ជប៉ុន អះអាង បន្ត​ជួយកម្ពុជា ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ១៩ និង​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ

555

ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអះអាងថា ប្រទេសជប៉ុន នឹងបន្តផ្តល់ជំនួយបច្ចេកទេស, ហិរញ្ញប្បទានឥតសំណង ជាពិសេស ប្រាក់កម្ចីឥណទានសម្បទាន សម្រាប់ជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ-១៩ និងស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ។

ការអះអាងនេះ បានធ្វើឡើងក្នុងជំនួបរវាងលោក Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងលោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៧ ខែឧសភា នាទីស្តីការក្រសួង។

លោក MIKAMI Masahiro បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់វិធានការយ៉ាងល្អប្រសើរក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ។

លោកឯកអគ្គរាជទូត ក៏បានជម្រាបអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ដែលបាននាំមកនូវសមិទ្ធផលប្រកបដោយផ្លែផ្កាជាច្រើន ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន ។ ផ្អែកតាមស្មារតីនៃកិច្ចប្រជុំកំពូលអាស៊ាន+៣ ស្តីពីជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ កន្លងទៅ រដ្ឋាភិបាលជប៉ុន បានបង្ហាញនូវជំហរជួយដល់បណ្តាប្រទេសក្នុងតំបន់អាស៊ាន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ។ ជាក់ស្តែង ក្នុងពេលដ៏ឆាប់ខាងមុខនេះ រដ្ឋាភិបាលជប៉ុន គ្រោងនឹងបន្តផ្តល់នូវហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងចំនួនពីរ មានទឹកប្រាក់សរុបប្រមាណ ២ ៥០១ លានយ៉េនជប៉ុន ត្រូវជាប្រមាណ ២២,៧៣ លានដុល្លារអាមេរិក សម្រាប់គាំទ្រដល់វិស័យអប់រំ និងសុខាភិបាលកម្ពុជាផងដែរ ។

ជាការឆ្លើយតប លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយបច្ចេកទេស ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា រហូតមក ជាពិសេស ចំពេលដែលកម្ពុជា ក៏ដូចជា ពិភពលោកកំពុងតែជួបវិបត្តិ និងការរាលដាលនៃជំងឺកូវីដ១៩, រាជរដ្ឋាភិបាលជប៉ុន គ្រោងនឹងផ្តល់នូវហិរញ្ញប្បទានឥតសំណងទឹកប្រាក់ប្រមាណ ២ ០០០ លានយ៉េនជប៉ុន ត្រូវជាប្រមាណ ១៨ លានដុល្លារ អាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ជាឧបករណ៍ សម្ភារ និងបរិក្ខារពេទ្យជូនក្រសួងសុខាភិបាល សម្រាប់ទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា ។

ជាមួយគ្នានេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានជម្រាបជូនលោក MIKAMI Masahiro ផងដែរ អំពីវិធានការបន្ទាន់ៗបន្តបន្ទាប់ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញសំដៅជួយដល់វិស័យឯកជន កម្មករ-និយោជិត និងជនងាយរងគ្រោះ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរក្នុងអំឡុងពេលជំងឺកូវីដ-១៩នេះ ក៏ដូចជាដើម្បីស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ បន្ទាប់ ពីវិបត្តិនៃជំងឺនេះ ដែលមកដល់បច្ចុប្បន្ន វិធានការទាំងនោះ បានឈានដល់វិធានការជុំទី ៤ ហើយ៕