រឿងនិទាន អំពី​វីរបុរស​ជនជាតិ​ជប៉ុន ដែល​បាន​ពលី​ជីវិត​នៅ​កម្ពុជា ក្នុងសម័យ “​អ៊ុនតាក់​” ត្រូវបាន​បោះ​ពុ​ម្ភ ចែក​ដល់​សិស្សានុសិស្ស​

4563

​ខេត្តកំពង់ធំ​៖ សៀវភៅ​រឿងនិទាន អំពី​ជីវប្រវត្តិ ក៏ដូចជា​បុគ្គលិកលក្ខណៈ ឥទ្ធិពល និង​វីរភាព​ដ៏​អង់អាច​ក្លាហាន របស់លោក “​ណា​កាតា អាត់​ស៊ូ​អ៊ី​តូ​” ជនជាតិ​ជប៉ុន ដែល​បាន​ពលី​ជីវិត​របស់ខ្លួន នៅ​ប្រទេស​កម្ពុជា ក្នុង​បុព្វហេតុ “​សន្តិភាព និង​ប្រជាធិបតេយ្យ​” នៅ​កម្ពុជា នា​សម័យ​អ៊ុនតាក់ ត្រូវបាន​បោះ​ពុ​ម្ភ និង​ចែក​ដល់​សិស្សានុសិស្ស នៅ​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ “​អាត់​ស៊ូ​” ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​អាត់​ស៊ូ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ កាលពី​ថ្ងៃទី​២ ខែ​មិនា ឆ្នាំ​២០១៩​។​

​សៀវភៅ​រឿងនិទាន​របស់លោក ណា​កាតា អាត់​ស៊ូ​អ៊ី​តូ ចំនួន ៤៥០​ក្បាល ក្នុងចំណោម ១០០០​ក្បាល ត្រូវបាន​នាំយកទៅ​ចែក​ដល់​សិស្សានុសិស្ស (​បោះ​ពុ​ម្ភ​លើក​ទី​១ ចំនួន ៣០០០​ក្បាល​) នៅ​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ “​អាត់​ស៊ូ​” តាមរយៈ​លោក សា​កា​ហ្គូ​ជិ ណា​អុតុ អតីត​សមាជិកសភា នៃ​សភា​ជាន់​ទាប​ប្រចាំ​តំបន់​ក្នុងប្រទេស​ជប៉ុន​, លោក កុ​អ៊ិ​ជិ តា​គូ​ម៉ា ប្រធាន​សមាគម​ជនជាតិ​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ព្រមទាំង​ជា​ស្ថាបនិក និង​ជានា​យក​ប្រតិ​ប​តិ្ត​ក្រុមហ៊ុន​ឡូកូ​ម៉ូ​គ្រុប (Locomo Group Co.,Ltd) ព្រមទាំង​ក្រុមការងារ​ជាច្រើន​អ្នក​ទៀត​។​

​រឿងនិទាន​របស់លោក ណា​កាតា អាត់​ស៊ូ​អ៊ី​តូ ត្រូវបាន​និពន្ធ​ដោយ​លោក សា​កា​ហ្គូ​ជិ ណា​អុតុ ក្នុង​គោលបំណង​ដើម្បី​រំលឹក និង​អោយ​មនុស្ស​ទាំងអស់​បាន​យល់ដឹង អំពី​ជីវប្រវត្តិ​, បុគ្គលិកលក្ខណៈ​, ឥទ្ធិពល និង​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់លោក ណា​កាតា អាត់​ស៊ូ​អ៊ី​តូ ដែល​គាត់​បាន​ផ្ដល់ឱ្យ​ប្រទេស​កម្ពុជា​និង​ប្រទេស​ជប៉ុន​។​

សៀវភៅ​រឿងនិទាន​នេះ បាន​ចងក្រង​ពី​ជីវប្រវត្តិ​និង​សកម្មភាព របស់លោក ណា​កាតា អាត់​ស៊ូ​អ៊ី​តូ ដែល​បានធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា ក្នុងនាម​ជា​បុគ្គលិក​ស្ម័គ្រចិត្ត របស់​អាជ្ញាធរ​បណ្ដោះអាសន្ន អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា (​អ៊ុនតាក់​) កាលពី​ឆ្នាំ​១៩៩២ ដើម្បី​ជួយ​រៀបចំ​ការបោះឆ្នោត​នៅ​កម្ពុ​ជានា​ឆ្នាំ​១៩៩៣​។

