាត់​ជើងឯក ខ័​ណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ និង​បំពង់​បង្ហូរទឹក​កខ្វក់​ដែលមាន​ប្រវែង​២,០០០​ម៉ែត្រ មានមុខ​កាត់​៥០០​មី​លី​ម៉ែត្រ ត​ភ្ជាប់​ពី​ស្ថានីយ៍​បូម​បឹងត្របែក​។​

​រោងចក្រ​ប្រព្រឹត្ត​កម្មនេះ មាន​សមត្ថភាព ចម្រោះ​ទឹក​កខ្វក់​បាន ៥,០០០​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​។ ការសាងសង់​នឹងត្រូវ​ចាប់ផ្តើម នៅ​ចុងឆ្នាំ​២០២០ ដែលមាន​រយៈពេល​ប្រមាណ​៣២​ខែ​។ បន្ថែម​ពីលើ​ការសាងសង់​គម្រោង ក៏​នឹង​ផ្តល់ជំនួយ​បច្ចេកទេស សម្រាប់​ពង្រឹងសមត្ថភាព​មន្ត្រី ក្នុងការ​គ្រប់គ្រង​រោងចក្រ​ដំណើរការ និង​ហិរញ្ញវត្ថុ​ផងដែរ​។​

​គម្រោង​អភិវឌ្ឍន៍ ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់ ក្នុង​រាជធានី​ភ្នំពេញ​នេះ ជា​គម្រោង​បំពេញបន្ថែម ឲ្យ​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​១ ទី​២ ទី​៣ និង​ទី​៤ ដែល​ត្រូវបាន​សាងសង់ ដោយ​ហិរញ្ញប្បទាន​ឥត​សំណង របស់​ប្រទេស​ជប៉ុន​ផងដែរ​។​

​គម្រោង​នេះ នឹងចូលរួម​ចំណែក​ដ​ល់​កិច្ច ខិតខំ​ប្រឹងប្រែង​របស់​សាលា​រាជធានី​ភ្នំពេញ ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ឆ្លើយតប​យ៉ាង​ជាក់ច្បាស់ ទៅនឹង​សេចក្តីត្រូវការ​ជា​អាទិភាព ក្នុងការ​អភិវឌ្ឍ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ដែល​នាំមក​នូវ​ការការពារ និង​លើ​កម្ពស់​គុណភាព​ទឹក និង​អនាម័យ​បរិស្ថាន ស្របទៅនឹង​មុំ​ទី​១ នៃ​ចតុកោណ​ទី​៤ ដូច​មាន ចែង​ក្នុង ឯកសារ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង ដែល​ត្រូវ​ចុះហត្ថលេខា​នេះ គឺជា​ឯកសារ​គតិយុត្តិ​មួយទៀត បន្ទាប់ពី​លិខិត​ប្តូរ​សារ ដែល​ទើប​ត្រូវបាន​ចុះហត្ថលេខា កាលពី​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៩ កន្លងទៅ រវាង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ដែល​អាច​នាំ​ឲ្យ​ឈានទៅដល់​ការអនុវត្ត​នីតិវិធី​ប​ន្ត​បន្ទាប់​ទៀត សម្រាប់​ការអនុវត្ត​គម្រោង​ជាក់ស្តែង​។​

​ជារួម​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍​ផ្លូវការ (Japanese ODA) ពី​ប្រទេស​ជប៉ុន និង​ប្រជាជន​ជប៉ុន ឬ​និយាយ​ឲ្យ​ចំ​ទៅ​ថា «​អ្នក​បង់ពន្ធ​ជប៉ុន​» ចាប់ពី​ដំណើរ​ការកសាង​សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ​នៅ​កម្ពុជា រហូតមកដល់​បច្ចុប្បន្ន មាន​ចំនួន​សរុប​ប្រមាណ​ជាង​៥,០០០​លាន​ដុល្លារ​អាមេរិក ក្នុងនោះ មាន​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ​ជាង​៣,៥០០​លាន​ដុល្លារ​អាមេរិក​៕​