រតនគិរី៖ រដ្ឋាភិបាលចិន ទើបអនុញ្ញាតឲ្យក្រុមហ៊ុនដាំដុះដំណាំ ចេកអំបូងលឿង នៅកម្ពុជាចំនួន៤ថែមទៀត អាចនាំចេញផ្លែចេកស្រស់ ទៅកាន់ទីផ្សារចិន បន្ទាប់កាលពីបានអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន ៥ នាំចេញរួចមកហើយនោះ ដូចនេះនៅកម្ពុជា មានក្រុមហ៊ុនចំនួនសរុប ៩ មានសិទ្ធិនាំចេញ ចេកអំបូងលឿង ទៅកាន់ប្រទេសចិន។
ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសដែលលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធរោងចក្រវេចខ្ចប់ និងនាំចេញផ្លែចេកស្រស់ របស់ក្រុមហ៊ុនហ័ងអាញអណ្តូងមាស ហ័ងអាញលំផាត់, ក្រុមហ៊ុនដូនពេញអាហ្រ្គីកូ និងក្រុមហ៊ុនប៊ិញហ្វឿកក្រចេះរ៉ាប់ប៊ឿ២ខមភេនី ទៅកាន់ទីផ្សារប្រទេសចិន កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្តរតនគិរី។
លោក ង្វៀង ក្វានអាន អគ្គនាយក និងជាតំណាងក្រុមហ៊ុនទាំង៤ ដែលទទួលសិទ្ធិនាំចេញផ្លែ ចេកអំបូងលឿង ទៅប្រទេសចិន បានបញ្ជាក់ពីសមិទ្ធផលសំខាន់ៗថា ក្រុមហ៊ុនកំពុងអភិវឌ្ឍដំណាំកសិឧស្សាហកម្មលើផ្ទៃដី ១៨ពាន់ហិកតា ក្នុងនោះបានដំណើរការរៀបចំ ចំការចេកលើផ្ទៃដីជាង ៧ពាន់ហិកតា ក្នុងនោះជាង៣ពាន់ហិកតា កំពុងប្រមូលផល ដែលបានប្រើប្រាស់ទុនវិនិយោគជាង ៤០០ លានដុល្លារ សម្រាប់រៀបចំរចនាសម្ព័ន្ធផ្លូវថ្នល់ រៀបចំដី ប្រព័ន្ធទឹក ការរៀបចំកូនដាំ ការរៀបចំរចនាសម្ព័ន្ធប្រមូលផល អនាម័យ វេចខ្ចប់ និងឃ្លាំងស្តុកចំនួន២ ដោយរចនាសម្ព័ន្ធវេចខ្ចប់ចំនួន៨ ដែលបានចែកចេញជា២ ស្តង់ដា គឺចិន និងជប៉ុន។ល។ ក្នុងខ្សែច្រវាក់ផលិតកម្មទាំងមូល ប្រើប្រាស់ពលកម្មសរុប ២០០នាក់ ដែលមកពីតំបន់នេះ និងមកពីខេត្តជាប់រតនគីរី។ បច្ចុប្បន្ន ក្រុមហ៊ុនមានរោងចក្រវេចខ្ចប់១០ ដែលមានសមត្ថភាពផលិតបាន ២៥ម៉ឺនតោន/ឆ្នាំ។
លោកអគ្គនាយកបានសម្តែងនូវសុទិដ្ឋិនិយមថានៅឆ្នាំ២០២០ ក្រុមហ៊ុននឹងបង្កើនបរិមាណផលិតកម្ម ចេកអំបូងលឿង ឲ្យដល់ ៥០០ពាន់តោន/ឆ្នាំ ក្រៅពីនេះក៏នៅមានផលដំណាំស្វាយ ក្រូចថ្លុង ស្រកា នាគ និងខ្មុរ ដែលត្រូវការកំលាំងពលកម្មក្នុងស្រុកជាង១៥ពាន់នាក់។ លោកអគ្គនាយកបានបន្ថែមថា ក្រៅពីការងារអាជីវកម្មដែលជាកម្មវត្ថុចំបងនៃការវិនិយោគ ក្រុមហ៊ុនក៏គិតគូរយកចិត្តទុកដាក់ផងដែរ លើការងារសង្គម សុខភាព ការអប់រំ លំនៅឋានជូនបុគ្គលិក កម្មករផងដែរ។
លោករដ្ឋមន្រ្តី វេង សាខុន បានចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ពុះពារ និងជំនះបាននូវរាល់បញ្ហាប្រឈមនានា រហូតសម្រេចបានជោគជ័យ ក្នុងការនាំចេញ ចេកអំបូងលឿង និងបានអរគុណ ជូនចំពោះរដ្ឋាភិបាលចិន តាមរយ:អគ្គនាយកដ្ឋានគយចិន ដែលបានវាយតម្លៃលើគុណភាពចេកកម្ពុជា និងបានអនុញ្ញាតឲ្យក្រុមហ៊ុនទាំង៤ អាចនាំចេញផ្លែចេកស្រស់ទៅកាន់ទីផ្សារចិនបន្ថែមទៀត។ អ្វីដែលសំខាន់នោះគឺ នាយកដ្ឋានគយចិន ក៏បានវាយតម្លៃកន្លែងវេចខ្ចប់ផ្លែចេករបស់ក្រុមហ៊ុនថា មានស្តង់ដារគុណភាព និងសុវត្ថិភាពល្អជាងគេក្នុងតំបន់អាស៊ាន។
លោករដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវថា ស្ថិតក្នុងបរិបទនៃកំណើនសេដ្ឋកិច្ច ការរីកចម្រើនផ្នែកបច្ចេកវិទ្យាកសិកម្ម ការកែច្នៃ វេចខ្ចប់ និងនាំចេញ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាននិងកំពុងខិតខំពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយដៃគូអភិវឌ្ឍន៍នានា និងវិស័យឯកជន ដើម្បីគាំទ្រលើការវិនិយោគគ្រប់ខ្សែច្រវាក់តម្លៃកសិកម្មចាប់ពីចំណុច A ដល់ Z តាមរយៈការបង្កើនផលិតភាពផលិតផល ការវេចខ្ចប់ ការរក្សាស្តុកទុក ការកែច្នៃប្រកប ដោយគុណភាព អនាម័យ និងសុវត្ថិភាព សមស្របតាមស្តង់ដារនៃទីផ្សារនាំចេញ។
ដើម្បីសម្រេចគោលដៅនេះ លោករដ្ឋមន្រ្តីបានសំណូមពរបន្តរក្សាកិច្ចសហប្រតិបត្តិការ ឲ្យមានលក្ខណៈប្រទាក់ក្រឡាគ្នាជាមួយគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរខេត្ត ក្នុងស្មារតីទទួល ខុសត្រូវខ្ពស់តាមអភិក្រម «រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍» ធ្វើយ៉ាងណាចូលរួមគាំទ្រ និងជំរុញបរិមាណនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិឲ្យកាន់តែច្រើនថែមទៀតនាពេលអនាគត។
នាឱកាសនេះ លោករដ្ឋមន្ត្រីបានណែនាំក្រុមហ៊ុនធ្វើយ៉ាងណាបង្កើនកិច្ច សហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរ ជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសជាមួយអគ្គនាយកដ្ឋានកសិកម្មក្នុងការអនុវត្តច្បាប់ និងបច្ចេកទេសសំដៅលើអនាម័យ និងភូតគាមអនាម័យ ធ្វើយ៉ាង ណាបង្កើនជំនឿទុកចិត្តលើគុណភាព និងសុវត្ថិភាពនៃផលិតផលពីអតិថិជនក្នុង និងក្រៅ ប្រទេស។ ព្រមជាមួយគ្នានេះ ក្រុមហ៊ុនក៏ត្រូវបង្កើនការយកចិត្តទុកដាក់លើស្ថានភាពជីវភាព និងសុខភាពរបស់បងប្អូនបុគ្គលិក កម្មករឲ្យបានល្អប្រសើរ។ ចំពោះអគ្គនាយកដ្ឋានកសិកម្មត្រូវយក ចិត្តទុកដាក់ក្នុងការផ្តល់វិញ្ញាបនបត្រ SPS ជូនក្រុមហ៊ុនឲ្យបានទាន់ពេលវេលា ចៀសវាងមានការយឺតយ៉ាវធ្វើឲ្យប៉ះពាល់ដល់ការនាំចេញ។ ជាមួយនឹងការអបអរសាទរ និងគាំទ្រដល់ពិធីសម្ពោធរោងចក្រវេចខ្ចប់ និងនាំចេញផ្លែចេកស្រស់របស់ក្រុមហ៊ុនទាំង៤ ទៅកាន់ទីផ្សារប្រទេសចិននាពេលនេះ លោករដ្ឋមន្ត្រីបានអំពាវនាវឲ្យវិស័យឯកជនដែលមានលទ្ធភាព ពិនិត្យនិងពិចារណាវិនិយោគក្នុងវិស័យកសិកម្ម ជាពិសេសលើការកែច្នៃ វេចខ្ចប់កសិផលថែមទៀត ដើម្បីរួមគ្នាកាត់បន្ថយការនាំចេញវត្ថុធាតុដើម ដែលនេះជាកត្តាមួយដ៏សំខាន់ក្នុងការបង្កើនតម្លៃ បន្ថែម បង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅ៕