​កម្ពុជា បន្ថយ​អត្រា​ការប្រាក់ ១ ភាគរយ​ទៀត សម្រាប់​សហគ្រាស​ធុនតូច និង​មធ្យម​ក្នុង​វិស័យកសិកម្ម

69

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្ថយអត្រាការប្រាក់ ១ភាគរយទៀត នៃកញ្ចប់ថវិកាពិសេសទំហំ ៥០លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ និងកសិកម្ម ដែលផ្តល់ឱ្យ សម្រាប់សហ​គ្រាសធុនតូច និងមធ្យម (SMEs) នៅក្នុងវិស័យកសិកម្ម ពោលគឺបន្ថយអត្រាការប្រាក់សម្រាប់កម្ចីទុនបង្វិលពី ៦% មក ៥% និងសម្រាប់ទុនវិនិយោគពី ៦,៥% មក ៥,៥% ដោយមិនគិតកម្រៃសេវាផ្សេងៗ។

ការម្រេចនេះ គឺតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាល ស្តីពីវិធានការបន្ថែមសំដៅជួយដល់វិស័យឯកជន និងកម្មករ-និយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាល ដាលនៃជំងឺកូវីដ១៩ និងវិធានការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្រោយវិបត្តិនៃជំងឺនេះ ជុំទី៤ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។

ព្រមជាមួយគ្នានោះដែរ ការបន្ថយការប្រាក់ចំនួន ១ ភាគរយទៀតនេះ មានន័យថា ម្ចាស់សហគ្រាសដែលខ្ចីឥណទានពិសេសនេះ យកទៅធ្វើជាទុនបង្វិល ត្រូវចុះពី ៦ភាគរយ មកនៅ ៥ភាគរយ ចំណែកម្ចាស់សហគ្រាសដែលខ្ចីប្រាក់សម្រាប់យកទៅវិនិយោគ គឺចុះពីការប្រាក់ ៦,៥ភាគរយ មកនៅត្រឹម ៥,៥ភាគរយវិញ។ ក្រៅតែពីការទម្លាក់អត្រាការប្រាក់ រាជរដ្ឋាភិបាល ក៏បានទុកលទ្ធភាពឱ្យម្ចាស់សហគ្រាសដែលខ្ចីប្រាក់យកធ្វើជាទុនបង្វិល មានរយៈរហូតដល់៧ឆ្នាំ។ ប៉ុន្តែចំពោះម្ចាស់សហគ្រាសដែលខ្ចីប្រាក់សម្រាប់វិនិយោគវិញ គឺនៅតែរក្សារយៈពេលខ្ចីយ៉ាងយូរ ២ឆ្នាំដដែល។

បើតាមលោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិម្ម បានលើកឡើង ថា ម្ចាស់សហគ្រាសនីមួយៗ អាចមានលទ្ធភាពទទួលបានឥណទានក្នុងកញ្ចប់ថវិការដ្ឋ ៥០លានដុល្លារអាមេរិកនេះ បានត្រឹម ៣០ម៉ឺនដុល្លារ។ ប៉ុន្តែ បច្ចុប្បន្ន រាជរដ្ឋាភិបាល សម្រេចពង្រីកវិសាលភាពនៃការផ្តល់ឥណទាននេះ ដល់បណ្តុំសហគ្រាសធុនតូច និងមធ្យម ដោយលើកទឹកចិត្តចំពោះ SME ណាដែលពាក់ព័ន្ធ ឱ្យប្រើប្រាស់សេវាបច្ចេកទេសរបស់មជ្ឈមណ្ឌលសហគ្រិនខ្មែរ ដើម្បីសម្រួលដល់ការទទួលបានឥណទាននេះ។

សូមបញ្ជាក់ថា សេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាល គឺបានកែសម្រួលលើវិធានការផ្តល់ហិរញ្ញប្បទានសម្រាប់អាជីវកម្ម កាលពីថ្ងៃទី ១៦មីនា ឆ្នាំ២០២០ ដែលរាជរដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកា ៥០លានដុល្លារ សម្រាប់ជួយដោះស្រាយបញ្ហាវិនិយោគរបស់ SME ដែលធ្វើការលើវិស័យកសិកម្ម ក្នុងអំឡុងវិបត្តិកូវីដ-១៩៕

អត្ថបទ៖ ចេង ឆហួត