ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម ចុះ​ហត្ថលេខា​ជាមួយ Wing ដើម្បី​សម្រួល​ដល់​ការបង់ប្រាក់​ដើម និង​ការប្រាក់​ពី​អតិថិជន

811

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចុះហត្ថលេខាលើអនុស្សារណៈចំនួនពីរ ជាមួយធនាគារឯកទេស វីង  (ខេមបូឌា) លីមីតធីត និងជាមួយក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី។ ពិធីចុះហត្ថលេខាបានប្រព្រឹត្តទៅក្រោមវត្តមានលោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, លោក  Manu Rajan អគ្គនាយកនៃធនាគារឯកទេសវីង និងមានការអញ្ជើញចូលរួមផងដែរពីមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា កំណើនអតិថិជនដែលទទួលបានឥណទានពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មានកំណើនពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសឥណទានខ្នាតតូច ដែលបានផ្តល់ជូនដល់ប្រជាកសិករនៅជនបទ ដោយអត្រាការប្រាក់ទាប មានចំនួនកាន់តែច្រើន។ អាស្រ័យហេតុនេះ ដើម្បីសម្រួលដល់ការបង់ប្រាក់ដើម និងការប្រាក់ របស់អតិថិជនមកកាន់ធនាគារ ឱ្យកាន់តែងាយស្រួលជាងមុន  ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានព្រមព្រៀងចុះហត្ថលេខាជាមួយធនាគារឯកទេសវីង ក្នុងគោលបំណងសំខាន់គឺ៖

-ផ្តល់សេវាទូទាត់អេឡិចត្រូនិច តាមរយៈធនាគារ វីង ដើម្បីសម្រួលឱ្យអតិថិជនរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បង់សងប្រាក់ដើម និងការប្រាក់សងត្រឡប់មកធនាគារវិញទាន់ពេល។

-ផ្តល់សុវត្ថិភាព និងភាពរហ័សទាន់ចិត្ត កាត់បន្ថយការចំណាយពេលវេលា ការធ្វើដំណើរ ហូបចុក ស្នាក់នៅរបស់អតិថិជន នៅពេលគាត់ត្រូវមកបង់ប្រាក់ដើម ឬការប្រាក់នៅធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

-ជំរុញអតិថិជនរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ងាកមកប្រើប្រាស់សេវា Digital Banking ស្របតាមនិន្នាការនយោបាយរបស់រាជរដ្ឋាភិបាល (Digital Economy)។

បន្ទាប់ពីពិធីចុះលេខាលើកិច្ចព្រមព្រៀងរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តំណាងដោយលោក កៅ ថាច  ជាមួយធនាគារឯកទេស វីង  (ខេមបូឌា) លីមីតធីត តំណាងដោយលោក Manu Rajan រួចមក, ធនាគារអភិឌ្ឍន៍ជនបទ និងកសិកម្ម  ក៏បានចុះអនុស្សារណៈយោគយល់គ្នារវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តំណាងដោយលោកអគ្គនាយករង ចាន់ សីហា  ជាមួយ លោក ឡែម ចាន់សំរេច តំណាងក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី ផងដែរ។

ការចុះអនុស្សារណៈរវាង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) និង ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី ក្នុងគោលបំណងដើម្បី៖

-ផ្តល់កិច្ចសហប្រតិបត្តិការជួយផ្តល់ព័ត៌មានពីអ្នកខ្ចីប្រាក់ និងការធានាសងបំណុលជំនួស ម្ចាស់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម (SME) ។

-ជួយដល់ SME ដែលខ្វះទ្រព្យធានាបំណុលអាចទទួលបានឥណទានបន្ថែមសម្រាប់ពង្រីកអាជីវកម្ម។

-បង្កើនទំនាក់ទំនង រវាង SME និង តភ្ជាប់តួអង្គ អ្នកផលិត អ្នកកែច្នៃ និងអ្នកប្រមូលទិញ ទៅ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មសម្រាប់ជាមូលដ្ឋានវាយតម្លៃលើការផ្តល់ឥណទាន។ ល។

ថ្លែងក្នុងពិធីនោះ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានលើកឡើងពីការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីវិធានការបន្ថែសំដៅជួយដល់វិស័យឯកជន និងកម្មករនិយោជិត ដែលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ និងវិធានការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចក្រោយវិបត្តិនៃជំងឺនេះ។ ក្នុងនោះ មានកែសម្រួលកម្មវិធីហិរញ្ញប្បទានពិសេស ៥០លានដុល្លារអាមេរិក តាមរយៈ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) ដោយពង្រីកវិសាលភាពគ្របដណ្តប់ និង កែសម្រួលលក្ខខណ្ឌឥណទាន ដូចខាងក្រោម ៖

–  បន្ថយអត្រាការប្រាក់សម្រាប់កម្ចីទុនបង្វិល (Working Capital) ពី ៦% មក ៥% និង សម្រាប់ទុនវិនិយោគ ពី ៦,៥% មក ៥,៥% ដោយមិនគិតកម្រៃសេវាផ្សេងៗ។

–  កែសម្រួលរយៈពេលឥណទានអតិបរមាពី ៥ ឆ្នាំ ទៅ ៧ ឆ្នាំសម្រាប់ទុនវិនិយោគ ខណៈរក្សាទុក រយៈពេលខ្ចី អតិបរមា ២ ឆ្នាំ សម្រាប់ទុនបង្វិល។

– បន្តមិនអនុញ្ញាតឱ្យអតិថិជនដែលទទួលកម្ចីនៅក្នុងកម្មវិធីពិសេសនេះ យកកម្ចីទៅប្រើប្រាស់ធ្វើ បុនហិរញ្ញប្ប-ទាន (Refinancing)។

– ផ្តល់ភាពទន់ភ្លន់លើលក្ខខណ្ឌចុះបញ្ជី ដែលក្នុងនោះ សហគ្រាសធុនតូច និង មធ្យម ដែលមិន ទាន់ចុះបញ្ជីផ្លូវការ អាចដាក់ពាក្យស្នើសុំឥណទានបាន ដោយបំពេញលក្ខខណ្ឌចុះបញ្ជីតាម ក្រោយ ក្នុងរយៈពេល ១ ខែ បន្ទាប់ពីទទួលបានឥណទាន។

– កែសម្រួលលក្ខខណ្ឌតម្រូវឱ្យ “សហគ្រាសធុនតូច និង មធ្យម បង្កើតឱកាសការងារថ្មីចាប់ពី ៥ នាក់ឡើងទៅ” ទៅជា “លើកទឹកចិត្តឱ្យសហគ្រាសធុនតូច និង មធ្យម ដែលទទួលបានឥណទាន ខិតខំបង្កើតឱកាសការងារថ្មី”។

សូមបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានទទួលគម្រោងហិរញ្ញប្បទានពិសេសជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាល ដើម្បីផ្តល់ឥណទានមានការប្រាក់ទាប គំាទ្រដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកែច្នៃផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម សហគមន៍កសិកម្ម ក្រុមអ្នកផលិត និងម្ចាស់កសិដ្ឋានខ្នាតមធ្យម-ធំ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវ៉ាក់ផលិតកម្មក្នុងវិស័យកសិកម្ម ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូល៕