បន្ទាប់ពី​របប​ខ្មែរក្រហម​ដែល​បានសំលាប់​ប្រជាពលរដ្ឋ​កម្ពុជា​ស្លូតត្រង់​រាប់លាន​នាក់ និង​សង្គ្រាមស៊ីវិល​ដែល​បានអូសបន្លាយ​រយៈពេល​ជាច្រើន​ឆ្នាំ​ត្រូវបាន​បញ្ចប់ កម្ពុជា​បានរៀបចំ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ជា​លើកដំបូង ដែលជា​ជំហាន​មួយ​ឆ្ពោះទៅរក​សន្តិភាព និង​ប្រជាធិបតេយ្យ​ដ៏​ពេញលេញ ក្រោម​កិច្ចសហប្រតិបត្តិការ​ពី​សំណាក់​អ៊ុនតាក់​។

ក្នុងនោះ​ក៏មាន​លោក​ណា​កាតា អាត់​ស៊ូ​អ៊ី​តូ ដែលជា​បុគ្គលិក​ស្ម័គ្រចិត្ត ដែល​បានធ្វើ​ដំណើរ​ទៅ​ខេត្តកំពង់ធំ ដែលជា​ចំនុច​សមរភូមិ​ក្ដៅ​កាលពី​ជំនាន់​នោះ ដើម្បី​ជំរុញ និង​ផ្សព្វផ្សាយ​ឱ្យ​ប្រជាជន ទៅ​ចូលរួម​បោះឆ្នោត​, អប់រំ​អ្នកបោះឆ្នោត អោយបាន​យល់ដឹង​ពី​សារប្រយោជន៍ នៃ​ការបោះឆ្នោត​។

​ជា​អុក​សល មុន​ការបោះ​ឆ្នា​ត​ប៉ុន្មាន​សប្តាហ៍ ពោលគឺ​នៅ​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​១៩៩៣ លោក​ណា​កាតា អាត់​ស៊ូ​អ៊ី​តូ ត្រូវបាន​គេ​បាញ់សម្លាប់​នៅ​អាយុ ២៥​ឆ្នាំ នៅ​ភូមិ​ជាយ​សំពៅ ក្នុង​ខេត្តកំពង់ធំ​។

ទោះបីជា​លោក​បាន​លាចាក​លោក​ក៏ពិតមែន តែ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់លោក គឺ​មិន​អត់​ប្រយោជន៍​ឡើយ ជាក់ស្តែង​នៅ​ថ្ងៃ​បោះឆ្នោត អត្រា​បោះឆ្នោត​នៅ​តំបន់ ដែល​លោក​បាន​បំពេញបេសកកម​ម្ម​នោះ មាន​ចំនួន​ច្រើន​លើសលប់​រហូតដល់​៩៩,៩% ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ដើម្បី​ផ្តល់​កិត្តិយស និង​ចងចាំ​អំពី​វីរភាព​របស់​បុរស​ជ​ន​ជាតិ​ជប៉ុន​រូបនេះ ភូមិ​ជាយ​សំពៅ ដែលជា​ទីកន្លែង​ដែល​លោក​ត្រូវបាន​គេ​បាញ់សម្លាប់​នោះ ត្រូវបាន​ប្តូរ​ជា​ឈ្មោះ​មកជា​ភូមិ “​អាត់​ស៊ូ​”​។​

លោក ណា​កាតា អាត់​ស៊ូ​អ៊ី​តូ​​ (Nakata Atsuhito)

​ម្យ៉ាងទៀត​ក៏មាន​ការចាត់ចែង​កសាង​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ “​ណា​កាតា អាត់​ស៊ូ​អ៊ី​តូ​” ព្រមទាំង​បាន​ផ្តល់ជំនួយ​ជាច្រើន​សន្ធឹកសន្ធាប់ ដល់​អ្នកភូមិ​ដែល​រស់នៅក្នុង និង​ក្បែរ​ភូមិ​នោះ ពី​សំណាក់​លោកឳពុក និង​ក្រុមគ្រួសារ​របស់លោក “​អាត់​ស៊ូ​អ៊ី​តូ​” ផងដែរ​។​

​គួរ​រំលឹក​ផងដែរ​ថា កាលពី​ឆ្នាំ​១៩៩២ លោក សា​កា​ហ្គូ​ជិ ណា​អុតុ បានមក​បំពេញបេសកកម្ម​ក្នុងនាម​ជា​បុគ្គលិក​ស្ម័គ្រចិត្ត នៃ​អាជ្ញាធរ​បណ្ដោះអាសន្ន អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា (​អ៊ុនតាក់​) ដើម្បី​ជួយ​គាំទ្រ និង​សម្របសម្រួល​ការបោះឆ្នោត​ជាស​កល នៅក្នុង​ប្រទេស​កម្ពុជា​។ កំឡុង​ពេលដែល​លោក​បាន​ចូលរួម​ហ្វឹកហាត់​ការងារ និង​សិក្សា​ភាសា​ខ្មែរ​នៅ​រាជធានី​ភ្នំពេញ​រយៈពេល​២​ខែ លោក​គឺជា​មិត្ត​រួម​បន្ទប់​ជាមួយ​លោក ណា​កាតា អាត់​ស៊ូ​អ៊ី​តូ​។ បន្ទាប់ពី​លោក​បាន​ហ្វឹកហាត់​ការងារ និង​សិក្សា​ភាសា​ខ្មែរ​នៅ​រាជធានី​ភ្នំពេញ​រួចមក លោក​បាន​បម្រើការ​ជា​អ្នកសង្កេតការណ៍​បោះឆ្នោត ជាមួយនឹង​លោក ណា​កាតា អាត់​ស៊ូ​អ៊ី​តូ​។ ក្រោយមក​លោក​ក៏បាន​ចូលរួម​សកម្មភាព​កសាង​សន្តិភាព ដូចជា​សកម្មភាព​ឃ្លាំមើល​ការបោះឆ្នោត នៅក្នុង​បណ្តា​ប្រទេស​ជុំវិញ​ពិភពលោក​។

​ចាប់ពី​ឆ្នាំ ២០០៩ ដល់​ឆ្នាំ ២០១៤ លោក​ជា​សមាជិកសភា​នៃ​សភា​ជាន់​ទាប ប្រចាំ​តំបន់​ក្នុងប្រទេស​ជប៉ុន​។ ក្រោយពី​ពេលដែល​បេសកកម្ម​អ៊ុនតាក់​នៅក្នុង​ប្រទេស​កម្ពុ​ជា​ត្រូវបាន​បញ្ចប់ លោក​នៅតែ​បន្ត​ជាប់​ពាក់ព័ន្ធ ក្នុងការ​ត្រួតពិនិត្យ​ការបោះឆ្នោត​នៅ​កម្ពុជា រហូតមកដល់​បច្ចុប្បន្ន​នេះ​ផងដែរ​។​

​សៀវភៅ​រឿងនិទាន​នេះ ត្រូវបាន​សរសេរ​ជា​ភាសា​ជប៉ុន និង​ភាសា​ខ្មែរ សម្រាប់​ថ្នាក់​ភាសា​ភាសា​ជប៉ុន ដែល​បានចាប់ផ្ដើម​វគ្គ​សិក្សា​នៅ​សាលា​ខាងលើនេះ កាលពី​ឆ្នាំ​២០០៨​មក​ម្លេះ ដោយមាន​ការឧបត្ថម្ភ​ពី សហជីព​សាគូ​រ៉ាណែត​វក​ស៊ី​ស្ទែ​ម​, ក្រុមហ៊ុន​ឡូកូ​ម៉ូ​គ្រុប (SAKURA NETWORK SYSTEM) និង​សម្របសម្រួល​ការបោះពុម្ព​ផ្សាយ ពី​សំណាក់​ក្រុមហ៊ុន ក្រុមហ៊ុន​ឡូកូ​ម៉ូ​គ្រុប (Locomo Group Co.,Ltd.)៕ ​