ក្រសួង​ពាណិជ្ជកម្ម និង​ក្រុមហ៊ុន​ឯកជន សហការ​គ្នា​អភិវឌ្ឍន៍ ​ខ្សែច្រវាក់​តម្លៃ ​ផលិតផល​កសិ-ពាណិជ្ជកម្ម​ បន្លែ​សុវត្ថិភាព

559

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងគម្រោង ជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS) ជាមួយនឹងក្រុមហ៊ុន ខេ.ស៊ី.ស៊ី.វី ផ្លេនថេសិន ខូអិលធីឌី (K.C.C.V PLANTATION CO., LTD) ស្តីពីការអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មបន្លែសុវត្ថិភាព។

ពិធីចុះហត្ថលេខា​ បានធ្វើឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមវត្តមានលោក ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ដៃគូរអភិវឌ្ឍន៍ ក្រុមកសិករផលិតបន្លែសុវត្ថិភាព ព្រមទាំងក្រុមការងារគម្រោងជាច្រើនរូប។

បើតាមលោក ប៉ាវ ហេងតារា បានឱ្យដឹងថា ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមក្នុងវិស័យបន្លែ ក្រសួងពាណិជ្ជកម្ម ដែលដឹកនាំប្រតិបត្តិគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច បានបង្កើតចង្កោមកសិករផលិតបន្លែសុវត្ថិភាព តាមខេត្តគោលដៅចំនួន១៨ ដើម្បីតភ្ជាប់ទីផ្សារ និងសម្របសម្រួលភាពជាដៃគូវិស័យសាធារណៈ-ឯកជន ដើម្បីលើកកម្ពស់ផលិតភាព និងផលចំណេញលើវិស័យបន្លែ។

លោករដ្ឋលេខាធិការបន្តថា អនុស្សារណៈយោគយល់គ្នានេះ នឹងបង្កើនកិច្ចសហការគ្នាកាន់តែស៊ីជម្រៅរវាងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច និងផ្សារទំនើប និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មបន្លែសុវត្ថិភាព ជាពិសេសជួយសម្របសម្រួលដល់ក្រុមផលិតបន្លែសុវត្ថិភាព ដោយគាំទ្រផែនការផលិតបន្លែ និងតភ្ជាប់ទីផ្សារ។

លោករដ្ឋលេខាធិការ បានបន្ថែមទៀតថា គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច គឺជាគម្រោងរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ហើយត្រូវបានដឹកនាំប្រតិបត្តិដោយក្រសួងពាណិជ្ជកម្ម និងមានគោលដៅលើកស្ទួយវិបុលភាពកសិករខ្នាតតូចកម្ពុជា តាមរយៈបង្កើនផលចំណេញកាន់តែច្រើនដោយតភ្ជាប់កសិ-ពាណិជ្ជកម្ម និងទីផ្សារ។ គម្រោងនេះ ប្រតិបត្តិការនៅ ១៨ខេត្ត និងអន្តរាគមន៍លើខ្សែច្រវាក់តម្លៃទំនិញពាណិជ្ជចំនួន៥ ដូចជា បន្លែ មាន់ស្រែ ស្រូវ ដំឡូងមី និងសូត្រឆៅ។

លើសពីនេះ គម្រោងសម្របសម្រួលវេទិកាពហុភាគីពាក់ព័ន្ធជាមួយតួអង្គខ្សែច្រវាក់តម្លៃបន្លែ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យនេះ ដូចជា បច្ចេកទេសដាំដុះ ការធ្វើផែនការហិរញ្ញវត្ថុនិងអាជីវកម្ម ប្រព័ន្ធស្រោចស្រព ឥណទាន និងទីផ្សារ។ ថ្មីៗនេះ គម្រោងបានសហការជាមួយក្រុមហ៊ុន ខេ.ស៊ី.ស៊ី.វី ផ្លេនថេសិន ខូអិលធីឌី ដែលបង្កើតផ្សារទំនើបនៅរាជធានីដើម្បីភ្ជាប់ក្រុមកសិករផលិតបន្លែសុវត្ថិភាពពីសហគមន៍ផលិតផ្ទាល់មកដល់រាជធានីភ្នំពេញ។

គួរកត់សម្គាល់ថា គោលដៅសំខាន់ៗនៃអនុស្សារណៈយោគយល់គ្នានេះ រួមមាន កំណត់រកឱកាសសម្រាប់សកម្មភាពរួមគ្នា និងធ្វើជាដៃគូរយុទ្ធសាស្រ្តសម្រាប់ដោះស្រាយបញ្ហាប្រឈមក្នុងបរិបទនៃផលិតកម្មកសិ-ពាណិជ្ជកម្ម និងបញ្ហាទីផ្សារ និងលើកកម្ពស់មុខទំនិញ / ផលិតផលកសិ-ពាណិជ្ជកម្មនៅមូលដ្ឋានតាមរយៈប្រព័ន្ធទីផ្សារទំនើប និងការតភ្ជាប់ទីផ្សារ ដើម្បីគាំទ្រដល់កសិករផលិតនៅមូលដ្ឋាន៕